ភ្នំពេញៈ លោក Muhammad Yunus អ្នកទទួលបានជ័យលាភីណូបែលដែលត្រូវបានគេចាត់ទុកថា ជាបិតាស្ថាបនិកផ្នែកមីក្រូហិរញ្ញវត្ថុបានធ្វើបទបង្ហាញមួយនៅ ភ្នំពេញ កាលពីថ្ងៃពុធ ដើម្បីចាប់ផ្ដើមគិតអំពីការបង្កើតអ្វីមួយដែលគេហៅថា ពាណិជ្ជកម្មសង្គម។
លោក Yunus ដែលទទួលបានពានរង្វាន់សន្ដិភាពកាលពីឆ្នាំ ២០០៦ សម្រាប់ស្នាដៃរបស់លោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្របានលើកឡើងថា៖ «ប្រាក់សប្បុរសធម៌ដែលចំណាយហើយនិងការងារដ៏អស្ចារ្យនេះវាមិនបានមកវិញទេ ប៉ុន្តែបើវាក្លាយជាការវិនិយោគវិញ ប្រាក់ដែលចំណាយនឹងបានមកវិញ។ វាក្លាយជាមានឥទ្ធិពលដ៏អស្ចារ្យ»។
លោក Yunus អាយុ ៧០ឆ្នាំ បានមក ភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការ Danone ជាពាណិជ្ជកម្មសង្គមមួយបានភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនទឹកដោះគោដ៏ធំឈ្មោះ Danone ជាក្រុមហ៊ុនពហុជាតិមានមូលដ្ឋាននៅប្រទេស បារាំង។
សមាជិកអង្គការមិនមែនរដ្ឋាភិបាល និស្សិត និងសមាជិកសហគមន៍ពាណិជ្ជកម្មបានប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដើម្បីស្ដាប់សុន្ទរកថារបស់លោក។
លោក Yunus ដែលបានទទួលសញ្ញាបត្របណ្ឌិតខាងសេដ្ឋកិច្ចបានបង្រៀននៅ អាមេរិក រយៈពេលខ្លីនៅមុនពេលត្រឡប់ទៅប្រទេស បង់ក្លាដែស ដើម្បីធ្វើការងារនៅសាកលវិទ្យាល័យ Chittagong ក្នុងឆ្នាំ ១៩៧២។
នៅឆ្នាំ ១៩៨៣ លោកបានបង្កើតធនាគារ Grameen Bank ដែលផ្ដល់សេវាកម្ចីខ្នាតតូចឲ្យអ្នកក្រីក្រក្នុងប្រទេស បង់ក្លាដែស។ សព្វថ្ងៃ ធនាគារនេះមានអតិថិជន ៨ លានកន្លះហើយម៉ូដែលផ្ដល់កម្ចីខ្នាតតូចរបស់ធនាគារ Grameen កំពុងប្រតិបត្តិការទូទាំងប្រទេស។
ការពិពណ៌នាពីវិធីសាស្រ្ដជាមូលដ្ឋានរបស់លោកដល់អ្នកចូលរួមលោក Yunus ថ្លែងថា លោកសម្លឹងមើលទៅរបៀបដែលធនាគារជាច្រើនបានធ្វើការហើយពិតជាបានធ្វើផ្ទុយនឹងវិធីសាស្ដ្រនេះគឺ «ប្រជាជនមិនគួរទៅរកធនាគារនោះទេ»។ លោកបន្តថា៖ «ធនាគារគួរតែទៅរកប្រជាជនវិញ»៕