រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ប្រឡង​ថ្នាក់​ទី​ ១២ ជា​រៀងរាល់​ឆ្នាំ​សិស្ស​កម្រិត​វិទ្យាល័យ​រមែង​តែង​ស្វែងរក​ជំនាញ​សម្រាប់​បន្ត​នៅតាម​សាកលវិទ្យាល័យ មហាវិទ្យាល័យ មជ្ឈមណ្ឌល​សិក្សា និង​វិទ្យាស្ថាន​នានា​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។

ដោយសារ​ការអប់រំ​កម្រិត​ខ្ពស់​ថ្នាក់​បរិញ្ញាបត្រ មាន​សារៈសំខាន់​ក្នុង​ការ​ប្រកប​ការងារ​នាពេល​អនាគត វិទ្យាស្ថាន​ខេមអេដប៊ីហ្សនេសស្គូល «CamEd Business School» ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​ផ្នែក​គណនេយ្យ ហរិញ្ញវត្ថុ និង​ប្រឡង​ដែល​មាន​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

ចំពោះ​បទពិសោធ​ខាង​ផ្នែក​អប់រំ​វិញ វិទ្យាស្ថាន​ខេមអេដប៊ីហ្សនេសស្គូល ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ធ្វើការ​បណ្តុះបណ្តាល និង​ធ្វើការ​ជា​សវនករ ទីប្រឹក្សា​ពន្ធដារ ម្ចាស់​អាជីវកម្ម អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ផ្នែក​ជាច្រើន​ទៀត​។

ជាមួយ​ការធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​កម្មវិធីសិក្សា​ដ៏ប្រសើរ​រួម​បញ្ចូល​ទាំង​កម្មវិធី​សិក្សា​របស់​សមាគម​គណនេយ្យករ​ជំនាញ (ACCA) និង​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ (CAT) ក្រុមនិស្សិត​របស់​វិទ្យាស្ថាន​ខេមអេដប៊ីហ្សនេសស្គូល​ត្រូវ​បាន​ធ្វើការ​បណ្តុះបណ្តាល និង​មាន​ការ​ទទួលស្គាល់​ទូទាំង​ប្រទេស និង​ក្នុង​ឆាក​អន្តរជាតិ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ និង​ជា​គណនេយ្យករ​ជំនាញ​អន្តរជាតិ​។

បច្ចុប្បន្ន​នេះ​ លី វៃយី អាយុ​ ២១ ​ឆ្នាំ​ជាសវនករ​នៅ​ក្រុមហ៊ុន BDO (Cambodia) Limited បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា​កញ្ញា​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​វិទ្យាស្ថាន​ខេមអេដប៊ីហ្សនេសស្គូល​ពី​សាច់ញាតិ​របស់​កញ្ញា​ថា ជា​វិទ្យាស្ថាន​ដែល​មាន​ស្តង់ដារ និង​មាន​កម្មវិធីសិក្សា​ដែល​មាន​ឯកទេស​ក្នុង​ផ្នែក​គណនេយ្យ​។

ជាមួយ​នឹង​ការផ្តល់​ទំនុក​ចិត្ត​បទពិសោធ​ផ្នែក​ជំនាញ និង​ការធ្វើ​ការងារ​ជា​ក្រុម​នៅ​វិទ្យាស្ថាន​ខេមអេដ កញ្ញា​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​លើ​ការសិក្សា​នៅ​វិទ្យាស្ថាន​នេះ ពីព្រោះ​វិទ្យាស្ថាន​ខេមអេដ​បាន​ផ្តល់​ការបណ្តុះបណ្តាល​លើ​កម្មវិធី​សិក្សា CAT និង ACCA ដែល​មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ១៨៣ ​ប្រទេស​លើ​ពិភពលោក​។

កញ្ញា វៃយី ​ក៏​បាន​បន្ត​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឲ្យ​មក​សិក្សា​នៅ​វិទ្យាស្ថាន​ខេមអេដ ពីព្រោះ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ខេមអេដ​រយៈពេល​ ៤ ​ឆ្នាំ និស្សិត​នឹង​ទទួល​បាន​សញ្ញាបត្រ​ ២ ​ក្នុងពេល​តែ​មួយ​ដោយ​ក្នុង​នោះ​រួមមាន សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហរិញ្ញវត្ថុ និង សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ (CAT)​ ​ដែល​មាន​ការទទួល​ស្គាស់​ជា​អន្តរជាតិ​។

តាមរយៈ​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស វិទ្យាស្ថាន​ខេមអេដ​បាន​ផ្តល់​ជូន​នូវ​កម្មវិធីសិក្សា​ដែល​វិទ្យាស្ថាន​ផ្សេង​មិន​មាន​សម្រាប់​សិស្ស​និស្សិត ដោយ​និស្សិត​នឹង​អាច​ទទួល​បាន​សញ្ញាបត្រ​ ២ ​ក្នុង​ពេល​តែមួយ​ បន្ទាប់ពី​បញ្ចប់​ការសិក្សា និង​ការសិក្សា​ដោយ​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​គោល​ក្នុង​ការសិក្សា​។ ​កញ្ញា វៃយី បន្ត​ទៀត​ថា​វា​មាន​សារៈសំខាន់ និង​បាន​ជួយ​កញ្ញា​ជាច្រើន​ក្នុង​ដំណើរ​អាជីព​ការងារ​របស់​កញ្ញា​ដោយ​កញ្ញា​បាន​សិក្សា​ស្វែងយល់​ពី​ចំណេះដឹង​មូលដ្ឋាន​អំពី​គណនេយ្យ និង​ហិរញ្ញវត្ថុ​។

កញ្ញា​បាន​ឲ្យ​ដឹង​ថា​៖ «​ក្នុង​ជីវិត​នៃ​ការសិក្សា​នៅ​វិទ្យាស្ថាន​នេះ ខ្ញុំ​បាន​ទទួល​នូវ​បទពិសោធ​ជាច្រើន​ដែល​មិន​អាច​បំភ្លេច​បាន​នៅក្នុង​ថ្នាក់រៀន ហើយ​ខ្ញុំ​ក៏​បាន​រៀនសូត្រ​ពី​ការងារ​សង្គម បន្ទាប់ពី​ចូលរួម​នៅក្នុង​សកម្មភាព​ជាច្រើន​ដូចជា​ការធ្វើ​ការងារ​ជា​ក្រុម​ការ​ចូលរួម​ការប្រកួត​កីឡា​បាល់ទាត់ ការចូលរួម​ក្លិប​អាជីវកម្ម​អន្តរជាតិ ការធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធី និង​គម្រោង​ការងារ​ផ្សេងៗ និង​សកម្មភាព​ជាច្រើន​ទៀត​»​។

«​សកម្មភាព​ទាំងនេះ​គឺជា​អ្វី​ដែល​អាច​បង្កើន​ទំនុកចិត្ត​ និង​ជំនាញ​ទំនាក់ទំនង​របស់​ខ្ញុំ​។ ក្រៅពី​ការទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​គណនេយ្យ​ពី​ថ្នាក់រៀន ខ្ញុំ​ក៏​អាច​កែលម្អ និង​អភិវឌ្ឍ​នូវ​ជំនាញ​ផ្សេងៗ​ទៀត​ផង​ដែរ​»​។

កញ្ញា​បាន​បន្ថែម​ទៀត​ថា​៖ «​ក្នុង​ការ​ប្រកប​ការងារ​នាពេល​បច្ចុប្បន្ន ខ្ញុំ​សង្កេត​ឃើញ​ថា វា​ជា​ផ្លូវ​ដ៏ល្អ​សម្រាប់​អនាគត​របស់​ខ្ញុំ​ជាមួយ​នឹង​ការអភិវឌ្ឍ​ខ្លួនឯង​ជា​មនុស្ស​ម្នាក់​ដែល​មាន​អាជីព​ច្បាស់លាស់​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​»​។

ទន្ទឹម​នឹង​បច្ចេកទេស​ដ៏អស្ចារ្យ​ក្នុង​ការ​បង្រៀន​ដើម្បី​ឲ្យ​សិស្ស​អាច​យល់​បាន​យ៉ាង​ងាយស្រួល​ហើយ​ប្រកប​ដោយ​បរិក្ខារ​ដ៏អស្ចារ្យ (​បណ្ណាល័យ និង​បន្ទប់​អាន​សៀវភៅ​) កញ្ញា​បាន​បង្ហើប​ថា​៖ «​ការសិក្សា​នៅ​វិទ្យាស្ថាន​ខេមអេដ គឺជា​ជម្រើស​ដ៏ល្អ​ប្រសិន​បើ​អ្នក​ចង់​ចូលរួម​ក្នុង​វិស័យ​ជំនាញ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ ហើយ​និស្សិត​ទាំង​នោះ​នឹង​ជួប​ជាមួយ​គ្រូបង្រៀន​ដែល​មាន​បទពិសោធ​ពី​ប្រទេស​ផ្សេងៗ​» ។

