ភ្នំពេញៈ វិនិយោគិន​តួកគី​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​អគ្គិសនី ​និង​អេឡិចត្រូនិក ខណៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​កម្រិត​ទាប​នៅឡើយ​។

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន លោក Guven Uckan ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​នាំចេញ​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក ប្រទេស​តួកគី​បាន​លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ច្រើន​សម្រាប់​ការវិនិយោគ ហើយ​បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​តួកគី​មួយចំនួន​កំពុង​វិនិយោគ​នៅ​ទីនោះ​ផងដែរ​។

លោក​បន្តថា ជាមួយ​នឹង​ឱកាស​វិនិយោគ​ដ៏ច្រើន​នៅ​កម្ពុជា លោក​មាន​ផែនការ​នឹង​ដឹកនាំ​ក្រុម​​វិនិយោគិន​តួកគី ដើម្បី​មក​ធ្វើ​ទស្សនកិច្ច និង​ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​នៅក្នុង​អំឡុង​ខែមេសា ឆ្នាំ​ ២០២០ ខាងមុខ​។

លោក​ថ្លែងថា​៖ «​ក្រុម​គណៈប្រតិភូ​ធុរកិច្ច​តួកគី​ដែល​គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​មាន​ចំនួន​ ១២ ​ក្រុមហ៊ុន​ដែល​សុទ្ធសឹង​តែ​ជា​អ្នកជំនាញ​ខាង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា តួកគី​ជា​ប្រទេស​រីកចម្រើន និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុងការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក ដូច្នេះ​បើ​ពួកគេ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​នោះ វា​នឹង​ចូលរួមចំណែក​ក្នុង​ការបង្កើន​ប្រាក់ចំណូល​ជាតិ និង​បង្កើត​ការងារ​ថ្មី​សម្រាប់​ប្រជាជន​ខ្មែរ​។

លោក​ថ្លែងថា​៖ «​ទោះបី​នេះ​គ្រាន់តែ​ជា​ការមក​ស្វែងរក​ឱកាស​វិនិយោគ ប៉ុន្តែ​យើង​ពិតជា​រីករាយ ព្រោះ​តាម​ផែនការ​ពួកគេ​នឹង​នាំ​អ្នក​វិនិយោគ​តួកគី​ថ្មី​ជាច្រើន​ទៀត​មក​កម្ពុជា​នៅ​ខែមេសា ឆ្នាំក្រោយ​»​។

បើតាម​លោក លឹម ហេង បច្ចុប្បន្ន​ផលិតផល​កម្ពុជា​ដែល​នាំ​ចេញទៅ​តួកគី​មាន​ដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ និង​ផលិតផល​កសិផល​មួយចំនួន ចំណែក​ការវិនិយោគ​របស់​តួកគី មានដូចជា សាលារៀន គ្រឿង​សម្ភារ​តុបតែង និង​កម្រាលព្រំ​ជាដើម​។

កាលពី​ដើម​ឆ្នាំ​ ២០១៩ កម្ពុជា​ធ្លាប់បាន​ទាក់ទង​នាំយក​កប៉ាល់​ផលិត​អគ្គិសនី​ពី​ប្រទេស​តួកគី​មក​បំពេញ​កង្វះខាត​អគ្គិសនី​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយមក​ផែនការ​នេះ​ត្រូវ​ផ្អាក​ទៅវិញ ព្រោះ​តែ​វា​មាន​តម្លៃ​ខ្ពស់​ពេក​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​បាន​ស្វាគមន៍​ចំពោះ​ការចាប់អារម្មណ៍​មក​វិនិយោគ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ដោយ​លោក​ប្រាប់ថា ជា​ការល្អ​បើ​មាន​ការចូល​មក​វិនិយោគ​លើ​វិស័យ​ផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ខណៈ​តម្រូវការ​ប្រើប្រាស់​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​យ៉ាងច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​បន្តថា​៖ «​ទោះយ៉ាងណា ដើម្បី​ឲ្យ​ការវិនិយោគ​បាន​ជោគជ័យ តម្លៃ​អគ្គិសនី​លក់​ចេញ​ត្រូវតែ​ទាប ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​បញ្ចុះតម្លៃ​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៥ មក​»​។

តាម​លោក ហ្សូនា ទោះបីជា​តួកគី​ជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការផលិត​អគ្គិសនី ប៉ុន្តែ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​រហូត​មកទល់​ពេលនេះ​នៅ​មិនទាន់មាន​ការវិនិយោគ​របស់​តួកគី​នៅឡើយ​ទេ​។

ក្នុងពេល​ជួប​ជាមួយ​លោក​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ ​២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ជំរុញ និង​លើក​ទឹកចិត្ត​ឲ្យ​មានការ​បង្កើន​ការវិនិយោគរ​កាន់តែ​ច្រើន​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​បាន​កាន់តែខ្លាំង​បន្ថែមទៀត​។

លោក ហ៊ុន សែន ថា ចង់ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​តួកគី​កើន​ដល់ ១ ពាន់​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ ខណៈ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​កំពុងមាន​ភាពល្អប្រសើរ​។ លោក​ថ្លែងថា​៖ «​គួរ​ធ្វើបញ្ជី​មុខទំនិញ​ដែល​អាច​នាំចេញ នាំចូល​រវាង​ប្រទេស​ទាំង ២ ពោល​ទំនិញ​អ្វីដែល​កម្ពុជា​អាច​នាំទៅ​តួកគី​បាន ហើយ​តួកគី​អាច​នាំ​ទំនិញ​អ្វី​មក​កម្ពុជា​បាន​»​។

បើតាម​លោក Recep Tayyip Erdogan បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​តួកគី និង​កម្ពុជា​នៅ​មាន​ទំហំ​ត្រឹមតែ​ជាង ៩១ លាន​ដុល្លារ​ប៉ុណ្ណោះ​។

មិនមាន​ទិន្នន័យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ ​តួកគី​ ក្នុង​ឆ្នាំ​ ២០១៨ ទេ ប៉ុន្តែ​លោក កែម វិចិត្រ ​ឲ្យ​ដឹងថា​សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​តួកគី​កាលពី​ឆ្នាំ ២០១៧ មាន​តម្លៃ​ប្រមាណ​ ១៩,៦ ​លាន​ដុល្លារ​៕ LA