
ក្រុមហ៊ុនមកពីប្រទេស កូរ៉េខាងត្បូង ចំនួន ២៣ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានៅអំឡុងពេលនៃការដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េនៅកម្ពុជាកាលពីចុងសប្តាហ៍មុន។ សហការី
ភ្នំពេញៈ ក្រុមហ៊ុនមកពីប្រទេស កូរ៉េខាងត្បូង ចំនួន ២៣ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានៅអំឡុងពេលនៃការដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េនៅកម្ពុជាកាលពីចុងសប្តាហ៍មុន។
ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលរបស់ប្រទេស កូរ៉េ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េនៅភ្នំពេញ (Kotra) បានរៀបចំជំនួបពាណិជ្ជកម្មមួយ រវាងវិនិយោគិនកូរ៉េជាមួយនឹងវិនិយោគិនកម្ពុជា កាលពីថ្ងៃទី ១៥ ខែ មីនា នៅសណ្ឋាគារភ្នំពេញ។
លោក Kim Dohyun អ្នកគ្រប់គ្រងមជ្ឈមណ្ឌល Kotra បានឲ្យដឹងថាជំនួបដែលមានការចូលរួមពីវិនិយោគិនមកពីប្រទេស កូរ៉េ ចំនួន ២៣ ក្រុមហ៊ុនជាមួយវិនិយោគិនខ្មែរប្រមាណ ៨០ ក្រុមហ៊ុននេះ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះពួកគេអាចមានឱកាសបានសិក្សាស្វែងយល់ពីគ្នាដើម្បីឈានទៅចាប់ដៃគូវិនិយោគជាមួយគ្នា។
លោកថ្លែងថា៖ «កម្ពុជាជាទីផ្សារដែលមានសក្តានុពលខ្លាំងសម្រាប់វិនិយោគិនកូរ៉េ ជាពិសេសទៅលើវិស័យមួយចំនួនដូចជាកសិកម្ម កសិឧស្សាហកម្ម និងវាយនភណ្ឌ»។
ក្រុមហ៊ុនកូរ៉េ ដែលបានចូលរួមក្នុងជំនួបពាណិជ្ជកម្មនេះ មានដូចជាវិស័យសំណង់ ថ្នាំពេទ្យ សម្អាងការ គ្រឿងចក្រម្ហូបអាហារ និងភេសជ្ជៈជាដើម។
លោក Yunjeong Bong នាយកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារអ៊ីនធឺណិត Sein Systems បានឲ្យដឹងថា កម្ពុជាជាទីផ្សារដែលមានកំណើននៃការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតខ្ពស់ ដូច្នេះតម្រូវការឧបករណ៍សម្រាប់បម្រើដល់សេវាកម្មអ៊ីនធឺណិត កំពុងមានតម្រូវការយ៉ាងច្រើន។
បច្ចុប្បន្ននេះ ទំនិញដែលកម្ពុជានាំទៅប្រទេស កូរ៉េខាងត្បូង មានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអេឡិចត្រូនិក ស្បែកជើង កាបូប កៅស៊ូ និងឱសថ ចំណែកទំនិញដែលកម្ពុជានាំចូលពីប្រទេស កូរ៉េ ភាគច្រើនជាក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ និងផលិតផលប្លាស្ទិក។
ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងកូរ៉េ ឆ្នាំ២០១៨ មានតម្លៃ ៩៧៥ លានដុល្លារ កើនឡើង ១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៧។
ទិន្នន័យរបស់ Korea Eximbank បានឲ្យដឹងថា ក្នុងចំណោមការវិនិយោគធំៗរបស់កូរ៉េខាងត្បូងនៅកម្ពុជា រួមមានវិស័យអចលនទ្រព្យ ២៩ ភាគរយ ធនាគារ និងហិរញ្ញវត្ថុ ២១ភាគរយ សំណង់ ១៨ ភាគរយ រោងចក្រ ១៥ ភាគរយ និងកសិកម្ម ៤ ភាគរយ៕LA