ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ចំណាយ​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ ២ ​ពាន់​លាន​ដុល្លារ​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​គ្រប់គ្រង​ផលប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​ចំនួន​ ៨ ​ជុំ​រួចមកហើយ​។

ការលើកឡើង​របស់​លោក វិស្សុត ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អាស៊ាន​លើក​ទី​២៥ (25th AFMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល អាស៊ាន​លើក​ទី​៧ (7th AFMGM) និងកិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

លោក​បានលើកឡើង​អំពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត គោលនយោបាយ​កំណែទម្រង់​នានា​សំដៅ​បង្កើន​ភាពប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ​ទាំង​ក្នុងប្រទេស និង​ឆ្លងកាត់​ព្រំដែន​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​គ្រប់គ្រង​ផលប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ចំនួន​ ៨ ​ជុំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ១ ១៦៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ និង​ ៧១៩ ​លាន​ដុល្លារ​ ចាប់ពី​ដើមឆ្នាំ​ ២០២១ ​មក​។

កាលពី​ថ្ងៃទី​ ២៥ ខែមីនា រដ្ឋាភិបាល​បានប្រកាស​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ជុំ​ទី​៨ ​សម្រាប់​វិស័យ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប​ដែល​រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់​កម្មករ និយោជិត​ ១ ​នាក់​ដែល​បំពេញ​ការងារ​នៅក្នុង​វិស័យនេះ​សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត​ពី​ខែ​មេសា ​ដល់​ខែមិថុនា ឆ្នាំ​ ២០២១​។ ម្ចាស់​រោងចក្រ សហគ្រាស ក្នុង​វិស័យនេះ​ត្រូវ​បន្ថែម​ចំនួន​ ៣០ ​ដុល្លារ​សម្រាប់​កម្មករនិយោជិត​ ១ ​នាក់ (​ជា​សរុប​កម្មករនិយោជិត​ ១ ​នាក់​ទទួលបាន​ ៧០ ​ដុល្លារ ១ ​ខែ​)​។

លោក Anthony Galliano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​ខេមបូឌាគ្រុប​បាន​មានប្រសាសន៍​ថា ដោយមាន​ការគាំទ្រ​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​ពិតជា​បាន​ចូលរួមចំណែក​ធ្វើឱ្យ​អាជីវកម្ម​តូចៗ​នៅមាន​ដំណើរការ​ទៅមុខ​យ៉ាង​សន្សឹមៗ​។

លោក​បន្តថា​៖ «​យើង​សង្កេតឃើញ​ថា រដ្ឋាភិបាល​នៅតែ​បន្ត​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​បរិយាកាស​ធុរកិច្ច​ដ៏លំបាក​ដែល​មិន​ធ្លាប់មាន​នេះ​។ ទន្ទឹមនឹង​ការផ្តល់​សាច់ប្រាក់​ងាយស្រួល (Liquidity) ​ដល់​អាជីវកម្ម​ដែល​កំពុង​ជួប​ការលំបាក​តាមរយៈ​ប្រាក់​កម្ចី​ធានា គឺ​មាន​ប្រយោជន៍​ណាស់​ក្នុង​ការលើក​ទឹកចិត្ត​ពន្ធ​បន្ថែម​គឺ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​»​។

បើ​យោងទៅតាម​លោក វង្សី វិស្សុត រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឆ្នាំ​ ២០២១-២០២៣ ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន​ ៣ គឺ​ទី​១ ការងើប​ឡើងវិញ និង​ការរស់រាន (Revival and Survival) ទី២ ការកែទម្រង់ (Reform) ផ្តោតលើ​ការប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព ដោយ​ផ្តោតលើ​ការធ្វើ​ពិពិធកម្ម និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​ទី​៣ ការលើកកម្ពស់​ភាពធន់ (Resilience) ​របស់​កម្ពុជា​ទប់ទល់​នឹង​វិបត្តិ​៕ LA