ភ្នំពេញៈ វិនិយោគិនចិនកំពុងសម្លឹងឱកាសលើគម្រោងអភិវឌ្ឍន៍នៅច្រកព្រំដែនថ្មដា ក្នុងខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃ ខណៈអាជ្ញាធរខេត្តបានឲ្យដឹងថា គម្រោងបើកច្រកព្រំដែនថ្មីនេះនឹងនាំឲ្យមានសក្តានុពលពាណិជ្ជកម្មរវាងកម្ពុជា និងថៃ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជា និងថៃ បានអនុម័តគម្រោងបើកច្រកព្រំដែនថ្មីនៅថ្មដារួចរាល់ហើយ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់ថានឹងបើកពេលណានោះទេ។
លោកបន្តថា ច្រកព្រំដែននឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានាំចូលកសិផលកាន់តែច្រើនទៅប្រទេស ថៃ។ លោកថ្លែងថា៖ «ច្រកថ្មដាជាប់ព្រំដែនកម្ពុជា-ថៃ មានសក្តានុពលណាស់ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់»។
លោក វីមាន ស៊ីងផាន អនុប្រធានសមាគមពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា នៅខេត្តត្រាត បានប្រាប់កាសែតបាងកកប៉ុស្តិ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី ១ កក្កដា ថា ក្រុមវិនិយោគិនចិនគ្រោងបោះទុនជាង ៣២៥ លានដុល្លារ ដើម្បីអភិវឌ្ឍទីក្រុងថ្មីនៅច្រកព្រំដែនថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំប្រទល់ប្រទេស ថៃ។
លោកបន្តថា តាមគម្រោងនឹងមានការសាងសង់អគារខុនដូ សណ្ឋាគារប្រណីតលំដាប់ផ្កាយ ៥ ភោជនីយដ្ឋាន កាស៊ីណូ និងសេវាកម្មសាធារណៈផ្សេងទៀតផងដែរ។
ទោះបីយ៉ាងនេះក្តី លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់បានឲ្យដឹងថា លោកមិនបានដឹកពីគម្រោងវិនិយោគរបស់ចិននៅតំបន់នេះនៅឡើយទេ ខណៈបច្ចុប្បន្នពុំទាន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ្វីក្រៅតែពីផ្លូវកៅស៊ូ។ លោកបន្តថា៖ «ខ្ញុំក៏ទើបតែឮព័ត៌មាននេះពីសារព័ត៌មានថៃដែរ»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានឲ្យដឹងថា អភិវឌ្ឍន៍ច្រកព្រំដែនថ្មីនឹងផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ខណៈវាក៏នឹងទាក់ទាញវិនិយោគិនបរទេស មិនគ្រាន់តែវិនិយោគិនចិននោះទេ។ លោកបន្តថា៖ «ការវិនិយោគឲ្យមានការងារធ្វើ ឲ្យមានធុរកិច្ច និងពាណិជ្ជកម្ម ព្រោះជាទូទៅខ្មែរយើងទទួលបានការវិនិយោគពីបរទេសច្រើនពិសេសចិន»។
ទោះបីយ៉ាងនេះក្តីលោកបន្តថា ផលអវិជ្ជមាននឹងកើតឡើងប្រសិនបើការគ្រប់គ្រងរបស់រដ្ឋមានភាពចន្លោះប្រហោងនៅតំបន់ព្រំដែន។ លោកថា៖ «រឿងចិនវិនិយោគជារឿងទូទៅ ប៉ុន្តែផលអវិជ្ជមានអាចបង្កភាពងាយស្រួលដល់អំពើខុសច្បាប់ នៅពេលបើកច្រកទូលាយពេក ដូចជាការនាំគ្រឿងញៀន នាំឈើ ការនាំទំនិញខុសច្បាប់ជាដើម»។
អាជីវកម្មជាង ៩០ ភាគរយ នៅក្រុងព្រះសីហនុនាពេលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយជនជាតិចិន រាប់ចាប់តាំងពីសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រហូតដល់ហាងម៉ាស្សា។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការបើកច្រកព្រំដែនផ្លូវការ នឹងទប់ស្កាត់ទំនិញខុសច្បាប់ ឬគេចពន្ធ។ លោកបញ្ជាក់ថា៖ «កាលណាយើងបើកច្រកព្រំដែនជាផ្លូវការយើងមានអាជ្ញាធរទាំងសងខាងត្រួតពិនិត្យ អ៊ីចឹងវាជួយទប់ស្កាត់ការរត់ពន្ធវិញទេ»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស កម្ពុជា និងថៃ បានកើនឡើងដល់ជាង ៧ ពាន់លានដុល្លារ នៅត្រឹមដំណាច់ខែ តុលា ឆ្នាំ ២០១៨ ខណៈដែលប្រមុខរដ្ឋាភិបាលគ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់ ១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២០។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕LA