ក្រុង​វ៉ាស៊ីនតោនៈ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពន្ធ​នាំចូល​ពាណិជ្ជកម្ម​ខ្ពស់​​ដែល​​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ដក​​ហូត​កាល​ពី​ឆ្នាំ​មុន បាន​នាំ​យក​ទឹក​ប្រាក់​ ៩ ពាន់​​លាន​ដុល្លារ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​​​​ហិប​ប្រាក់​របស់​​រដ្ឋាភិបាល​នៅ​ត្រីមាស​ទី ៣ ប៉ុន្តែ​ឱនភាព​សារពើពន្ធ​​នៅ​តែ​មាន​កម្រិត​​ខ្ពស់​ជាង​ឆ្នាំ​ ២០១៧ ចំនួន ៤២ ភាគរយ។

លោក ត្រាំ បាន​លើក​ឡើង​ដដែល​ៗ ​អំពី​ពន្ធ​នាំចូល​ដែល​​ដក​ហូត​​កាល​ពី​ឆ្នាំ​មុន ជា​ពិសេស​​លើ​ការ​នាំចូល​ប្រចាំ​ឆ្នាំ​ក្នុង​តម្លៃ​ ២៥០ ពាន់​លាន​ដុល្លារ​ពី​ប្រទេស ចិន​​ ថា​ជា​អត្ថ​ប្រយោជន៍​មួយ​​សម្រាប់​រដ្ឋាភិបាល​​អាមេរិក​​ដែល​ត្រូវ​បាន​បង់​ដោយ​​ក្រុមហ៊ុន​របស់​ប្រទេស ចិន​ នៅ​ពេល​ដែល​តាម​ការ​ពិត​ទៅ ប្រាក់​ពន្ធ​ទាំង​នោះ​ត្រូវ​បានបង់​​​ដោយ​​​ក្រុមហ៊ុន​របស់​អាមេរិក​ទៅ​វិញ​ទេ។​

លោក​ ត្រាំ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា នៅ​ពេល​នេះ​ប្រទេស ចិន ​កំពុង​តែ «​ចំណាយ​​រាប់​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​សិទ្ធិ​ចូល​​ក្នុង​ទីផ្សារ​អាមេរិក​»។​

ពន្ធ​គយ​សរុប​ដែល​​បាន​ប្រមូល បាន​កើន​ឡើង​ដល់ ១៨​ ពាន់​លាន​ដុល្លារ ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ ​២០១៧ ខណៈ​ដែល​​នៅ​ខែ​ធ្នូ ប្រាក់​ពន្ធ​គយ​នេះ​បាន​កើន​ឡើង ​២ ដង​ដល់​ ៦​ ពាន់​​លាន​ដុល្លារ។ នេះ​បើ​​តាម​របាយ​ការណ៍​ថវិកា​​ប្រចាំ​ខែ​។​

លោក ត្រាំ ក៏​បាន​ហូត​ពន្ធ​ពិន័យ​ខ្ពស់​​ផង​​ដែរ​លើ​ដែក​ថែប និង​អាលុយ​មីញ៉ូម​នាំចូល ព្រម​ទាំង​​ទំនិញ​ផ្សេង​ទៀត​ដូច​ជា​បន្ទះ​សូឡា និង​ម៉ាស៊ីន​បោកគក់ ក្នុង​​គោល​បំណង​​​ការពារ​ឧស្សាហកម្ម​អាមេរិក​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​​តបត​វិញ​​ពី​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក​ជា​ច្រើន។​

ប៉ុន្តែ​របាយការណ៍​នេះ​បាន​បង្ហាញ​ថា ​ទោះ​បី​មាន​​​កំណើន​ក្នុង​ការ​ប្រមូល​ពន្ធ​គយ​​ក៏​ដោយ ក៏​ឱនភាព​​សារពើពន្ធ​អាមេរិក​នៅ​ត្រី​មាស​ទី១ ​នៃ​ឆ្នាំសារពើពន្ធ​ ​២០១៩ ដែល​​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី ១ ​ខែ​តុលា ឆ្នាំ​មុន បាន​​កើន​ឡើង​ចំនួន​ ៩៤ ​ពាន់​លាន​ដុល្លារ​ ដល់​​ចំនួន ៣១៩ ​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​កំណើន​ការ​ចំណាយ​ជិត​ ១០០​ ពាន់​លាន​ដុល្លារ​។

កំណើន​ការ​ចំណាយ​​​​រួម​មាន​កំណើន​ដ៏​ច្រើន​សម្រាប់​​​ការ​ចំណាយ​លើ​ប្រព័ន្ធ​ថែ​រក្សា​សុខភាព សន្ដិ​សុខ​សង្គម ការពារ​ជាតិ និង​កំណើន ​១៨​ ពាន់​លាន​ដុល្លារ​​នៃ​​​ការ​ប្រាក់​សម្រាប់​បំណុល​សាធារណៈ ដែល​នៅ​ខែ​នេះ​បាន​​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ២២ ​ពាន់​ពាន់​លាន​ដុល្លារ​៕ AFP/LA