ភ្នំពេញៈ ក្រុម​វិនិយោគិន​ចិន​ ៤២ ​នាក់​មកពី​វិស័យ​ផ្សេងៗ​គ្នា​បាន​បន្ត​ស្វែងរក​ឱកាស​វិនិយោគ ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​នេះ​កំពុង​ក្លាយ​ជា​ទីតាំង​វិនិយោគ​របស់​ចិន​កាន់តែ​ច្រើន​ឡើងៗ​។

គណៈប្រតិភូ​សហព័ន្ធ​ពាណិជ្ជកម្ម​ចិន​ទាជីវ​សកលលោក (TXCS) ដែល​ដឹកនាំ​ដោយ​លោក លី សុងជាន ប្រធាន​ក្រុមហ៊ុន Mingyuan Group Limited កាលពី​ថ្ងៃ​ចន្ទ​ បាន​ចូលរួម​សន្និសីទ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​លើក​ទី​ ៥ នៃ​សហព័ន្ធ​ពាណិជ្ជកម្ម​ទាជីវ (TXCS) នៅ​ភ្នំពេញ​ជាមួយ​នឹង​ការបង្ហាញ​ពី​ច្បាប់ និង​ព័ត៌មាន​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា​ពី​លោក សុក ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​លោក ពុង ឃាវសែ ប្រធាន​សហព័ន្ធ​ខ្មែរ ចិន នៅ​កម្ពុជា​។

ថ្លែង​ក្នុង​វេទិកា​កាលពី​ថ្ងៃ​ចន្ទ​លោក សុក ចិន្តាសោភា បាន​ថ្លែង​ថា កម្ពុជា គឺជា​ប្រទេស​បើក​ចំហ​ខ្លាំង​បំផុត​ដែល​ក្រុម​វិនិយោគិន​បរទេស​អាច​វិនិយោគ ១០០ ​ភាគរយ​លើ​គ្រប់​វិស័យ ដោយ​មិន​មាន​ការគ្រប់គ្រង​មូលធន និង​អាច​យក​ប្រាក់​ត្រឡប់​ទៅវិញ​ដោយ​មិន​មាន​ការ​រឹតបន្តឹង​នោះ​ទេ​។

លោក​ថ្លែង​ថា​វា​មិនមែន​ជា​រឿង​​ភ្ញាក់ផ្អើល​នោះ​ទេ​ក្នុង​ការ​មើលឃើញ​កំណើន​ធំៗ​នៃ​ការវិនិយោគ​របស់​​ជនជាតិ​ចិន​នៅ​កម្ពុជា ដោយសារ​តែ​ប្រទេស​ ២ ​នេះ​មាន​ប្រវត្តិសាស្ដ្រ​ទំនាក់​ទំនង​កាទូត​ដ៏រឹងមាំ និង​បាន​រក្សា​មិត្តភាព​ល្អ រហូត​មក​ដល់​ពេល​នេះ​។

លោក​បន្ត​ថា​ប្រទេស​ទាំង​ ២ ​នេះ​មាន​ការតភ្ជាប់​កាន់តែ​ងាយស្រួល​ទៅវិញ​ទៅមក​តាមផ្លូវ​អាកាស​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​កម្ពុជា មិន​គ្រាន់តែ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការវិនិយោគ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​កាលពី​ ៥ ​ឆ្នាំ​មុន​ការតភ្ជាប់​ជើង​ហោះហើរ​រវាង​កម្ពុជា និង​ចិន​មាន​ជើងហោះហើរ​ប្រហែល​ ៥ ប៉ុណ្ណោះ​ក្នុង​ ១ ​សប្ដាហ៍ ប៉ុន្តែ​នៅពេល​នេះ​មាន​ប្រហែល ៨៨ ក្នុង​ ១ ​សប្ដាហ៍​»​។

តាម​លោក ចិន្តាសោភា យ៉ាងហោចណាស់​គម្រោង​អគារ​ខ្ពស់ ៨០ ដែល​មាន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន​នៃ​គម្រោង​ទាំង​នោះ​គឺជា​ការវិនិយោគ​មកពី​ប្រទេស​ចិន​។

ក្រុម​វិនិយោគិន​ចិន​ដែល​បាន​មកពី​សហគ្រាស​ចិន ៣៥ មាន​មកពី​ផ្នែក​អចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ការថែទាំ​​សុខភាព និង​ជីវ​បច្ចេកវិទ្យា​។ ក្រុម​គណៈប្រតិភូ​គ្រោង​នឹង​ជួប​លោក ហ៊ុន សែន ផង​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក Li Songjiang បាន​ថ្លែង​នៅក្នុង​វេទិកា​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​ថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់​ពួកយើង​នឹង​ទទួល​បាន​ការយល់ដឹង​កាន់តែ​ប្រសើរ​អំពី​សក្ដានុពល​ពាណិជ្ជកម្ម និង​គោលនយោបាយ​លើក​ទឹកចិត្ត​របស់​កម្ពុជា និង​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ដែល​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​»​។

លោក ពុង ឃាវសែ ប្រធាន​សហព័ន្ធ​ខ្មែរ ចិន នៅ​កម្ពុជា​ថ្លែង​ថា​ប្រទេស​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​កម្ពុជា និង​ជា​ប្រភព​វិនិយោគ​រយៈពេល​វែង​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​ត្រូវការ​ការវិនិយោគ​បរទេស​ច្រើន កិច្ចប្រជុំ​របស់​ក្រុម​គណៈប្រតិភូ​ចិន និង​មន្ដ្រី​កម្ពុជា នឹង​ជា​វេទិកា​ដ៏ធំ​មួយ​សម្រាប់​បង្កើន​ល្បឿន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​»៕LA