ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ទំហំ​ ៨០ ​មេហ្គាវ៉ាត់ ​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដែល​មាន​ទឹកប្រាក់​វិនិយោគ​ជាង ២៣១ ​លាន​ដុល្លារ​ កំពុង​ដំណើរការ​សាងសង់​ដោយ​រលូន បើទោះបី​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​ក៏ដោយ​។

ក្រុមហ៊ុន SPHP (Cambodia)Co.,Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ខាងលើ​បាន​ទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​លើ​គម្រោង​នៅ​ទំនប់​វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់ ១ ដែល​ស្ថិត​នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។

លោក ខូវ រីដា អភិបាលរង​ខេត្តពោធិ៍សាត់​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​កំពុង​ពន្លឿន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ចូលទៅ​កាន់​ទីតាំង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​កំពុង​ត្រួសត្រាយ​ផ្លូវ​ និង​ដោះមីន​ឆ្ពោះ​ទៅ​កាន់​ទីតាំង​វារីអគ្គិសនី​ដែល​វា​មាន​ចម្ងាយ​ប្រហែល ២០ ​គីឡូម៉ែត​ពី​ផ្លូវជាតិ​។ យើង​កំពុង​ជំរុញ​ក្រុមហ៊ុន​ឲ្យ​ពន្លឿន​ការសាងសង់​ផ្លូវ ដើម្បី​អាច​ឲ្យ​គម្រោង​សាងសង់​ទៅ​តាម​ផែនការ​កំណត់​»​។

លោក​បាន​ឲ្យ​ដឹងថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី ក្រុមហ៊ុន​ក៏​ចាប់អារម្មណ៍​វិនិយោគ​តំបន់​នេះ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅពេល​អនាគត​ផងដែរ​។

លោក​បន្តថា​៖ «​បើតាម​ក្រុមហ៊ុន​ប្រហែល​ជា​គាត់​មិន​ត្រឹមតែ​វិនិយោគ​ទៅលើ​ថាមពល​អគ្គិសនី ៨០ មេហ្គាវ៉ាត់​នេះ​ទេ ដោយ​ក្រុមហ៊ុន​ប្រហែល​អាច​វិនិយោគ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​បាន​ផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​សិក្សា​លើ​លទ្ធភាព​នៅ​ទីតាំង​នេះ​តាំងពី​ឆ្នាំ​ ២០១២​។ លោក​បន្តថា ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​អគ្គិសនី​កម្ពុជា សម្រាប់​ការលក់​ថាមពល​ទាំងអស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយ​នឹង​តម្លៃ ០,៧ សេន​ដុល្លារ​ក្នុង ១ ​គីឡូវ៉ាត់ម៉ោង​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ដោះមីន ហើយ​គម្រោង​នេះ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ ២០២៣»​។

បើតាម​លោក ហ្សូនា នេះ​ជា​គម្រោង​ទំនប់​វារីអគ្គិសនី​ទី ២ ក្នុង​ខេត្ត​ពោធិ៍សាត់ ខណៈ​បច្ចុប្បន្ន​ទំបន់​វារីអគ្គិសនី​តាតៃ​ដែល​មាន​អានុភាព ១២០ មេហ្គាវ៉ាត់​បាន​ដំណើរការ​រួចហើយ​។ ខេត្ត​នេះ​ក៏បាន​ទទួល​គម្រោង​ថាមពល​សូឡា​ចំនួន ២ ដែលមាន​សមត្ថភាព​ផលិត ៦០ មេហ្គាវ៉ាត់​ក្នុង​គម្រោង​នីមួយៗ​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) កាលពី​ពេល​កន្លងមក​បាន​និយាយថា អគ្គិសនី​កម្ពុជា​កំពុង​ស្វែងរក​ថាមពល​ថ្មី​បន្ថែម​ឲ្យ​បាន ១ ០០០ ​មេហ្គាវ៉ាត់​ នៅមុន​ដំណាច់​ឆ្នាំ​ ២០២០ ដែល​ទាញ​ប្រភព​ថាមពល​ពី​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ពន្លឺព្រះអាទិត្យ និង​ការទិញ​ពី​ប្រភព​ដែល​មាន​តម្លៃ​ទាប​៕ LA