The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិធានការ $១,៥ ពាន់​លាន​​ ​ដើម្បី​ជួយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ម៉ិក​ស៊ិក​នឹង​ត្រូវ​ប្រកាស

វិធានការ $១,៥ ពាន់​លាន​​ ​ដើម្បី​ជួយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ម៉ិក​ស៊ិក​នឹង​ត្រូវ​ប្រកាស

Content image - Phnom Penh Post
​​ទិដ្ឋភាព​នៅស្ថានីយប្រេង​របស់​ក្រុមហ៊ុន Pemex របស់​ម៉ិកស៊ិក។ រូបថត AFP

វិធានការ $១,៥ ពាន់​លាន​​ ​ដើម្បី​ជួយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ម៉ិក​ស៊ិក​នឹង​ត្រូវ​ប្រកាស

ក្រុង​ម៉ិកស៊ីកូៈ លោក Manuel Lopez Obrador ប្រធានាធិបតី​របស់​​ប្រទេស ​ម៉ិកស៊ិក បាន​ឲ្យ​ដឹង​កាល​​ពី​ចុង​សប្តាហ៍​មុន​ថា ឆាប់​ៗ​នេះ​លោក​​នឹង​ប្រកាស​ពី​ផែនការ​សង្គ្រោះ​មួយ​សម្រាប់​ក្រុមហ៊ុន​ប្រេង​រដ្ឋ Pemex ដែល​កំពុង​ជួប​បញ្ហា​ដោយ​លើក​ឡើង​ថា ផែនការ​សង្គ្រោះ​នេះ​នឹង​​មាន​ទឹក​ប្រាក់​ប្រហែល ១,៥ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន Pemex របស់​រដ្ឋាភិបាល​ម៉ិកស៊ិក កំពុង​តស៊ូ​នឹង​បញ្ហា​បំណុល​ដែល​មាន​ជាង ១០០ ពាន់​លាន​ដុល្លារ និង​ការ​ធ្លាក់ចុះ​ផលិតកម្ម​ប្រេង​ជា​ច្រើន​ឆ្នាំ ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​នេះ​ត្រូវ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​បំណុល​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​ចំណាត់​ថ្នាក់​បំណុល Fitch ទៀត​ផង។

ដោយ​ព្យាយាម​រក្សា​និរន្តរភាព​ក្រុមហ៊ុន​នេះ​ រដ្ឋាភិបាល​របស់​លោក Lopez Obrador បាន​ប្រកាស​វិធានការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ជា​ច្រើន​​សម្រាប់​ក្រុមហ៊ុន Pemex ហើយ​​​បច្ចុប្បន្ន​នឹង​ប្រកាស​វិធានការ​បន្ថែម​ទៀត​​នៅ​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​​តាម​ការ​ឲ្យ​ដឹង​របស់​មេ​ដឹកនាំ​ឆ្វេង​និយម​រូប​នេះ។

លោក​​​​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​​មួយ​ថា៖ «សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​រួច​ហើយ។ យើង​​នឹង​ពង្រឹង​ក្រុមហ៊ុន Pemex ដើម្បី​សង្គ្រោះ​ក្រុមហ៊ុន Pemex ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​នេះ​មាន​លទ្ធភាព​សង​បំណុល​វិញ​​បាន»។

លោក​បាន​ថ្លែង​ថា ផែន​ការ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​កាត់​បន្ថយ​បន្ទុក​សារ​ពើពន្ធ​របស់​ក្រុមហ៊ុន​ផង​ដែរ ហើយ​លោក​មិន​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​​ចាក់​បញ្ចូល​សាច់​ប្រាក់​​​ជួយ​ក្រុមហ៊ុន​នេះ​ឡើយ។

លោក​បាន​បន្ថែម​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បរិមាណ​ទឹក​ប្រាក់​សង្គ្រោះ​សរុប​ស្ថិត​ក្រោម​ការ​ពិភាក្សា​នេះ មាន​ «ប្រហែល ១,៥ ពាន់​លាន​ដុល្លារ»។

នៅ​ក្នុង​កំណត់​ហេតុ​ទម្លាក់​ចំណាត់​ថ្នាក់​បំណុល​របស់​ខ្លួន ក្រុមហ៊ុន Fitch បាន​ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន Pemex ត្រូវ​ការ​ទឹក​ប្រាក់​បន្ថែម​ពី ៩ ទៅ ១៤ ពាន់​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ​ ដើម្បី​អាច​ឲ្យ​ងាក​មករក​ស្ថានភាព​និរន្តរភាព​វិញ​បាន។

លោក​ប្រធានាធិបតី Lopez Obrador ដែល​បាន​ចូល​កាន់​តំណែង​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន​បាន​ថ្លែង​ថា៖ «ដោយ​សារ​ការ​គ្រប់គ្រង​មិន​ល្អ​ដោយ​រដ្ឋាភិបាល​​មុន​ៗ ដែល​បាន​យក​ប្រាក់​ចំណូល​ទាំង​អស់​របស់​ក្រុមហ៊ុន​នេះ​ជា​​មួយ​​នឹង​ការ​ដំឡើង​ពន្ធ​ខ្ពស់ ក្រុមហ៊ុន Pemex បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​​មួយ​ដូច​សព្វ​ថ្ងៃ​នេះ»។

លោក Lopez Obrador ​កន្លង​មក​បាន​​ប្រកាស​ពី​ការ​កើន​ឡើង​ថវិកា​ ៣,៧ ពាន់​លាន​ដុល្លារ​ក្នុង​ថវិកា​​របស់​ក្រុមហ៊ុន Pemex។ ការ​លើកលែង​ផ្នែក​ពន្ធ​ដែល​ត្រូវ​បាន​ប្រកាស​​នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នឹង​មាន​តម្លៃ​ប្រហែល ៣,៥ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០២៤។

ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន Fitch បាន​ឲ្យ​ដឹង​ថា លទ្ធផល​​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ក្រុមហ៊ុន Pemex៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