
ក្រុងភ្នំពេញៈ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មជ្ឈមណ្ឌលផលិតភាពជាតិនិងគណៈកម្មការចលនាភូមិមួយផលិតផលមួយ បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីតម្លៃបន្ថែមលើផលិតផល ក្រោមការឧបត្ថម្ភពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអង្គការផលិតភាពអាស៊ី (Asia Productivity Organization)វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបន្ថែមតម្លៃដល់ផលិតផល ដែលត្រូវបានផលិតក្រោមគម្រោងភូមិមួយផលិតផលមួយ ផ្លាស់ប្តូរ ជំរុញឲ្យមានការបង្កើតថ្មីនៃយុទ្ធនាការភូមិមួយផលិតផលមួយនិងពន្លឿនកិច្ចសហប្រតិបត្តិការអន្តរតំបន់។
លោក ជា ស៊ាងហុង រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពលនិងជានាយកអង្គការផលិតភាពអាស៊ីសម្រាប់កម្ពុជា បានថ្លែងថា៖ «គោលបំណងនេះ អាចសម្រេចបានតាមរយៈលើកកម្ពស់គុណភាព បង្កើនផលិតកម្ម និងធ្វើបច្ចុប្បន្នភាពបច្ចេកទេសវេចខ្ចប់ ដើម្បីបន្ថែមតម្លៃដល់ផលិតផល និងដើម្បីលើកកម្ពស់បាវចនា ក្រោមពាក្យថា គុណភាព បរិមាណ និងភាពដែលអាចធ្វើទីផ្សារបាន»។
គួររំឭកថា ក្រៅពីការបណ្តុះបណ្តាល ក៏មានការចុះមើលផ្ទាល់ដល់ទីតាំងសិប្បកម្មផងដែរ៕