ក្រោយពី​កិច្ចចរចា​រវាង​សេតវិមាន​សហរដ្ឋ​អាមេរិក​ និង​គណបក្ស​ប្រជាធិបតេយ្យ​លើ​គម្រោង​កញ្ចប់​ថវិកា​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​បាន​បញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​រួចមក ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្ដិ​ស្ដីពី​ការផ្អាក​យកពន្ធ​លើ​ប្រាក់ខែ​របស់​កម្មករ​និយោជិត​សហរដ្ឋអាមេរិក​កាលពី​រសៀល​ថ្ងៃ​សៅរ៍​កន្លងទៅ​។

តាមរយៈ​បទបញ្ជា​ប្រតិបត្ដិ​នេះ​កម្មករនិយោជិត​ដែល​មាន​ចំណូល​តិចជាង ១០០ ០០០ ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​នឹង​ទទួល​បាន​ការលើកលែង​ពន្ធ​លើ​ប្រាក់ខែ​ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០​។ វិធានការ​នេះ​នឹង​ជួយ​សម្រួល​ដល់​តម្រូវការ​នៃ​ការចាយវាយ​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឱ្យ​មាន​ផលអវិជ្ជមាន​ផងដែរ​នៅ​ថ្ងៃ​អនាគត ទោះបី​ជា​វា​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​ក៏ដោយ​។

ក្រៅពី​ការផ្អាក​ការកាត់​ពន្ធ​លើ​ប្រាក់ខែ វិនិយោគិន​ក៏​កំពុង​បន្ដ​តាមដាន​លើ​ការចរចា​អំពី​ជំហាន​បន្ទាប់​នៃ​យន្ដការ​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​។

ខណៈ​ក្ដីសង្ឃឹម​កំពុង​មាន​ការកើនឡើង​ទៅលើ​គម្រោង​ផ្ដល់ជំនួយ​ដល់​បណ្ដា​រដ្ឋ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បាន​ជាប់គាំង​ក្នុង​កិច្ចចរចា​រវាង​សេតវិមាន​សហរដ្ឋ​អាមេរិក​ និង​គណបក្ស​ប្រជាធិបតេយ្យ ការអូសបន្លាយ​នៃ​ការ​ឈានដល់​កិច្ចព្រមព្រៀង​ណាមួយ​បែបនេះ​នាំឱ្យ​ប្រាក់​ដុល្លារ​អាមេរិក​មិន​អាច​ស្ទុះ​ឡើង​ខ្លាំង​នោះទេ​។ ដូច្នេះ តម្លៃ​មាស​នឹង​មិន​ធ្លាក់ចុះ​ខ្លាំង​ជាង​តម្លៃ​បច្ចុប្បន្ន​របស់​វា​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​។

តម្លៃ​មាស​មាន​ទំនោរ​ធ្លាក់ចុះ​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ពី​តម្លៃ​ខ្ពស់ ២ ០៧២,៥០ មក​ ១ ៩០១ ដុល្លារ​អាមេរិក​ក្នុង​ ១ ​អោនស៍​នៅ​ថ្ងៃ​អង្គារ​នេះ​។

ដោយ​ផ្អែកទៅលើ​ការវិភាគ​ព័ត៌មាន​ និង​បច្ចេកទេស វិនិយោគិន​គួរ​ពិចារណា​លក់​មាស​ក្នុង​ចន្លោះ​តម្លៃ ១ ៩២០ ទៅ ១ ៩៧២ ដុល្លារ​អាមេរិក​ក្នុង ១ ​អោនស៍​នៅក្នុង​សប្ដាហ៍​នេះ ហើយ​កំណត់​មុខងារ​បញ្ឈប់​ការខាតបង់​នៅ ១ ៩៨០ និង​កំណត់​ប្រាក់ចំណេញ​នៅ ១ ៨៧២ ទៅ ១ ៨២៥ និង ១ ៧៥០ ដុល្លារ​ក្នុង​ ១ ​អោនស៍​៕