
គម្រោង 3D របស់វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) មានទីតាំងនៅខណ្ឌសែនសុខ តាមបណ្តោយវិថីមិត្តភាព ភ្នំពេញ-ហាណូយ។ ធនាគារ អេស៊ីលីដា
ភ្នំពេញៈ ធនាគារ អេស៊ីលីដា កាលពីម្សិលមិញ បានប្រកាសដាក់ឲ្យដំណើរការវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាដែលមានតួនាទីក្នុងការរួមចំណែកបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) មានទីតាំងនៅខណ្ឌសែនសុខ តាមបណ្តោយវិថីមិត្តភាព ភ្នំពេញ-ហាណូយ បានចំណាយទុនវិនិយោគសរុប ៣៦,៧ លានដុល្លារ (រួមទាំងតម្លៃដី)។
លោក ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា AIB បានបង្កើតឡើងដោយឆ្លងកាត់ដំណាក់កាលជាច្រើនដោយចាប់ផ្តើមដំបូងចេញពីផ្នែកហ្វឹកហ្វឺនរបស់ធនាគារអេស៊ីលីដា ទៅជានាយកដ្ឋានហ្វឹកហ្វឺនបន្ទាប់មកក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុអេស៊ីលីដា-អាស៊ាន និងចុងក្រោយក្លាយជាគ្រឹះស្ថានឧត្តមសិក្សានៅដើមឆ្នាំ ២០១៦។
លោកថ្លែងថា៖ «ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ទីផ្សារការងារកម្ពុជា និងសកល ដែលត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់»។
លោកបានបន្តថា៖ «ធនាគារអេស៊ីលីដា ភីអិលស៊ី បានបោះទុន វិនិយោគលើវិស័យអប់រំ ដោយសាងសង់អគារវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ក្នុងគោលបំណងបំពេញនូវតម្រូវការចាំបាច់នៃកំណើនសិស្ស និស្សិត និងសិក្ខាកាម ជាការរួមចំណែកនៅក្នុងវិស័យអប់រំកម្ពុជា»។
ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការ AIB កាលពីម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យហិរញ្ញវត្ថុ និងធនាគារ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការរីកលូតលាស់ និងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ។
ស្របពេលបដិវត្តន៍ឧស្សាហកម្មទី ៤ បានបង្ហាញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា ពិសេសក្នុងផ្នែកឌីជីថល លោក ព័ន្ធមុនីរ័ត្ន បានក្រើនរំឭកថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុផ្លាស់ប្ដូរទៅរកទម្រង់ថ្មីមួយដែលទាមទារឲ្យយើងត្រូវរៀបចំនូវក្របខ័ណ្ឌគតិយុត្ត រៀបចំយន្តការ អនុវត្តច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចាប់យកកាលានុវត្តភាពឲ្យបានជាអតិបរមាពីការប្រែប្រួលនេះ។
លោកបានបន្តទៀតថា៖ «ក្នុងន័យនេះ ខ្ញុំសូមជំរុញឲ្យដៃគូពាក់ព័ន្ធទាំងអស់ទាំងរដ្ឋ និងឯកជនបង្កើនការ យកចិត្តទុកដាក់លើចំណុចដែលខ្ញុំ បានលើកឡើងខាងលើជាពិសេស ការបង្កើនសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់មូលដ្ឋាន និងភាពងាយស្រួលដល់យុវជនក្នុងការចាប់យកជំនាញផ្សេងៗនាពេលអនាគត ស្របពេលដែលបរិបទនៃការអភិវឌ្ឍមាន ការផ្លាស់ប្ដូរ លឿន ក៏ដូចជាក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឲ្យរីកចម្រើនកាន់តែឆាប់រហ័ស»៕