ភ្នំពេញៈ ក្រុម​វិនិយោគិន​ចិន​មួយក្រុម​កំពុងតែ​សម្លឹងមើល​ឱកាស​វិនិយោគ​ក្នុង​ខេត្តកំពត​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន​ដូចជា ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម ខណៈ​អ្នក​ប្រកប​អាជីវកម្ម​ក្នុងស្រុក​បាន​សាទរ​ចំពោះ​វត្តមាន​វិនិយោគ​ចិន​ថ្មី​នេះ​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​អង្គារ​លោក​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​វិនិយោគិន​ចិន​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២០ ដែល​មក​សិក្សា​ស្វែងយល់​លើ​បរិយាកាស​វិនិយោគ​ក្នុង​ខេត្តកំពត​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ និង​នៅ​ជិត​ខេត្ត​ព្រះសីហនុ​ដែល​ទទួល​បាន​ការវិនិយោគ​ច្រើន​ក្នុងពេល​កន្លងមក​។

លោក ជាវ តាយ អះអាង​ថា​ខេត្តកំពត​ទទួលបាន​ការវិនិយោគ​ច្រើន​មកហើយ​ទាំង​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា​ការវិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ វារីអគ្គិសនី និង​ធុនស្រាល ដូចជា ការវិនិយោគ​លើ​កសិដ្ឋាន​ដាំចេក​អំបូង​នៅ​ស្រុក​ឈូក និង​វិស័យ​ទេសចរណ៍​ជាដើម​។

លោក​ថ្លែងថា​៖ «​ខេត្តកំពត​មាន​សក្តានុពល​វិនិយោគ​ច្រើន​រួមមាន​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម​។ ​[​ខ្ញុំ​] ​សូម​ស្នើ​ឲ្យ​វិនិយោគិន​ចិន​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​នេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​សាទរ​ចំពោះ​ព័ត៌មាន​នេះ ដោយ​អះអាង​ថា​កម្ពុជា​កំពុង​ទទួលផល​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។ លើសពីនោះ​ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ក៏​នឹង​នាំ​ផលប្រយោជន៍​ដល់​ភាគី​ទាំង​ ២ ដែល​អ្នកវិនិយោគ​មិនអាច​មើលរំលង​បាន​។

លោក​ថ្លែងថា​៖ «​ចាប់តាំងពី​រដ្ឋាភិបាល​សម្រេច​បិទ​ល្បែង​អនឡាញ​មក​វិនិយោគិន​ចិន​ថ្មីៗ​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ហើយ​ការគាំទ្រ​គោលនយោបាយ​ផ្លូវ​ ១ ខ្សែក្រវាត់​ ១ ​របស់​រដ្ឋាភិបាល​ក៏​បាន​ទាក់ទាញ​វិនិយោគិន​ចិន និង​វិនិយោគិន​បរទេស​ជាច្រើន​មក​កម្ពុជា​»​។

តាម​ការគ្រោងទុក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​មហាយក្ស​ចិន​គ្រោង​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ​នេះ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការ​មក​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​របស់​ក្រុម​វិនិយោគិន​ចិន​នេះ​បង្ហាញ​ឲ្យ​ឃើញថា ពួកគេ​មើលឃើញ​ពី​សក្តានុពល​នៅក្នុង​ខេត្តកំពត​ដែលជា​ខេត្ត​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។

លោកស្រី​កត់សម្គាល់​ថា កម្ពុជា​មានគុណ​សម្បត្តិ​ខ្ពស់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​មកពី​ប្រទេស​ចិន​នាពេល​អនាគត ទោះបីជា​វិស័យនេះ​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

លោកស្រី​ថ្លែងថា​៖ «​វា​ជាស​ញ្ញា​ល្អ​ចំពោះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ពួកគាត់​មើល​ពី​ផលចំណេញ​ពី​វិស័យនេះ​បន្ទាប់ពី​ស្ថានភាព​កូវីដ​១៩ មាន​ភាពប្រសើរ​ឡើងវិញ​។ យើង​អាច​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​កាន់តែច្រើន​ថែមទៀត​»​។

ទិន្នន័យ​វិនិយោគ​បរទេស​ដែល​ធ្លាប់​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ចិន​ជា​ប្រភព​ការវិនិយោគ​ផ្ទាល់​បរទេស​នាំមុខ​គេ​នៅ​កម្ពុជា​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ដែល​ភាគច្រើន​ជាការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ថាមពល​អគ្គិសនី​។ ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨ មាន​ប្រមាណ ៣ ៥៩៤ ​លាន​ដុល្លារ​។

យោងតាម​លោក ជាវ តាយ កាលពី​ឆ្នាំ​ ២០១៩ រដ្ឋបាល​ខេត្តកំពត​នេះ​រួមទាំង​រដ្ឋបាល​ក្រុង និង​ស្រុក​បាន​ចេញ​លិខិតអនុញ្ញាត​លើ​គម្រោង​សាងសង់​សំណង់​ចំនួន ២៣៨ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​សរុប​ជាង ៣,១៣ លាន​ដុល្លារ​។

ក្នុង​រយៈពេល ៥ ​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​ ២០១៧ ប្រទេស​ចិន​គឺជា​វិនិយោគិន​ផ្ទាល់​ពី​បរទេស​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន ៥,៣ ​ពាន់​លាន​ដុល្លារ ឬ​ប្រហែល ១ ​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​។ នេះ​បើតាម​តួលេខ​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​។

យោងតាម​ការរកឃើញ​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS) ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ឆ្នាំ​ ២០១៤ ចិន គឺជា​វិនិយោគិន​ធំជាងគេ​នៅ​កម្ពុជា​ដែល​មាន​រហូតដល់ ៤៤ ​ភាគរយ​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស ( FDI) ​មាន​តម្លៃ ១៩,២ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​បង្ហាញថា ការវិនិយោគ​សរុប​នៅ​កម្ពុជា​បាន​កើនឡើង​ជិត ២ ​ដង​ដល់​ចំនួន ៦,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដោយ​កើនឡើង​ពី ៣,៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦៕