ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មានវិទ្យា (NIPTIC) កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Smart City Consortium (SCC) មាន​មូលដ្ឋាន​មាន​នៅ​ទីក្រុង​ហុងកុង គោលបំណង​លើក​កម្ពស់​ការបង្កើន​សមត្ថភាព​ក្នុង​វិស័យ ICT ដើម្បី​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​រដ្ឋាភិបាល​អេឡិចត្រូនិក​។

MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សេង សុភាព ប្រធាន NIPTICT និង​លោក Jones Chan ប្រធាន​ក្រុមហ៊ុន SCC​។ តាមរយៈ​ភាព​ជា​ដៃគូ​នេះ​ក្រុមហ៊ុន Smart City Consortium (SCC) នឹង​ជួយ​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​របស់​ពួកគេ​នៅ​ក្នុង​វិស័យ​ឌីជីថល​ដល់​ដៃគូ​កម្ពុជា ខណៈ NIPTIC នឹង​សហការ​គ្នា​ដើម្បី​ចែករំលែក​ឯកសារ​ចាំបាច់ និង​ព្រាង​គោលនយោបាយ​ជាប់​ទាក់ទង​នៅក្នុង​វិស័យ​ឌីជីថល​កម្ពុជា​។

លោក Jones Chan បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ដៃគូ​ទាំង​ ២ ​នេះ​នឹង​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្ដូចផ្ដើម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដំណើរការ​រដ្ឋាភិបាល​អេឡិចត្រូនិក និង​ពង្រឹង​សន្ដិសុខ ICT​។

លោក​បន្ថែម​ថា ​វា​ជា​គោលបំណង​ក្នុង​ការលើកកម្ពស់​សកម្មភាព​អាជីវកម្ម​តាមរយៈ​របៀប​ឌីជីថល​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​នៅពេល​អនាគត យើង​សង្ឃឹម​ថា​នឹង​មាន​ក្រុមហ៊ុន​មកពី​ទីក្រុង​ហុងកុង និង​ក្រុមហ៊ុន​កម្ពុជា​ដែល​អាច​រួម​ដៃ​គ្នា​ក្នុង​ការ​ដំណើរការ​គម្រោង​វិនិយោគ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​»៕LA