វិទ្យាស្ថាន​មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការជួយ​រៀបចំ​សកម្មភាព​នានា​ដូចជា ក្លឹប​សមាគម​និស្សិត​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ ការប្រកួត​កីឡា និង​ដំណើរ​កម្សាន្ត​បោះជំរំ ដែល​ជា​ចំណុច​រួម​មួយ​ក្នុង​ការកសាង​ក្រុម​ការងារ និង​ជំនាញ​ការងារ​ឯករាជ្យ​របស់​សិស្ស​។

លោក អ៊ុង ច័ន្ទសុផាឌណ្ណ ក្នុង​វ័យ​ ២២ ​ឆ្នាំ​ជា​សហស្ថាបនិក​នៃ​សមាគម​និស្សិត​របស់​វិទ្យាស្ថាន​ខេមអេដ និង​កំពុង​បន្ត​ការសិក្សា​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ទី​ ៤ បាន​ឲ្យ​ដឹង​ថា មុខវិជ្ជា​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង ពីព្រោះ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​សុទ្ធ​តែ​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ ពន្ធ និង​សវនកម្ម​ត្រូវការ​អ្នកជំនាញ​ផ្នែក​នេះ​ក្នុង​ទីផ្សារ​។

លោក សុផាឌណ្ណ ថា​៖ «​ការសិក្សា​នៅ​សាលា​ល្អ គឺជា​មោទនភាព​មួយ​ដើម្បី​ជំរុញ​នៅ​ក្នុង​ការប្រកប​ការងារ ដើម្បី​ទទួល​បាន​បទពិសោធ និង​ការបើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​»​។

រួម​ជាមួយ​ជំនាញ គ្រូបង្រៀន និង​អ្នក​គ្រប់គ្រង​ដែល​មាន​បទពិសោធ វិទ្យាស្ថាន​ខេមអេដ មិន​ត្រឹម​តែ​ផ្តល់នូវ​ជំនាញ​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំនាញ​ទុន​សម្រាប់​ប្រកបរបរ អាជីវកម្ម និង​ការងារ​នៅក្នុង​សង្គម​ថែម​ទៀត​។

វិទ្យាស្ថាន​ខេមអេដប៊ីហ្សនេសស្គូល គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​គ្រប់គ្រង​ដឹកនាំ​ដោយ​ជនជាតិ​អាមេរិក ហើយ​វិទ្យាស្ថាន​ខេមអេដ ជា​វិទ្យាស្ថាន​នាំ​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​ផ្តោត​លើ​ការបង្រៀន​ជា​ចម្បង​ទៅ​លើ​ជំនាញ​គណនេយ្យ ហរិញ្ញវត្ថុ និង​សវនកម្ម​។

លោក សុផាឌណ្ណ បាន​បន្ថែម​ទៀត​ថា វិទ្យាស្ថាន​ខេមអេដ​ជា​គ្រឹះស្ថាន​ខុស​ប្លែក​ពី​គ្រឹះស្ថាន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ខណៈ​ពេល​ដែល​និស្សិត​មាន​ឱកាស​ទទួល​បាន​សញ្ញាបត្រ​ដែល​មាន​ការទទួល​ស្គាល់​ខ្ពស់​ដូចជា​សញ្ញាបត្រ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សញ្ញាបត្រ​ជំនាញ​ផ្នែក​គណនេយ្យ (CAT) ​ពី​ចក្រភព​អង់គ្លេស​។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​សិស្ស​ដែល​មាន​បំណង​ចុះ​ឈ្មោះ​សិក្សា​ត្រូវ​ប្រឡង​ជាប់​ថ្នាក់​ទី​ ១២ ហើយ​ត្រូវ​ប្រឡង​ចូល​ជា​ភាសា​អង់គ្លេស និង​គណិតវិទ្យា រួម​ជាមួយ​ការសម្ភាស​ជា​ភាសា​អង់គ្លេស​។ ប្រសិន​បើ​សិស្ស​ទាំងនោះ​មាន IELTS ដែល​មាន​ពិន្ទុ ៥,០ ​ឡើង​សិស្ស​អាច​លើកលែង​ការប្រឡង​ភាសា​អង់គ្លេស​។

វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល មាន​ទីតាំង​ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះនរោត្តម និង​ផ្លូវ​លេខ​ ១០៨ ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការចុះ​ឈ្មោះ សូម​ចូល​ទៅ​កាន់​៖ https://app.cam-ed.com/beta/ba-register ៕