ភ្នំពេញ: ទីក្រុងភ្នំពេញអាចទទួលបានគម្រោងវិនិយោគសាងសង់ស្ថានីយចំណតរថយន្តធុនធំដ៏ទំនើបលើកដំបូងនៅជាយក្រុង ខណៈក្រុមវិនិយោគិនមកពីប្រទេសចិនបង្ហាញចំណាប់អារម្មណ៍បោះទុនវិនិយោគ ១៦០ លានដុល្លារ។
ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃអង្គារតំណាងក្រុមហ៊ុននេះ ថ្នាក់ដឹកនាំក្រុមហ៊ុន China Good Cars Holding Ltd បង្ហាញផែនការបោះទុន ១៦០ លានដុល្លារ វិនិយោគលើគម្រោងសាងសង់ស្ថានីយចំណតយានយន្តធុនធំដ៏ទំនើប។
ទាំងភាគីរដ្ឋាភិបាល និង ផ្នែកឯកជនក្នុងវិស័យដឹកជញ្ជូនបានស្វាគមន៍ចំពោះផែនការវិនិយោគនេះ។
បណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគាំទ្រគម្រោងនេះ និងបានតម្រូវឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកសិក្សាលើលក្ខណៈបច្ចេកទេសឲ្យល្អិតល្អន់ហើយតម្រូវឲ្យក្រុមហ៊ុននេះត្រូវដាក់ពាក្យស្នើសុំវិនិយោគនៅច្រកចេញចូលតែមួយនៃក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានឲ្យដឹងថា ការវិនិយោគលើចំណតទំនើបនឹងជួយសម្រួលការដឹកជញ្ជូនកាន់តែល្អប្រសើរ ព្រោះវិស័យដឹកជញ្ជូនកំពុងប្រឈមការខ្វះចំណតរថយន្តដឹកទំនិញធំៗយ៉ាងខ្លាំង។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រគម្រោងវិនិយោគនេះ ព្រោះវាចាំបាច់សម្រាប់ម្ចាស់រថយន្តដឹកទំនិញធុនធំមានចំណតត្រឹមត្រូវ»។
កម្ពុជាមានរថយន្តចុះបញ្ជីសរុប ៦៤០ ១៨៣ ដោយកើន ១៣ ភាគរយក្នុងឆ្នាំ ២០១៩៕