ភ្នំពេញៈ ក្រុមប្រតិភូជំនួញមួយក្រុមរបស់ប្រទេសកាណាដា ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជានឹងជួបពិភាក្សាជាមួយអ្នកជំនួញ និងវិនិយោគិនក្នុងស្រុកដើម្បីចាប់ដៃគូ និងធ្វើការស្វែងយល់ពីសក្តានុពលជំនួញនិងឱកាសវិនិយោគនៅកម្ពុជានៅថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះគឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មករា ដែលដឹកនាំដោយលោកឯកអគ្គរដ្ឋទូតកាណាដា លោក Philip Calvert ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននាទីក្រុងបាងកក។ ពួកគេមកពីវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា សុខាភិបាល គ្រឿងសម្ភារកសិកម្ម និងបច្ចេកវិទ្យាទំនើបៗផ្សេងទៀតផងដែរ។
កាលពីរសៀលថ្ងៃម្សិលមិញ លោក Philip Calvert ក៏បានជួបពិភាក្សាជាមួយនឹងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសដោយលោកបានធ្វើការអះអាងថាប្រទេសកាណាដានៅតែបន្តផ្តល់នូវការអនុគ្រោះពន្ធនាំចូលដល់កម្ពុជាក្នុងបំណងបន្ដជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក អ៊ុច បូររិទ្ធ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា «គណៈប្រតិភូធុរកិច្ចកាណាដាចំនួន៨នាក់ កំពុងទស្សនកិច្ចនៅកម្ពុជាដើម្បីពិភាក្សាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជ និងវិស័យវិនិយោគទុន»។
លោកបន្តថា៖ «ប្រទេសកាណាដា បានបន្តផ្តល់ការអនុគ្រោះពន្ធនាំចូល GSP ដល់កម្ពុជា លើវិស័យឧស្សាហកម្មកាត់ដេរ និងការនាំទំនិញផ្សេងទៀត ដែលការអនុគ្រោះពន្ធនេះ កាន់តែធ្វើឲ្យវិស័យកាត់ដេរ ពាណិជ្ជកម្ម និងវិស័យកសិកម្ម កម្ពុជា ទទួលបាននូវភាពអនុគ្រោះពន្ធ»។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ប្រទេសកាណាដា ឈរនៅលំដាប់លេខរៀងទី ៦ សម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញគិតជាទឹកប្រាក់ប្រមាណជាជាង ៤០០ លានដុល្លារ ហើយទំនិញដែលកម្ពុជានាំចេញទៅកាណាដាច្រើនជាងគេនោះគឺផលិតផលសម្លៀកបំពាក់កាត់ដេរ និងវាយនភ័ណ្ឌ។
បើតាមលោក អ៊ុច បូររិទ្ធ លោក Philip Calvert បានអះអាងផងដែរថា ប្រទេសកាណាដា បានបើកការិយាល័យតំណាងនៅភ្នំពេញ មុនការឈានទៅបើកស្ថានទូតកាណាដានៅកម្ពុជាជាផ្លូវការនៅពេលខាងមុខដើម្បីធ្វើការពង្រឹងទំនាក់ទំនងវិស័យពាណិជ្ជកម្ម ជំនួញ ទេសចរណ៍ ការវិនិយោគពីកាណាដាមកកាន់កម្ពុជា និងក្នុងបំណងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
នៅដើមខែកុម្ភៈ កាណាដា នឹងបញ្ជូនប្រតិភូដឹកនាំដោយអគ្គលេខាធិការក្រសួងការបរទេសកាណាដាមកកម្ពុជាដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាបានទទួលភ្ញៀវទេសចរកាណាដា ៣៧ ៥២៥ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤៕