ភ្នំពេញៈ ខណៈ​ប្រទេស​កម្ពុជា​រំពឹងថា​នឹង​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា ៧ ​ភាគរយ​​​ វា​បានផ្តល់​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ការទទួល​បាន​កំណើន​រឹងមាំ​ផងដែរ​។

ទិន្នន័យ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង ១៩,២ ភាគរយ​ ដល់ ៤៤,៨ ​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំនេះ​។

ឥណទាន​ក្នុង​វិស័យនេះ​បាន​កើនឡើង ២២,៤ ភាគរយ ​ដល់ ២៧,៧ ​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំនេះ​។ ប្រាក់កម្ចី​សរុប​សម្រាប់​វិស័យ​ធនាគារ​មាន​ចំនួន ២១,៥ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​នៅ​ស្ថាប័ន​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ៦,២ ​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំនេះ​។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​ជួបពិភាក្សា​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ដំណើរ​វិវឌ្ឍន៍​ទៅ​នៃ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​ឆ្នាំនេះ​។

តើ​លោក​មើលឃើញ​អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាងដូចម្តេច​ដែរ​សម្រាប់​ឆ្នាំនេះ​? ហើយ​វិស័យ​ធនាគារ​វិញ​យ៉ាងដូចម្តេច​ដែរ​?

រហូត​មកដល់​ពេលនេះ​ក្នុង​ឆ្នាំ​ ២០១៩ ការសង្កេត​របស់​យើង​លើ​សេដ្ឋកិច្ច​កម្ពុជា​នៅតែមាន​ភាព​វិជ្ជមាន​ហើយ​ការព្យាករ​កំណើន​មាន​ជាង ៧​ ភាគរយ​។ លំហូរ​ទុនវិនិយោគ​ពី​ក្រៅ​ប្រទេស (FDI) មក​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រឹងមាំ​។ លើសពី​នេះ​ទៀត​កំណើន FDI ជា​បណ្តើរៗ​ពី​កូរ៉េ និង​ជប៉ុន​ផ្តល់​នូវ​ទស្សនវិស័យ​វិជ្ជមាន​ទៅលើ​កំណើន​រយៈពេល​វែង​។ កំណើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​ការវិនិយោគ​ពី​វិស័យ​ឯកជន​ក៏​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​។

ជាទូទៅ​វិស័យ​ធនាគារ​ហាក់ដូចជា​ទទួល​បាន​ការរីកចម្រើន​ឥតឈប់ឈរ ទាំង​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព និង​ការកើនឡើង​នៃ​ក្រុម​វណ្ណៈ​កណ្តាល​។

យោងតាម​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ប្រជាជន​ក្នុង​វណ្ណៈ​កណ្តាល (​មាន​ប្រាក់ចំណូល​គ្រួសារ​ជាង ​៤០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​) បាន​កើនឡើង​ដល់​ចំណែក​ ៥៥ ​ភាគរយ​នៅ​ឆ្នាំនេះ​ពី ៣៥ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៦​។ តម្រូវការ​ហិរញ្ញប្បទាន​ពី​ក្រុម​វណ្ណៈ​កណ្តាល​ទាំងនោះ​រួម​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​កំពុង​តែ​ទទួលបាន​ភាពខ្លាំង​ទៅលើ​តម្រូវការ​លំនៅឋាន ទំនិញ​​ប្រើប្រាស់​ប្រចាំថ្ងៃ និង​តម្រូវការ​សម្រាប់​ការវិនិយោគ​។

ជាមួយ​គ្នា​នេះ​ដែរ​ធនាគារ PPCBank​ របស់​យើង​គឺ​រក្សា​បាន​នូវ​កំណើន​ដ៏រឹងមាំ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៦ នៅពេល​ដែល​ម្ចាស់​ភាគហ៊ុន​ថ្មី​បាន​ចូលមក​កាន់កាប់ រហូត​ដល់​ឆ្នាំ ២០១៩ ​នេះ​។ ចំនួន​ឥណទាន​ធនាគារ​សរុប​ត្រូវ​បាន​គេ​រំពឹងថា នឹង​កើនឡើង​ជាង​ ២០ ​ភាគរយ​សម្រាប់​ឆ្នាំនេះ​បើ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​ភាគច្រើន​គឺ​កំណើន​ខ្លាំង​ជាង​មុន​ដែល​កំណើន​ភាគច្រើន​ទៅក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម​។

បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​សម្ពាធ​លើ​ការដក​ការអនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ដែល​កំពុង​គំរាមកំហែង តើ​បញ្ហា​នេះ​អាច​ជា​ការរំខាន ឬ​ប៉ះពាល់​ដល់​សកម្មភាព​ប្រតិបត្តិការ​វិស័យ​ធនាគារ​ទាំងមូល​ទេ​?

ដោយសារ​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ដូច្នេះ​ការដក EBA ប្រសិន​បើ​វា​កើតឡើង ពិតណាស់​វា​នឹង​ផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​។ លំហូរ​វិនិយោគ​យ៉ាងគំហុក​ពី​ប្រទេស​ចិន​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ផងដែរ​។ ទោះយ៉ាងណា ហានិភ័យ​ទាំងនោះ​ធ្លាប់​កើតមាន​រួចហើយ​នៅក្នុង​វិស័យ​ធនាគារ​ដែល​ទាំង​វិស័យ​ឯកជន និង​សាធារណៈ​ត្រូវ​រៀបចំ​ខ្លួន​បង្ការ​ចំពោះ​ហានិភ័យ​នោះ​។

