ភ្នំពេញ: កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​ស្រាបៀរ​ថ្មី​មួយទៀត​ក្នុង​ខេត្ត​កណ្តាល ក្រោម​ទុន​វិនិយោគ​ជាង ១៦០ ​លាន​ដុល្លារ ដែល​រោងចក្រ​ថ្មី​នេះ​នឹង​ជួយ​បំពេញ​តម្រូវការ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​សម្រេច​អនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​មួយ​ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ គម្រោង​ដែលមាន​ទុនវិនិយោគ​ ១៦០,៦ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៥៤៥ កន្លែង​នេះ​ គឺជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Hanuman Beverages Co., Ltd​។

លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​ស្វាគមន៍​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​នេះ​។ លោក​បន្តថា គម្រោង​បង្កើត​រោងចក្រ​នេះ​នឹង​ជួយ​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ខ្ញុំ​ក៏ដូចជា​ក្រសួង​តែងតែ​ស្វាគមន៍​រាល់​គម្រោង​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច ហើយ​យើង​តែង​គាំទ្រ​ដល់​ការបង្កើត​រោងចក្រ​ថ្មីៗ​បន្ថែម ព្រោះ​ការបង្កើត​រោងចក្រ​នឹង​ជួយ​បង្កើន​មុខរបរ និង​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​»​។

លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទាក់ទាញ​វិនិយោគិន​នៅក្នុង​ស្រុក និង​បរទេស និង​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​កាត់បន្ថយ​ការនាំ​ចូលមក​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​ផលិតផល​ស្រាបៀរ​មិនមែន​ជា​ផលិតផល​ចាំបាច់​នោះទេ ប៉ុន្តែ​ប្រសិន​បើ​ជា​តម្រូវការ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​នៅតែ​មាន និង​អាចធ្វើ​ការប្រកួតប្រជែង​បាន​ កម្ពុជា​គួរតែ​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​រោងចក្រ​ប្រភេទ​នេះ​តាម​លទ្ធភាព​នៃ​ការវិនិយោគ​ជាក់ស្តែង​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ក្រៅពី​ស្រាបៀរ​កម្ពុជា​ក៏មាន​ផលិត​ភេសជ្ជៈ​ផ្សេងទៀត​ដែល​មិនមែន​គ្រឿង​ស្រវឹង​ដែរ ដើម្បី​ជំនួស​ឲ្យ​ការ​នាំចូល​ដូចជា​ទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ​ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ជាទូទៅ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​រយៈពេល ១ ​ឆ្នាំ​សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ប្រសិន​បើ​ខកខាន​ក្នុង​រយៈពេល​កំណត់​នេះ​ក្រុមហ៊ុន​ត្រូវដាក់​ស្នើសុំ​អនុម័ត​ជាថ្មីទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការវិនិយោគ​លើ​គម្រោង​រោងចក្រ​ផលិត​ស្រាបៀរ​នេះ​មកពី​ក្រុមហ៊ុន​មើល​ពី​តម្រូវការ​ខ្ពស់​នៅ​ស្រុក​យើង ព្រមទាំង​ផលិត​សម្រាប់​នាំចេញ​»​។

យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ផ្តល់​ឲ្យ​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិតស្រាបៀរ និង​ភេសជ្ជៈ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន ១០ ​គឺ​ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co., Ltd និង​ក្រុមហ៊ុន Phnom Penh Beer Co., Ltd៕ LA