របាយការណ៍​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា ឱនភាព​គណនី​ចរន្ត​កាន់តែ​រួម​តូច និង​លំហូរ​ទុន​ជា​បន្ត​ពី​ការវិនិយោគ​ផ្ទាល់​បរទេស និង​ប្រភព​ផ្សេងទៀត​របស់​កម្ពុជា បាន​គាំទ្រ​កំណើន ទុនបម្រុង​បរទេស​ដុល ដែល​បាន​កើនឡើង​ដល់ ២១,៣ ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ ២០២០ ធៀប​នឹង ១៨,៨ ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ ២០១៩។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៤,០ ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ៥,៥ ភាគរយ​ក្នុង​ឆ្នាំ ២០២២។ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ នឹង​គាំទ្រ​តម្រូវការ​ដ៏រឹងមាំ​សម្រាប់​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា និង​ការវិនិយោគ​ផ្ទាល់​បរទេស​ជា​បន្ត។

របាយការណ៍​នេះ​បន្តថា ការផលិត​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា នឹងមាន​កំណើន​ខ្លាំង កើនឡើង ៧,១ ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ៧,០ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ដោយសារតែ​ការស្ទុះ​ងើបឡើង​វិញ​ផ្នែក​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ និង​កំណើន​ផ្នែក​ផលិតកម្ម​ធុន​ស្រាល។

កសិកម្ម​ក៏នឹង​កើនឡើង​ផងដែរ ដែល​កើនឡើង ១,៣ ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ១,២ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ដែល​គាំទ្រ​ដោយ​ការផលិត​ដំណាំ​កសិកម្ម​កាន់តែ​ខ្ពស់ បន្ទាប់ពី​ការខូចខាត​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន កំណើន​វារីវប្បកម្ម​ជា​បន្ត និង​ការកើនឡើង​ការនាំចេញ​ផ្នែក​កសិកម្ម​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយសារ​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ថ្មី។

ការព្យាករ​ការវិនិយោគ ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នឹង​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ។ ការអនុម័ត​ការវិនិយោគ បាន​កើនឡើង​ដល់ ៨៥,៨៨ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៩។ នេះ​បើ​យោងតាម CDC។

CDC បន្តថា កាលពី​ឆ្នាំ ២០១៩ ការអនុម័ត​ការវិនិយោគ​បាន​កត់ត្រា ៩,៤០ ពាន់​លាន​ដុល្លារ​ក្នុងនោះ ប្រទេស​ចិន​វិនិយោគ ២,៧៥ ពាន់​លាន​ដុល្លារ បន្ទាប់មក​ទីក្រុង​ហុងកុង ៩១២,៥៥ លាន​ដុល្លារ និង​ជប៉ុន ២៩៨,៨៤ លាន​ដុល្លារ។

ការកើនឡើង​ការវិនិយោគ​ផ្ទាល់​បរទេស​ដែល​បានអនុម័ត​អំឡុងពេល​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ២០១៩ ដែលជា​ចំណែក​ភាគច្រើនបំផុត​បានមក​ពី​ប្រទេស​ចិន (២១,៨១ ភាគរយ) ដែល​កាលពីដើម​ឆ្នាំនេះ គឺជា​ប្រភព​នៃ​ការវិនិយោគ​ដ៏ទូលំទូលាយ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប្រភព​អភិវឌ្ឍ​ដែល​រួមមាន​កៅស៊ូ និង​ទេសចរណ៍។

ប្រទេស​ចិន​តាម​ពីក្រោយ​ដោយ​ប្រទេស​កូរ៉េ​ក្នុង​ចំនួន ៦,១៦ ភាគរយ​ និង​ចក្រភព​អង់គ្លេស ៥,០១ ភាគរយ។ នេះ​បើ​យោងតាម CDC។

ប្រភព​សំខាន់ៗ​ផ្សេង​ទៀត​គឺ​ប្រទេស​ម៉ាឡេស៊ី (៣,៥៩ ភាគរយ) ជប៉ុន (៣,១៣ ភាគរយ) ហុងកុង (៣,០៥ ភាគរយ) កោះ​តៃវ៉ាន់ (១,៧៧ ភាគរយ) វៀតណាម (២,៣១ ភាគរយ) សិង្ហបុរី (១,៦៤ ភាគរយ) និង​ថៃ (១,៥៤ ភាគរយ) ដែល​ការវិនិយោគ​ទាំងនោះ​ភាគច្រើន​បាន​មកពី​ក្រុមហ៊ុន​ឧស្សាហកម្ម​កាត់ដេរ​៕LA