ភ្នំពេញៈ វារី​អគ្គិសនី​សេសាន​ក្រោម​ ២ ដែល​នឹង​បើក​ដំណើរ​​ការ​នៅ​សប្តាហ៍​ក្រោយ និង​រួម​ចំ​ណែក​​​បាន​​​ជាង​ ២០ ​ភាគ​រយ​នៃ​តម្រូវ​​​ការ​ប្រើ​ប្រាស់​សរុប​បច្ចុប្បន្ន​នៅ​កម្ពុជា។ នេះ​បើ​​យោង​តាម​មន្ត្រី​ជា​ន់​ខ្ពស់​​​ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ។

វារី​អគ្គិសនី​សេសាន​ក្រោម​ ២ មាន​តួប៊ីន​​សរុប​ចំនួន​ ៨ ដោយ​​តួប៊ីន​នី​មួយ​ៗ ​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​ ៥០ ​ម៉េ​ហ្គា​វ៉ាត់​​។ ការ​បើក​ដំណើរ​ការ​ជា​ផ្លូវ​​ការ​នេះ​បាន​ធ្វើ​​ឲ្យ​ថាម​ពល​ពី ​វារី​​អគ្គិសនី ដែល​កម្ពុជា​ផលិត​បាន​មាន​ ១ ៣២៨ ​​ម៉េ​ហ្គា​វ៉ាត់។

ទំនប់​វារី​អគ្គិសនី​​​នេះ​ស្ថិត​នៅ​​ខេត្ត​ស្ទឹងត្រែង​ និង​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ៣,៦ ​​ម៉ឺន​ហិកតា មាន​​កម្ពស់​​សរុប ៨០ ម៉ែត្រ ក្នុង​នោះ​​ ៧៥ ​​ម៉ែត្រ​​ជា​កម្ពស់​សម្រាប់​ទប់​ទឹក និង​ ៥ ​ម៉ែត្រ​ទៀត​​សម្រាប់​ការពារ​ហានិភ័យ​ពី​កម្រិត​កម្ពស់​ទឹក​ខ្ពស់​ជ្រុល​ដែល​អាច​​​កើត​មាន​​​។

ទំនប់​វារី​អគ្គិសនី​នេះ​ត្រូវ​បាន​​វិនិយោគ​រួម​គ្នា​ដោយ​​ក្រុម​ហ៊ុន​​​ចិន Hydrolancang International Energy ដែល​កាន់​កាប់​​​ភាគ​ហ៊ុន ៥១ ​ភាគ​​រយ ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក Royal Group មាន​ភាគ​ហ៊ុន ៣៩ ​ភាគ​​រយ និង​ក្រុមហ៊ុន EVN មក​​ពី​ប្រទេស​ វៀតណាម​ ដែល​កាន់​កាប់​​ភាគហ៊ុន ១០ ​ភាគរយ​ ជា​មួយ​នឹង​ទុន​វិនិ​យោគ​​សរុប​ជាង ៨០០ ​​លាន​ដុល្លារ​។

លោក វិចទ័រ ហ្សូនា អ្នក​នាំ​ពាក្យ​​ក្រសួង​រ៉ែ និង​ថាមពល បាន​​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​បើក​​ដំណើរ​សាក​ល្បង​មួយ​រយៈ​ ស្ថានីយ​វារី​អគ្គិសនី​សេសាន​ក្រោម ២ ​នឹង​បើក​ដំណើរ​ការ​ជា​​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ​ជា​មួយ​​នឹង​អានុ​ភាព​​ផលិត​អគ្គិសនី​​បាន ៤០០ មេ​ហ្គា​វ៉ាត់។

លោក​​ថ្លែង​​​ថា៖ ​«​ការ​បើក​ដំណើរ​​ការ​ស្ថានីយ​ផលិត​ថាមពល​​ក្នុង​ស្រុក ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ការ​លើក​កម្ពស់​សន្តិសុខ​ថាម​ពល និង​ធ្វើ​ឲ្យ​​ការ​ផ្គត់​ផ្គង់​​កាន់​តែ​មាន​​ស្ថិរ​ភាព​»។

ការ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នា​​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​ស្ថានីយ​វារី​អគ្គិសនី​​នៅ​កម្ពុជា​កើន​ឡើង​ដល់​ចំនួន ៧ រួមទាំង​ទំនប់​​​វារី​អគ្គិសនី ​​គិរី​រម្យ​ ១, គិរី​រម្យ​ ៣, កំចាយ, អាតៃ, តាតៃ និង​ឫស្សី​ជ្រំ។​

អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​លើក​​ឡើង​​​ថា​ ទោះ​បី​ជា​ពេល​នេះ​​​​កម្ពុជា​អាច​ផលិត​ថាម​ពល​អគ្គិ​សនី​ដោយ​ខ្លួន​ឯង​បាន​ច្រើន​​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​មាន​តម្រូវ​​ការ​ទិញ​ថាម​ពល​អគ្គិសនី​​​ប្រហែល​​​​ ១៥​ ភាគ​រយ​​ពី​ប្រទេស​​ជិត​ខាង​ផង​ដែរ ដើម្បី​បំពេញ​តម្រូវ​​ការ​ដែល​កើន​ឡើង​​ជា​រៀង​​រាល់​ឆ្នាំ​។​

