ហុងកុងៈ តម្លៃ​ទីផ្សារ​អាស៊ី​ភាគ​​ច្រើន​បាន​ស្ទុះ​ងើប​ឡើង​វិញ​​ពី​ការ​ខាតបង់​លើក​មុន​កាល​​ពី​ថ្ងៃ​ពុធ​ ប៉ុន្តែ​ក្រុម​វិនិយោគិន​នៅ​តែ​បារម្ភ​ដោយ​សារ​លទ្ធភាព​​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ​និង​អឺរ៉ុប (EU)​ បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ចំណុច​រួម​បន្ទាប់​​ពី​ការ​គំរាម​កំហែង​ពន្ធ​នាំចូល​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ខណៈ​ទីផ្សារ​​ទាំង​នោះ​កំពុង​រង​ក្ដី​បារម្ភ​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ Brexit​។​

ការ​ព្រមាន​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ថា ​នឹង​យក​ពន្ធ​លើ​ការ​នាំចូល​​អឺរ៉ុប​មាន​តម្លៃ​ជាង​ ១១ ​ពាន់​លាន​ដុល្លារ​​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​វិនិយោគិន​ដែល​​កំពុង​មាន​​សុទិដិ្ឋនិយម​លើ​ការ​ចរចា​ពាណិជ្ជកម្ម ​ចិន-​អាមេរិក​។​

ការ​អភិវឌ្ឍ​ដែល​ជាប់​ទាក់ទង​​នឹង​ការ​ឧបត្ថម្ភធន​របស់​ EU ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ ​Airbus​ ដែល​លោក ​ត្រាំ ឲ្យ​​ដឹង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ Boeing ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​អាមេរិក​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ក្តី​​​បារម្ភ​អំពី​របៀបវារៈ​គាំពារ​និយម​យ៉ាង​ខ្លាំង​របស់​សេតវិមាន ​ដែល​បាន​ធ្វើ​ឡើង​សំដៅ​លើ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​​គេ​របស់​ខ្លួន​ចាប់​តាំង​ពី​ឡើង​​កាន់​តំណែង​មក​។

លោក ​Stephen Innes នៅ​​ក្រុមហ៊ុន SPI Asset Management ​បាន​ថ្លែង​ថា៖ «​​បញ្ហា​ទីផ្សារ​ភាគហ៊ុន​គឺ​ថា នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ច្រើន​ជុំវិញ​ដំណោះ​ស្រាយ​ពាណិជ្ជកម្ម​ ដោយសារ​​ការ​គំរាម​​កំហែង​ផ្នែក​ពាណិជ្ជកម្ម​របស់​​អាមេរិក​ដែល​បន្ត​អនុវត្ត​​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​យូរ​អង្វែង​»។​ ​

លោក​ថ្លែង​ថា៖ «​មិត្ត​ ឬ​សត្រូវ​ រឿង​​ចុង​ក្រោយ​បំផុត​បង្ហាញ​ថា មិន​មាន​ប្រទេស​ត្រូវ​លើកលែង​ពី​ការ​ខឹង​​សម្បា​យ៉ាង​​ខ្លាំង​នៃ​របៀបវារៈ​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ នោះ​ទេ​»។​

វិធាន​ការ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​កំណើន​តម្លៃ​ដែល​បាន​​មើល​ឃើញ​ទីផ្សារ​ភាគហ៊ុន​​​នៅ​ទូទាំង​ពិភព​លោក​។

សន្ទស្សន៍ ​Wall Street នៅ​តំបន់​ដ៏​សំខាន់​ទាំង ​៣ ​បាន​បញ្ចប់​ការ​ជួញដូរ​ក្នុង​កម្រិត​ទាប​​កាល​ពី​ថ្ងៃ​អង្គារ ​ខណៈ​ការ​ខាតបង់​បាន​រីក​រាលដាល​សន្សឹមៗ​រហូត​ដល់​តំបន់​អាស៊ី​។​

តម្លៃ​ផ្សារហ៊ុន​ហុងកុង​ បាន​ធ្លាក់​​ចុះ​ ០,១ ​ភាគរយ ​និង​ផ្សារហ៊ុន​​តូក្យូ​បាន​បញ្ចប់ ​០,៥ ​ភាគរយ​ ខណៈ​មាន​ការ​ខាតបង់​​នៅ​ផ្សារហ៊ុន ​Wellington និង​ផ្សារហ៊ុន​ Jakarta​ ផង​ដែរ​។​

ប៉ុន្តែ​តម្លៃ​ផ្សារហ៊ុន​នៅ​ Seou​l បាន​កើន​ឡើង ​០,៥ ​ភាគរយ​ និង​​ផ្សារហ៊ុន​ Singapore បាន​​កើន​ឡើង ​០,១ ​ភាគរយ​ ជាមួយ​​នឹង​ផ្សារហ៊ុន ​Sydney ​ផ្សារហ៊ុន Taipei ​ផ្សារហ៊ុន ​Manila និង​ផ្សារហ៊ុន​ Bangkok ក៏​កើន​ឡើង​ផង​ដែរ​។​

ភាព​ចលាចល​​ក្នុង​ពាណិជ្ជកម្ម​​​ពិភព​លោក​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​សំខាន់ៗ ​ដែល​រូបិយវត្ថុ​​អន្តរជាតិ​កាត់​បន្ថយ​​ការ​ព្យាករ​​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​​ឆ្នាំ​ ២០១៩ ​របស់​ខ្លួន​ជាមួយ​​នឹង Brexit ដែល​បន្ថែម​ដល់​ការ​បារម្ភ​របស់​ខ្លួន​៕AFP/LA