ភ្នំពេញៈ ក្រុមអ្នកវិនិយោគមកពីខេត្ត ហ៊្វូជៀន (Fujian) ប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលមួយចំនួន ពិសេសក្នុងខេត្តព្រះសីហនុ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់។
ក្នុងជំនួបជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក Wei Zheng អគ្គលេខាធិការរងនៃសហព័ន្ធសហគ្រិន និងសហគ្រាស ខេត្ត Fujian ប្រទេស ចិន បានលើកឡើងថា ក្រុមរបស់លោកបានចាប់អារម្មណ៍ខ្លាំងចំពោះការបណ្តាក់ទុននៅកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ដ៏មានសក្តានុពល។
វិស័យដែលក្រុមអ្នកវិនិយោគមកពីខេត្ត Fujian ចាប់អារម្មណ៍មានដូចជា ផ្នែកអេឡិចត្រូនិក អគ្គិសនី រ៉ែ និងថាមពល ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ បរិស្ថាន ទូរគមនាគមន៍ ធនាគារ ការអប់រំ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។
លោក Wei Zheng ក៏បានស្នើឲ្យលោក ចម ប្រសិទ្ធ បំពេញទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិនផងដែរ។
លោក ចម ប្រសិទ្ធ បានលើកឡើងថា ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិនបានធ្វើឲ្យកម្ពុជាក្លាយជាទីចាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុនពីគ្រប់ប្រទេសទាំងអស់លើសកលលោក។ លោកបន្តថាជាមួយគ្នានេះតាមរយ:គោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន ក៏បានចូលរួមចំណែកក្នុងការទាក់ទាញឲ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «សូមស្វាគមន៍ចំពោះបំណងរបស់ភាគីចិនក្នុងការចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយក៏សូមលើកទឹកចិត្តថែមទៀតចំពោះចំណាប់អារម្មណ៍របស់ភាគីចិនមកពីខេត្ត Fujian ទៅលើទីតាំងនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានចាត់ទុកខេត្តនេះទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។
លោកក៏បានប្រាប់ទៀតថា នៅពេលឆាប់ៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងពិធីសម្ពោធការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ ដែលនឹងចំណាយប្រាក់ចំនួន ១៥០ លានដុល្លារ។
ចិននៅតែជាប្រភពការវិនិយោគផ្ទាល់បរទេស (FDI) នាំមុខគេនៅកម្ពុជាក្នុងពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ដែលភាគច្រើនជាការវិនិយោគលើវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងថាមពលអគ្គិសនី។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា លំហូរវិនិយោគរបស់ចិនមកកម្ពុជានៅឆ្នាំ ២០១៨ មានប្រមាណ ៣ ៥៩៤ លានដុល្លារ៕ LA