ភ្នំពេញៈ តម្លៃ​សន្ទស្សន៍​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់ពី​ការចុះបញ្ជី​របស់​ធនាគារ​អេស៊ីលីដា Acleda Bank (ABC) នៅ​ផ្សារហ៊ុន​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

យោងតាម​ការបិទ​ការជួញដូរ​ប្រចាំថ្ងៃ​របស់ CSX តម្លៃ​សន្ទស្សន៍​បាន​កើនឡើង​ ៧,២៥ ​ភាគរយ​ មាន​ចំនួន ៧៩៣,៥៩ ​ពិន្ទុ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​ទំហំ​ជួញដូរ​ចំនួន​ ២៨០ ៧៩១ និង​តម្លៃ​ជួញដូរ​ជាង​ ១,២៩ ​លាន​ដុល្លារ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ទទួលស្គាល់​ថា ការជួញដូរ​ជាង​ ១,២៧ ​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ពុធ គឺជា​តួលេខ​ដ៏ខ្ពស់​បំផុត​មួយ​រហូតមក​ដល់ពេលនេះ​។ ការជួញដូរ​ជាង​ ៩០ ​ភាគរយ​កាលពី​ថ្ងៃ​ពុធ​នោះ គឺជា​ការជួញដូរ​របស់​ធនាគារ​អេស៊ីលីដា ដែល​បង្ហាញ​ថា​ការចុះបញ្ជី​របស់​អេស៊ីលីដា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​ពី​សាធារណជន​ និង​ប្រតិបត្តិការ​ជួញដូរ​ស្ទើរតែ​រៀងរាល់​នាទី​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​ដំបូង បន្ទាប់ពី​ការចុះបញ្ជី​របស់​អេស៊ីលីដា មាន​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​នៅក្នុង​ទីផ្សារ​របស់​យើង​។ យើង​មើលឃើញ​ការកើនឡើង​ចំនួន​ការបញ្ជាទិញ​ចូលក្នុង​ទីផ្សារ​នេះ ជាពិសេស​សម្រាប់​ភាគហ៊ុន​អេស៊ីលីដា​។ តម្លៃ​របស់​ធនាគារ​អេស៊ីលីដា​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំង​ពី​ថ្ងៃ​ជួញដូរ​ដំបូង​ដែល​បាន​កើនឡើង ៣៣ ​ភាគរយ ធៀប​នឹង​តម្លៃ IPO»​។

លោក​ឲ្យ​ដឹងថា មាន​ចំណាប់​អារម្មណ៍​កាន់តែខ្លាំង​ឡើងៗ​ពី​សាធារណជន​លើ​ទីផ្សារ ហើយ​តម្លៃ​សន្ទស្សន៍ CSX ក៏​មាន​ការកើនឡើង​យ៉ាងខ្លាំង​ផងដែរ ក្នុងអំឡុងពេល​ ២-៣ ​ថ្ងៃ​នេះ ដោយសារ​តែ​សមាមាត្រ​មូលធន​នីយកម្ម​ទីផ្សារ​អេស៊ីលីដា​នៅក្នុង​សន្ទស្សន៍​នេះ​។

លោក​លើកឡើង​ថា​៖ «​ធនាគារ អេស៊ីលីដា​រួមចំណែក​ជិត​ ១,៨ ​ពាន់​លាន​ដុល្លារ​ដល់​មូលធននីយកម្ម​ទីផ្សារ​របស់​ CSX ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ឈានមុខ​គេ​ដោយ​មូលធននីយកម្ម​ទីផ្សារ​។ យើង​រំពឹងថា នឹង​មាន​ការជួញដូរ​កាន់តែ​ច្រើនឡើងៗ​។ ដូច​ដែល​ខ្ញុំ​តែងតែ​លើក​មក​និយាយ​អ៊ីចឹង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​ចាត់ទុក​ជា​បេក្ខជន​ដ៏សមរម្យ​បំផុត​ក្នុង​ការឡើង​ផ្សារហ៊ុន​ជាមួយ​សម្ទុះ​ថ្មី​នេះ យើង​ជឿជាក់​យ៉ាងខ្លាំង​ថា វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​មាន​សក្ដានុពល​កាន់តែ​ច្រើន ពិចារណា​ការចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​របស់​យើង​»​។

យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​ជួញដូរ​មូលបត្រ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) តម្លៃ​សន្ទស្សន៍​ CSX ​បាន​ធ្លាក់ចុះ​ ២២ ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ ៥៩០,៦៣ ​ពិន្ទុ ធៀបនឹង​ ៧៦១,៧៣ ពិន្ទុ​កាលពី​ចុងត្រីមាស​ទី​ ៤ ​ឆ្នាំ​មុន​៕LA