ភ្នំពេញៈ ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ការបើក​ទីផ្សារ​កាន់តែ​ធំ​ដល់​ប្រទេស​កម្ពុជា ផ្លែស្វាយ​ស្រស់​កម្ពុជា​ជាង ១០០ ​តោន​ត្រូវបាន​ដឹក​ទៅដល់​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ ១ ក្នុង​តំបន់​ជា​លើកដំបូង​កាលពី​ថ្ងៃទី​ ២០ ខែឧសភា​។

ការសម្រេច​បាន​នៃ​ការឈាន​ជើង​ចូលទៅ​ផ្សារ​ចិន​នេះ​ធ្វើឡើង​ បន្ទាប់ពី​ស្វាយ​ស្រស់​ជាង ១០០ ​តោន​ត្រូវបាន​ដឹក​ចេញ​ដោយផ្ទាល់​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែឧសភា​។

អនុព័ន្ធពាណិជ្ជកម្ម​ប្រចាំ​នៅ​ទីក្រុង​ណាននីង លោក តាំង លីសេង បានឱ្យ​ដឹងថា ពិធី​ទទួល​ផ្លែស្វាយ​ស្រស់​កម្ពុជា​ចូល​មកដល់​ប្រទេស​ចិន​លើក​ដំបូង​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី ទីក្រុង Qinzhou នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី​។

លោក លីសេង បន្ថែមថា កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ (​កែវរមៀត​) ​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២១ ហើយ​បាន​មកដល់​កំពង់ផែ​ទីក្រុង Qinzhou នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី​នៅ​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២១​។ លោក​បាន​ឱ្យដឹងទៀតថា ដើម្បី​ជំរុញ​ទីផ្សារ​ស្វាយស្រស់​កម្ពុជា​នៅ​ប្រទេស​ចិន គណៈកម្មាធិការ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី ទីក្រុង Qinzhou បានរៀបចំ​កម្ម​ពិធី​ទទួល​ផ្លែស្វាយ​កម្ពុជា​នៅ​ថ្ងៃទី​ ២១ ខែឧសភា ឆ្នាំ​ ២០២១​។ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​មាន​ចំនួន ១៧០ ​តោន ស្មើនឹង ៨ កុងតឺន័រ​។

កម្មវិធី​ទទួល​ផ្លែស្វាយ​ស្រស់​កម្ពុជា​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ទីក្រុង Qinzhou លោកស្រី​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ណាននីង ថ្នាក់ដឹកនាំ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង Qinzhou មន្ទីរ​ការិយាល័យ​ការបរទេស Beibu Gulf នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​រដ្ឋបាល​គយ​នៃ​ទីក្រុង​ណាននីង គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ក្រុង ការិយាល័យ​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម និង​មន្ត្រី​នៃ​ក្រុមហ៊ុន​នានា​សរុប​ជាង ១០០ ​រូប​។

កាលពី​ថ្ងៃទី​ ២៦ ខែមេសា រដ្ឋបាល​គយ​ចិន​បានអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេចខ្ចប់​ចំនួន ៥ ដែល​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឱ្យដឹង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៤ ខែឧសភា​ថា ប្រទេស​ចិន​បាន​ចាត់វិធានការ​ពិសេស​ ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចូល​ស្វាយ​ស្រស់​ដែលមាន​គុណភាព​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ចិន និង​រំពឹងថា​ស្វាយ​ស្រស់​ចំនួន ១០០ ០០០ ​តោន​នឹង​ចូលទៅ​ទីផ្សារ​ចិន​ក្នុងឆ្នាំនេះ​។

លោកស្រី Hua Chunying ថា តាមពិត​នាយកដ្ឋាន​ជាប់​ពាក់ព័ន្ធ​បាន​ជម្នះ​បញ្ហា​ជាច្រើន​ដែល​បណ្ដាល​មកពី​ជំងឺ​កូវីដ​១៩ និង​អាច​ឆ្លងកាត់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជាក់ស្ដែង ផ្នែក​ផលិតផល​កសិកម្ម តាមរយៈ​មធ្យោបាយ​នវានុវត្តន៍​នៃ​ការត្រួតពិនិត្យ​ដាច់ដោយ​ឡែក​តាមរយៈ​វីដេអូ​អនឡាញ​។

លោកស្រី​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​មិន​គ្រាន់តែ​ជួយ​សម្រេចបាន​តាម​តម្រូវការ​របស់​អតិថិជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​កសិករ​កម្ពុជា​ក្នុងការ​រកប្រាក់​ចំណូល​បន្ថែម និង​ជួយ​ពួកគេ​ជម្នះ​ពេលវេលា​ដ៏ពិបាក​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​ព័ត៌មាន​នេះ​បានទទួល​ការយកចិត្ត​ទុកដាក់​ខ្លាំង និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រទេស​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​នេះ​គឺ​លើសពី​ស្វាយ​ទៅទៀត​។ វា​បង្ហាញ​ពី​មិត្តភាព​ជា​បងប្អូន​រវាង​ប្រទេស​យើង​ទាំង​ ២»​។

លោកស្រី​លើកឡើង​ថា​៖ «​ក្នុងនាម​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា ប្រទេស​ចិន​នឹង​សហការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​កាន់តែ​ស៊ីជម្រៅ​ជា​បន្ត​នៅក្នុង​វិស័យ​នានា ដែល​រួមទាំង​ផលិតកម្ម​កសិកម្ម ដើម្បី​នាំយក​អត្ថប្រយោជន៍​ជាក់ស្ដែង​ដល់​ប្រជាជន​របស់​ប្រទេស​ទាំង​ ២»​។

គិត​ត្រឹម​ឆ្នាំ​ ២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ស្វាយ ១៣ ​ម៉ឺន​ហិកតា ក្នុងនោះ ៩១ ១០៤ ​ហិកតា​កំពុង​ប្រមូលផល​។ ទិន្នផល​ជា​មធ្យម ១,៣៨ ​លាន​តោន​ក្នុង ១ ​រដូវ​៕ LA