
វិនិយោគិនចិន បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តក្រចេះ។ រូបថត សាលាខេត្ដក្រចេះ
ភ្នំពេញៈ គណៈប្រតិភូនៃគណៈកម្មាធិការអចិន្រៃ្តយ៍សភាប្រជាជនខេត្តសានទុង ប្រទេស ចិន បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តក្រចេះ។ នេះបើយោងតាមអភិបាលខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមប្រតិភូ និងវិនិយោគិនមកពីខេត្តសានទុងបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកស្នួលដែលបច្ចុប្បន្ន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនឲ្យទៅបណ្តាក់ទុននៅទីនោះ។
លោកថ្លែងថា៖ «ក្រុមគណៈប្រតិភូចិនបានមកពិនិត្យមើលស្ថានភាពទីតាំងជាក់ស្តែង និងធ្វើការវាយតម្លៃពីសក្តានុពលមួយចំនួន ខណៈពួកគេបង្ហាញពីការចាប់អារម្មណ៍លើការវិនិយោគលើរោងចក្រកែច្នៃផលិតផលកសិកម្ម»។
បើតាមលោក វ៉ា ថន បច្ចុប្បន្នក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួលមានរោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ៩ ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន។
លោក វ៉ា ថន នឹងដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគកម្ពុជាទៅធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលឱកាសនៃការវិនិយោគក្នុងខេត្តក្រចេះ និងគោលនយោបាយអនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាលនៅខេត្តសានទុងវិញផងដែរនៅថ្ងៃសុក្រ ទី ២៧-៣០ ខែធ្នូ។
ទាក់ទងនឹងការបិទល្បែងអនឡាញទាំងអស់នៅកម្ពុជានាដំណាច់ខែនេះ លោក វ៉ា ថន បាននិយាយថាការបិទល្បែងអនឡាញនឹងធ្វើឲ្យមានការវិនិយោគថ្មីៗ និងពិតប្រាកដរបស់ជនជាតិចិននៅកម្ពុជាកើនឡើង។ លោកបន្តថា មិនមានប្រទេសណាចង់បានការវិនិយោគបែបល្បែងអនឡាញឡើយ ព្រោះវាជាប្រភេទនៃការវិនិយោគខ្យល់។
លោកអះអាងថា៖ «ការបិទល្បែងអនឡាញនឹងធ្វើឲ្យមានកំណើននៃការវិនិយោគពិតប្រាកដពីប្រទេសចិននៅកម្ពុជាដែលវានឹងចូលរួមចំណែកក្នុងការឲ្យមានកំណើនសេដ្ឋកិច្ចជាតិ»។
បើតាមលោក វ៉ា ថន ការអនុវត្តគោលនយោបាយ «ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់រដ្ឋាភិបាលចិនបានធ្វើឲ្យអ្នកវិនិយោគចិនកាន់តែច្រើនចាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ក្រចេះគឺជាខេត្តដែលមានសក្តានុពលខ្ពស់លើការវិនិយោគលើដំណាំកសិកម្ម ដូចជា កៅស៊ូ ដំឡូងមី និងស្វាយចន្ទីជាដើម។
ទោះយ៉ាងណាក្នុងដំណើរទស្សនកិច្ចរបស់ភាគីចិនកាលពីចុងសប្តាហ៍កន្លងមកខេត្តក្រចេះមិនទាន់ទទួលបានការបញ្ជាក់ពីការវិនិយោគណាមួយពិតប្រាកដនៅឡើយទេ។
នៅពេលជួបជាមួយថ្នាក់ដឹកនាំខេត្តក្រចេះកាលពីសប្តាហ៍មុនលោក យ៉ាង សឹង ប្រធានគណៈប្រតិភូបានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តសានទុង និងខេត្តក្រចេះព្រមជាមួយនឹងនយោបាយ «ខ្សែក្រវាត់មួយផ្លូវមួយ» របស់ប្រទេសចិនបានធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងសមិទ្ធផលថ្មីៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់នៅក្នុងខេត្តក្រចេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបើកពិធីបុណ្យសមុទ្រនៅខេត្តកំពតកាលពីថ្ងៃទី ២១ ធ្នូ បានបញ្ជាក់សាជាថ្មីថាល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនឹងមិនមានទៀតទេចាប់ពីឆ្នាំ ២០២០ តទៅ ពីព្រោះល្បែងតាមអនឡាញមានផលប្រយោជន៍តិចតួចដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែវាមានហានិភ័យធំពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ក្រុមម៉ាហ្វីយ៉ា និងភេរវកម្ម។
លោកបន្តថា មានមនុស្សមួយចំនួនមានការព្រួយបារម្ភអំពីបញ្ហាបាត់ហ្គេមអនឡាញ ព្រោះវាក៏នឹងធ្វើឲ្យបាត់បង់វត្តមានជនជាតិចិននៅកម្ពុជា ប៉ុន្តែអ្នកខ្លះក៏នាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជាផងដែរ។
លោកលើកជាសំណួរថា៖ «តើអ្នកចង់បានអ្វីពិតប្រាកដ? សម្រាប់ខ្ញុំ ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើ (ហ្គេម) អនឡាញកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន។ យើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វីយ៉ាដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើង ដើម្បីធ្វើសកម្មភាព យើងក៏ស្ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅនៃការលាងលុយកខ្វក់តាមរយៈអនឡាញ»៕LA