ក្រុងប៉េកាំងៈ វិធានការដំបូងត្រូវបានលើកយកមកប្រើនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលក្រុមអ្នកជំនាញបានឲ្យដឹងថា អាចនឹងមានការខូចខាតដល់សេដ្ឋកិច្ចពិភពលោក។
ប្រទេសមហាអំណាចទាំង ២ នេះកាលពីថ្ងៃសុក្រសប្តាហ៍មុនបានដកហូតពន្ធគយសងសឹកគ្នាទៅវិញទៅមកលើទំនិញនាំចូលតម្លៃរាប់ពាន់លានដុល្លារ។
ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការព្រមានដែលថា ជម្លោះពាណិជ្ជកម្មជាមួយដៃគូមហាអំណាចដូចជាប្រទេសចិន អាចធ្វើឲ្យប៉ះពាល់ដល់អាមេរិកនោះប្រទេសចិនមានវិធានការផ្សេងៗទៀតនៅក្នុងប្រទេសរបស់ខ្លួនក្រៅពីពន្ធគយ ដើម្បីបង្កការខូចខាតក្នុងការប្រយុទ្ធគ្នាមួយ។
ដំណើរឆ្ពោះទៅរកការខាតបង់
ភាពយន្តរបស់តារាហូលីវូដ Tom Cruise កាហ្វេ Starbucks និងទូរស័ព្ទ iPhone X និងរថយន្ត Buick សុទ្ធតែជាផលិតផលដែលលក់ដាច់បំផុតនៅចិន ហើយអាជ្ញាធរអាចនឹងស្វែងរកវិធីសាស្ត្រគ្រប់ប្រភេទដើម្បីធ្វើឲ្យផលិតផលទាំងនេះជួបការពិបាក។ នេះបើតាមលោក Louis Kuijs អ្នកវិភាគប្រចាំទ្វីបអាស៊ីរបស់ក្រុមហ៊ុនវិភាគ Oxford Economics។
លោកថ្លែងថាប្រទេសចិន «មានវិធានការតិចជាងបើគិតលើការដកហូតពន្ធ ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថា មានវិធានការដទៃទៀតដែលចិនអាចធ្វើបាន ដើម្បីបង្កការឈឺចាប់ទៅលើក្រុមហ៊ុនអាមេរិក»។
ទន្ទឹមនឹងនេះដែរលោកក៏បានលើកឡើងពី «ការត្រួតពិនិត្យផ្នែកសុខភាព សុវត្ថិភាព និងពន្ធគយខ្លាំងជាងមុន ដែលពន្យារពេលដល់ការនាំចូលទំនិញ និងការធ្វើពហិការទំនិញអាមេរិក»។
មន្ត្រីកំពង់ផែចិនចាប់ផ្តើមបង្កើនការធ្វើអធិការកិច្ចទៅលើសាច់ជ្រូក និងរថយន្តរបស់អាមេរិករួចហើយ ដោយបង្កឲ្យមានការពន្យារពេលធ្ងន់ធ្ងរ។
ពហិការប្រើរថយន្ត Buick
ក្រុមហ៊ុន General Motors បច្ចុប្បន្នលក់រថយន្តក្នុងប្រទេសចិនបានច្រើនជាងនៅអាមេរិក ហើយម៉ាករថយន្តអាមេរិកល្បីៗផ្សេងទៀតឥឡូវនេះបានរកចំណូលមួយភាគធំពីទីផ្សារចិន ដែលកំពុងរីកចម្រើនលឿននេះ។
ក្រុមអ្នកជំនាញបានឲ្យដឹងថា ចិនអាចរឹតបន្តឹងក្រុមហ៊ុនទាំងនេះតាមរបៀបការិយាធិបតេយ្យ ឬជំរុញឲ្យមានការធ្វើពហិការយ៉ាងមានប្រសិទ្ធភាពពីអ្នកប្រើប្រាស់ចិន»។
លោក Mark Williams ប្រធានសេដ្ឋវិទូប្រចាំទ្វីបអាស៊ីនៃក្រុមហ៊ុន Capital Economics បានថ្លែងថា ទីក្រុងប៉េកាំងអាចរៀបចំ «យុទ្ធនាការឃោសនាដែលអាចឲ្យមន្ត្រីរួចផុតពីការបង្កឲ្យមានការរាំងស្ទះដល់ការលក់»។
លោក Mark Williams បានថ្លែងបន្តថា៖ «កាលពីអតីតកាល វិធីសាស្ត្រទាំងនេះបង្ហាញថាមានប្រសិទ្ធភាព និងលឿន»។ លោកកត់សម្គាល់អំពីយុទ្ធនាការស្រដៀងគ្នាប្រឆាំងប្រទេសកូរ៉េខាងត្បូង និងជប៉ុនកាលពីពេលមានភាពតានតឹងផ្នែកនយោបាយ «ដែលបាននាំឲ្យមានការធ្លាក់ចុះការលក់រថយន្ត ៥០ ភាគរយរបស់ក្រុមហ៊ុនរបស់ប្រទេសទាំង ២ នេះក្នុងរយៈពេលតែ ១ ខែ»។
កាលពីឆ្នាំមុនអ្នកប្រើប្រាស់របស់ចិនបាននាំគ្នាប្រឆាំងនឹងក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូង Lotte ដែលបានបង្ខំឲ្យក្រុមហ៊ុននេះបិទហាងរបស់ខ្លួនចំនួន ៣ ភាគ ៤ នៃហាងក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះបានផ្តល់ឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលនូវដីមួយកន្លែង ដើម្បីដំឡើងខែលការពារមីស៊ីលអាមេរិកដែលទីក្រុងប៉េកាំងបានជំទាស់។
អប់រំ និងទេសចរណ៍
ចិនអាចចាប់ផ្តើមកំណត់ចំនួនភ្ញៀវទេសចរធំៗដែលចំណាយប្រាក់ច្រើន និងនិស្សិតរបស់ខ្លួនចំនួន ៣៥០ ពាន់នាក់ដែលទៅសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលនឹងមានផលប៉ះពាល់ខ្លាំងទៅលើទីផ្សារអាមេរិក។
លោក Mark Williams បានថ្លែងថា៖ «ការចំណាយរបស់ចិនទៅលើការធ្វើដំណើរ និងការអប់រំនៅអាមេរិកមានទំហំប្រហែលគ្នានឹងការចំណាយរបស់ចិនលើការទិញសណ្តែកសៀង និងយន្តហោះអាមេរិកដែលទាំង ២ នេះគឺជាការទិញទំនិញធំបំផុត»។
អ្នកជំនាញរូបនេះបានកត់សម្គាល់ថា ចិនកាលពីពេលមុនបានដាក់កម្រិតក្រុមហ៊ុនទេសចរណ៍ឲ្យដាក់សម្ពាធលើកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។
ទោះយ៉ាងណាក្តីលោកបានបន្ថែមថា៖ «ចិនអាចមានអារម្មណ៍ថា សាកលវិទ្យាល័យអាមេរិកមានឥទ្ធិពលដែលនៅមានកម្រិតលើរដ្ឋបាលលោក ត្រាំ ហើយការកំណត់ចំនួនសិស្សអាចប៉ះពាល់កិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្ររបស់ចិន»។
ឧបសគ្គចំពោះក្រុមហ៊ុន ផលិតយន្តហោះ Boeing
ក្រុមហ៊ុន Boeing លក់យន្តហោះ ១ ភាគ ៤ នៃយន្តហោះរបស់ខ្លួនក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតទី ២ ក្នុងពិភពលោក ហើយក្រុមហ៊ុនយន្តហោះអាមេរិកនេះជាគូប្រកួតប្រកៀកប្រកើយជាមួយក្រុមហ៊ុនយន្តហោះអឺរ៉ុប Airbus។
ការណ៍នេះអាចជាចំណុចដាក់សម្ពាធមួយទៀត ដោយសារក្រុមហ៊ុនអាកាសចរណ៍ចិនភាគច្រើនបំផុតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលការបញ្ជាទិញរបស់ក្រុមហ៊ុនទាំងនោះត្រូវបានបង្គាប់យ៉ាងតឹងរ៉ឹងដោយទីក្រុងប៉េកាំង។
បើទោះបីជាការបញ្ជាទិញត្រូវបានរៀបចំផែនការសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខក្តីក៏កាសែត Global Times របស់រដ្ឋចិនបានលើកឡើងពីការព្រមានមួយរួចហើយដោយបានរាយការណ៍ថា ទីក្រុងប៉េកាំងអាចនឹង «កែសម្រួលទំហំលក់»។
ប័ណ្ណបំណុល និងការទម្លាក់ថ្លៃរូបិយប័ណ្ណ
ដោយមានប្រាក់បម្រុងជារូបិយប័ណ្ណបរទេសដ៏ច្រើនរបស់ខ្លួន ចិនកាន់កាប់ប័ណ្ណបំណុលរតនាគារអាមេរិកក្នុងតម្លៃប្រមាណ ១,២ ពាន់ពាន់លានដុល្លារ ហើយមានការរាយការណ៍ថា ក្រុមមន្ត្រីបានចាប់ផ្តើមពន្យឺត និងបញ្ឈប់ ការទិញរបស់ពួកគេ។
បើទោះជាមនុស្សមួយចំនួនមើលឃើញថា ចំណុចនេះជាវិធីសាស្ត្រចរចាដ៏មានអំណាចជាមួយទីក្រុងវ៉ាស៊ីនតោនក្តី ក៏វាជាអាវុធមុខ ២ សម្រាប់ទីក្រុងប៉េកាំង ដោយសារការបោះចោលប័ណ្ណបំណុលនឹងបង្កឲ្យមានការខាតបង់ដល់ខ្លួនឯងវិញ។
អាវុធមួយទៀតដែលទីក្រុងប៉េកាំងមានគឺរូបិយប័ណ្ណយន់ដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយធនាគារកណ្តាលដែលអាចធ្លាក់ថ្លៃដើម្បីគាំទ្រក្រុមហ៊ុននាំចេញ។
ប៉ុន្តែជាថ្មីម្តងទៀតការណ៍នេះនឹងអាចក្លាយជារបួសដែលបង្កដោយខ្លួនឯងផងដែរ ដោយសារវាអាចបង្កឲ្យមានលំហូរចេញមូលធនក្នុងបរិមាណធំពីប្រទេសចិន។ នេះបើតាមលោកស្រី Julian Evans-Pritchard មកពីក្រុមហ៊ុន Capital Economics។
លោកស្រីថ្លែងថា៖ «បើទោះជាការទម្លាក់តម្លៃរូបិយប័ណ្ណអាចប៉ះប៉ូវមួយចំនួនដល់ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយពន្ធគយអាមេរិកក្តីក៏នឹងមានហានិភ័យធំជាងមុនចំពោះស្ថិរភាពហិរញ្ញវត្ថុ ដែលនឹងមិនមានតម្លៃដើម្បីធ្វើដូច្នេះទេ»។
កិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងក៏ជាអាវុធមួយផងដែរសម្រាប់ចិន។ លោក ត្រាំ ពឹងផ្អែកយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការរារាំងមហិច្ឆតានុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន៕ PS