ក្រុងញូវយ៉កៈ ការកើនឡើងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជំរុញឲ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ចរបស់អាមេរិក។ នេះបើយោងតាមអតីតមន្ត្រីជាន់ខ្ពស់អាមេរិក ២ រូប។
លោក Jacob Lew អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ថ្លែងថា ជម្លោះពាណិជ្ជកម្មដែលកាន់តែអាក្រក់ឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំទាំង ២ នេះ នឹងបង្កឲ្យមានការអាក់ខានដល់ចង្វាក់ផ្គង់ផ្គង់ពិភពលោក ព្រមទាំងសមត្ថភាពរបស់ប្រទេសទាំង ២ ក្នុងការធ្វើពាណិជ្ជកម្មផងដែរ។
ក្នុងកម្មវិធីពិភាក្សានាពេលថ្មីៗមួយក្នុងទីក្រុងញូវយ៉ក លោក Lew មានប្រសាសន៍ថា៖ «ហើយបន្ទាប់មក វា [សង្គ្រាមពាណិជ្ជកម្ម] រាលដាលទៅជាហានិភ័យភូមិសាស្រ្តនយោបាយ ដែលនឹងបង្កើតឲ្យមានភាពមិនប្រាកដប្រជា។ ភាពមិនប្រាកដប្រជាមិនមែនជាគ្រឿងផ្សំដ៏ធំមួយក្នុងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកដែលមានរយៈពេល ១០ ឆ្នាំ» ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ នោះទេ។
លោក Lew ដែលបច្ចុប្បន្ន គឺជាដៃគូម្នាក់ប្រចាំក្រុមហ៊ុនមូលនិធិវិនិយោគឯកជនរបស់អាមេរិក កត់សម្គាល់ថា អាមេ-រិកទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីនាមជាអ្នកបោះផ្សាយរូបិយប័ណ្ណបម្រុងពិភពលោក និងជាមជ្ឈមណ្ឌលធនាគារពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោកបានបន្ថែមថា លោកជឿថា ការដំឡើងពន្ធ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់ ទីក្រុងវ៉ាស៊ីនតោន «បានបង្កើតភ្លើងលឿងជុំវិញពិភពលោកដែលកំពុងបង្កឲ្យមនុស្សមានភាពប្រុងប្រយ័ត្នក្នុងការធ្វើអាជីវកម្ម» នៅអាមេរិក។
លោកថ្លែងថា ផលវិបាកនឹងកើតមានលើសពីថាតើផលិតផលក្នុងស្រុកសរុបនឹងបាត់បង់ប៉ុន្មានភាគរយ។ លោកថា៖ «ខ្ញុំគិតថា ហានិភ័យរយៈពេលវែងចំពោះសេដ្ឋកិច្ចអាមេរិកមានទំហំធំ និងខ្លាំងគួរសម»។
លោក Donald Kohn ដែលធ្លាប់បម្រើការងារក្នុងធនាគារកណ្តាលអាមេរិកអស់រយៈពេល ៤០ ឆ្នាំ បានឲ្យដឹងថា ទីផ្សារភាគហ៊ុន និងទីផ្សារហិរញ្ញវត្ថុពិភពលោក នឹងរងគ្រោះពីភាពចលាចលណាមួយក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន។
លោកថា អាមេរិកមានឱនភាពពាណិជ្ជកម្មព្រោះប្រទេសនេះចំណាយច្រើនជាងផលិត ហើយអាមេរិកនាំចូលទំនិញដើម្បីបំពេញទៅតាមការចំណាយ ដែលទំនិញទាំងនោះមិនផលិតក្នុងស្រុក៕ People''s Daily/KC