
កម្មការិនី ធ្វើការក្នុងរោងចក្រកាត់ដេរមួយ។
ភ្នំពេញៈ លំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាបានមើលឃើញពីកំណើនដ៏រឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៨ ដែលជំរុញដោយកំណើននៃលំហូរចូលមូលនិធិនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ទោះបីជាវិស័យកសិកម្ម និងកាត់ដេរបានធ្លាក់ចុះក៏ដោយ។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ NBC បង្ហាញថាលំហូរចូល FDI សរុបមកកម្ពុជានៅឆមាសទី ១ ឆ្នាំនេះមានចំនួន ១,៣២ ពាន់លានដុល្លារកើនឡើង ១៤ ភាគរយធៀបនឹង ១,១៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ NBC បានឲ្យដឹងថា៖ «វិស័យធនាគារ និងអចលនទ្រព្យបានមើលឃើញពីលំហូរចូលដ៏រឹងមាំនៃទុនវិនិយោគបរទេស ខណៈវិស័យឧស្សាហកម្ម និងកសិកម្មបានធ្លាក់ចុះ»។
របាយការណ៍ NBC បន្ថែមថាលំហូរចូល FDI នៅក្នុងវិស័យកាត់ដេរក៏បន្តធ្លាក់ចុះដែរ ប៉ុន្តែមានកំណើននៅក្នុងវិស័យមិនមែនកាត់ដេរដូចជាក្រុមហ៊ុនដំឡើង និងផលិតគ្រឿងអេឡិចត្រូនិកជាដើម។ ទោះបីយ៉ាងនេះក្តីរបាយការណ៍របស់ NBC មិនបានបែងចែកពីចំនួន FDI ទៅតាមផ្នែកនីមួយៗនោះទេ។
របាយការណ៍នេះបង្ហាញថា វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែជាវិស័យគួរឲ្យទាក់ទាញក្រុមវិនិយោគបរទេសមកពីបណ្ដាប្រទេសអាស៊ីភាគច្រើន រួមមានប្រទេសចិនដីគោក ទីក្រុងហុងកុង សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងម៉ាឡេស៊ី។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា វាជានិន្នាការមួយគួរឲ្យស្វាគមន៍ដែលលំហូរចូល FDI នៅតែបន្តកើនឡើងក្នុងអំឡុងពេលដែលប្រទេសនេះកំពុងរៀបចំការបោះឆ្នោតជាតិ។
ដោយទទួលស្គាល់ថាការធ្លាក់ចុះទុនវិនិយោគក្នុងវិស័យកាត់ដេរមិនមែនជាព័ត៌មានល្អ លោក ម៉ី កល្យាណ ថ្លែងថានិន្នាការនេះបានស្ថិតក្រោមការព្យាកររួចទៅហើយ ដោយសារវិស័យនេះស្ទើរតែឈានដល់ចំណុចកំពូលរបស់ខ្លួន ហើយកំពុងប្រឈមនឹងការចំណាយកាន់តែខ្ពស់លើការផលិតផងដែរ។
ទោះបីយ៉ាងនេះក្តីលោកថ្លែងថាកំណើនវិនិយោគក្នុងឧស្សាហកម្មដំឡើង និងការផលិតគ្រឿងអេឡិចត្រូនិកគឺជាព័ត៌មានដ៏ល្អដោយសារវាបង្ហាញការធ្វើពិពិធកម្មវិស័យឧស្សាហកម្មរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «យើងយល់ពីអត្ថប្រយោជន៍របស់វិស័យកាត់ដេរសម្រាប់សេដ្ឋកិច្ចរបស់យើង ហើយយើងចង់មើលឃើញវិស័យនេះរីកចម្រើនបន្ថែមទៀត ប៉ុន្តែវាជាធម្មតាវិស័យនេះនឹងបន្ថយល្បឿននៅពេលវាឈានដល់ចំណុចកំពូល»។ និន្នាការបែបនោះបានកើនឡើងរួចហើយនៅក្នុងបណ្ដាប្រទេសផ្សេងទៀតដែលធ្លាប់ពឹងផ្អែកលើវិស័យសម្លៀកបំពាក់ និងស្បែកជើង ដើម្បីអភិវឌ្ឍប្រទេសនៅក្នុងដំណាក់កាលដំបូង ហើយក្រោយមកផ្លាស់ប្តូរទៅជាឧស្សាហកម្មទំនើបវិញ។
លោកលើកឡើងថា៖ «កិច្ចខិតខំប្រឹងប្រែងនេះគឺត្រូវព្យាយាមធ្វើឲ្យមានការផលិតកាន់តែច្រើននៅក្នុងប្រទេសនេះជាពិសេសក្រុមហ៊ុនដែលផលិតផលិតផលដែលមានតម្លៃកាន់តែខ្ពស់»។
លោក ហ៊ីង ថូរ៉ាស៊ី សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ទុនវិនិយោគបរទេសអាចជំរុញឆ្ពោះទៅរកផែនការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «លំហូរចូលទុនវិនិយោគកាន់តែច្រើន មានន័យថាការវិនិយោគកាន់តែច្រើននឹងផ្ដល់ការងារដល់ប្រជាជនកម្ពុជា និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច»។
រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៥ បានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) រយៈពេល ១០ ឆ្នាំដែលបញ្ជាក់ពីយុទ្ធសាស្ដ្រ ក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្មដ៏តូចចង្អៀតរបស់ប្រទេសនេះ ឲ្យហួសពីវិស័យកាត់ដេរ និងការនាំចេញអង្ករ។ រដ្ឋាភិបាលសង្ឃឹមថាគោលនយោបាយនេះនឹងទាក់ទាញ FDI កាន់តែច្រើន៕ LA