លោក​បញ្ជាក់​​ថា​៖​ «​ជា​រៀង​រាល់​ឆ្នាំ​​​​​ការ​ប្រើ​ប្រាស់​អគ្គិសនី​នៅ​កម្ពុជា​មាន​កំណើន​ចន្លោះ​ពី​​ ១៣ ទៅ ១៥ ​ភាគរយ​។ ​បច្ចុប្បន្ន​​​កម្ពុជា​នៅ​មិន​ទាន់​មាន​លទ្ធ​ភាព​ក្នុង​ការ​នាំ​ចេញ​ថាម​ពល​ទៅ​លក់​ឲ្យ​​ប្រទេស​ជិត​ខាង​​​នោះ​ទេ»។​

បើ​យោង​តាម​ លោក ហ្សូនា បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​សិក្សា​លទ្ធ​ភាព​ក្នុង​ការ​កសាង​វារី​អគ្គិ​សនី​ជា​ច្រើន​កន្លែង​ទៀត​នៅ​ភាគ​​និរតី និង​ឦសាន តែ​យ៉ាង​ណា​ក៏​ដោយ​ការ​សាង​សង់​នឹង​មិន​ទាន់​អាច​លេច​ចេញ​ជា​រូបរាង​​ក្នុង​ពេល​ឆាប់​ៗ​​ទេ ព្រោះ​ត្រូវ​​ការ​សិក្សា​លម្អិត​ជា​ច្រើន​​ពី​ផល​ប៉ះពាល់​​បរិស្ថាន និង​សេដ្ឋកិច្ច​សង្គម​ជា​ដើម​។​

លោក​ថ្លែង​ថា៖ ​«​យុទ្ធ​សាស្រ្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ស្វែង​រក​ប្រភព​ផលិត​ថាម​ពល​ដែល​មាន​តម្លៃ​ថោក ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​កំណើន​​សេដ្ឋកិច្ច តាម​រយៈ​ការ​ ផ្តល់​​​ឲ្យ​ប្រជាជន​ និង​សហ​គ្រាស​​ទាំង​អស់​នូវ​​អគ្គិ​សនី​​ដែល​មាន​តម្លៃ​ថោក​»។

បច្ចុប្បន្ន​អគ្គិសនី​ដែល​កំពុង​ប្រើ​ប្រាស់​​​នៅ​កម្ពុជា មាន​​ប្រមាណ ​៤៥ ​ភាគ​រយ ​បាន​មក​​ពី​ប្រភព​​វារី​អគ្គិសនី ៣៥ ​ភាគ​រយ​បាន​មក​ពី​​​រោង​ចក្រ​ថាម​ពល​​ធ្យូង​​ថ្ម ​ប្រហែល​ ៥ ​ភាគ​រយ បាន​​មក​ពី​រោង​ចក្រ​​ដំណើរ​ការ​​​ដោយ​ប្រេង​ឥន្ទនៈ ជីវម៉ាស់ និង​​ពន្លឺ​ព្រះអាទិត្យ ចំណែក​ ១៥ ​ភាគ​រយ​​ទៀត​បាន​មក​ពី​ការ​ទិញ​ពី​ប្រទេស​ជិត​ខាង​។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ទៅ​កាន់​​​ប្រទេស​ឡាវ ​កាល​ពី​សប្តាហ៍​មុន កម្ពុជា​ក៏​បាន​ចុះ​ហត្ថលេខា​លើ​​អនុស្សរណ:​​នៃ​ការ​យោគ​យល់​គ្នា​​មួយ​ជា​មួយ​ប្រទេស​ ឡាវ ស្តីពី​ការ​ទិញ-លក់ ​ថាមពល​អគ្គិសនី​តង់​ស្យុង​ខ្ពស់ ២៣០ និង ៥០០ គីឡូ​វ៉ុល ពី​ស្ថានីយ​បាន​ហាត​ ប្រ​ទេស​ ឡាវ ​មក​ស្ថានីយ​ស្ទឹង​ត្រែង​ របស់​ប្រទេស កម្ពុជា ផង​ដែរ​។​

ឯកសារ​​ចង​ក្រង​ដោយ​ក្រសួង​​​រ៉ែ ​និង​ថាមពល ដែល​​ផ្សព្វផ្សាយ​​​កាល​ពី​​ចុង​ឆ្នាំ​ ២០១៦ បាន​បង្ហាញ​​ថា ​តាម​ការ​សិក្សា​វាយ​តម្លៃ​បឋម ប្រទេស​ កម្ពុ​ជា ​អាច​មាន​សក្ដា​នុព​ល​ទាញ​យក​ថាម​​ពល​ពី​វា​រី​អគ្គិសនី​បាន​ប្រមាណ ១ ម៉ឺន​មេហ្គា​វ៉ាត់៕LA