សម្រាប់​ធនាគារ PPCBank ក៏បាន​រៀបចំ​ផែនការ​ផ្អែកលើ​សេណារីយ៉ូ​ផ្សេងៗ និង​ប្រភព​ផ្តល់​មូលនិធិ និង​ការបង្ការ​ផ្សេង​។ បើតាម​ការពិត​ទៅ​ផលប៉ះពាល់​នៃ​ហានិភ័យ​ទាំងនោះ​នឹង​មិន​កើតឡើង​ភ្លាមៗ និង​ដោយផ្ទាល់​ចំពោះ​វិស័យ​ធនាគារ​ទេ ដែល​អាច​ធ្វើឲ្យ​ទាំង​វិស័យ​ឯកជន និង​សាធារណៈ​ចាត់វិធានការ​ទប់ទល់​ជាមុន​។

ជា​ទស្សនៈ​វែងឆ្ងាយ និង​ជា​មូលដ្ឋាន​របស់​យើង​គឺ​យើង​អាច​ចាត់ទុក​ថា​វា​ជា​ឱកាស​ដ៏ល្អ​មួយ​ក្នុងការ​កម្រិត​សមត្ថភាព​ប្រកួតប្រជែង​សកល​របស់​ជាតិ​។ យ៉ាងណាមិញ​ការនាំចេញ​របស់​កម្ពុជា​មិនអាច​ពឹងផ្អែក​តែ​ទៅលើ EBA ជា​រៀងរហូត​នោះទេ ដោយសារ​វា​នឹង​ត្រូវ​ដក​វិញ​នាពេល​អនាគត​។

ដូច​ដែល​ខ្ញុំ​បាន​សង្កេតឃើញ​មួយរយៈ​កន្លងមក​ការជំរុញ​កែលម្អ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ដូចជា ផ្លូវថ្នល់ ផ្លូវដែក ការបង្កើន​ការផ្គត់ផ្គង់​ថាមពល​ជាដើម​។​ល​។

តើ​ធនាគារ​របស់​អ្នក មាន​ផែនការ​ពង្រីក​សម្រាប់​ឆ្នាំក្រោយ​ទេ​? ហេតុអ្វី​បានជា​អ្នក​សម្រេចចិត្ត​ធ្វើ​ដូច្នេះ​ ខណៈពេល​ភាពតានតឹង​ផ្នែក​សេដ្ឋកិច្ច​នៅតែមាន​?

នៅពេល​ដែល​ទីផ្សារ​ទាំងអស់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេងៗ​មាន​ការរីកចម្រើន​លឿន យើង​នឹង​បន្ត​បង្កើន​បណ្តាញ​របស់​យើង​ទាំង​ផ្នែក​ឌីជីថល និង​រូបវន្ត​។ យើង​បាន​បើក​សាខា​ចំនួន​ ៣ នៅ​ឆ្នាំ​នេះ​ហើយ​គ្រោង​នឹង​បើក​បន្ថែម​ទៀត​នៅ​ឆ្នាំក្រោយ​។ នៅ​ខែមីនា​ឆ្នាំ ២០១៩ យើង​បាន​បើក​សាខា​មួយ​នៅ​ខណ្ឌ​សែនសុខ​ដែល​ជា​តំបន់​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​នៅពេល​យើង​បើក​សាខា​នៅ​ទីនោះ យើង​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​របៀប​ដែល​អតិថិជន​របស់​យើង​បាន​កើនឡើង​យ៉ាង​លឿន​នៅ​ទីនោះ​។

នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​នេះ​យើង​បើក​សាខា​នៅ​តាម​ផ្លូវ​ម៉ៅសេទុង​ដែល​សាខា​នេះ​មាន Gold Club ជា​កន្លែង​វីអាយភី​សម្រាប់​ផ្នែក​ធនាគារឯកជន និង​មាន​ការរិយាល័យ​សម្រាប់​ភាសា​ចិន​ដែល​នឹង​បម្រើ​អតិថិជន​និយាយ​ភាសា​ចិន​កុកងឺ​។ ដូច​នៅ​សាខា ៣ ​ផ្សេងទៀត​ដែរ សាខា​ម៉ៅសេទុង​ក៏នឹង​មាន​ហាង​កាហ្វេ​នៅ​ខាងក្នុង​សាខា​ផងដែរ​។

នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែ​ធ្នូ​នេះ យើង​នឹង​បើក​សាខា​នៅ​ផ្សារ​ហេងលី​។ ចំណុច​ពិសេស​នៃ​សាខា​នោះ​គឺជា​មជ្ឈមណ្ឌល​សហគ្រាស​ធុន​តូច និង​មធ្យម​ដំបូង​គេ​របស់​យើង​។ យើង​កំពុង​បើក​មជ្ឈមណ្ឌល​នេះ​ជាមួយ​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​។

គោលដៅ​របស់​យើង ​គឺ​ដើម្បី​បង្កើត​កន្លែង​មួយ​ដែល​មាន​ច្រកចេញចូល​តែមួយ​ដែល​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​មិន​ត្រឹមតែ​អាច​បំពេញ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​បាន​ការប្រឹក្សា​យោបល់​អំពី​ការយកពន្ធ ការចុះបញ្ជី​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ផង​។

សម្រាប់​បណ្តាញ​ឌីជីថល កម្មវិធី​ទូរស័ព្ទ​ចល័ត និង​សេវាកម្ម​ធនាគារ​តាម​អ៊ីនធឺណិត​របស់​យើង​ក៏​នឹងត្រូវ​បាន​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ ដែល​នឹង​ផ្តល់នូវ​សេវាកម្ម​រហ័ស​ទាន់ចិត្ត និង​មាន​ភាពចម្រុះ​បម្រើ​ជូន​ដល់​អតិថិជន​របស់​យើង​តាមរយៈ​ប្រតិបត្តិការ​ឌីជីថល និង​នៅតាម​សាខា​នានា​៕