ភ្នំពេញ: តំណាង​ក្រុមហ៊ុន NQ Better Confluence ដែលជា​ក្រុមហ៊ុន​មកពី​ប្រទេស​បារាំង​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​។

បំណង​វិនិយោគ​នេះ​បាន​លាតត្រដាង​ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត​របស់​កម្ពុជា ខណៈ​អ្នក​ស្ថិតក្នុង​វិស័យ​ទេសចរណ៍​រំពឹងថា គម្រោង​វិនិយោគ​នេះ​អាចជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ ​ធូរស្រាល​។

លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា លោក​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​កាលពី​សប្តាហ៍​មុន ដោយ​ក្រុមហ៊ុន​នេះ​គ្រោង​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​សក្តានុពល​វប្បធម៌​ទេសចរណ៍​ដ៏ទាក់ទាញ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​នេះ​បានមក​ជួបពិភាក្សា​ជាមួយ​យើង​អំពី​កិច្ចការងារ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ដោយ​គ្រោង​បង្កើត​គម្រោង​រៀបចំ​ធ្វើ​ទីកន្លែង​សួន​កម្សាន្ត​នៅ​ខេត្តសៀមរាប​»​។

លោក​បន្តថា​៖ «​យើង​គាំទ្រ​គម្រោង​វិនិយោគ​នេះ​តាមច្បាប់​នៃ​ការវិនិយោគ​នៅ​កម្ពុជា​បានកំណត់​ថា គម្រោង​វិនិយោគ​ដែលមាន​ទំហំ​ទឹកប្រាក់​ក្រោម ២ ​លាន​ដុល្លារ​ ត្រូវ​បាន​សម្រេច​នៅត្រឹម​ថ្នាក់​ខេត្ត តែបើ​គម្រោង​នោះ​មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង​ ២ ​លាន​ដុល្លារ​ គឺ​សម្រេច​នៅ​ថ្នាក់ជាតិ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ដែល​ធ្លាប់​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​នេះ​កាលពី​ថ្មីៗ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​នេះ​កំពុង​សិក្សា​ស្វែងរក​ទីតាំង​នៅក្បែរ ក្រុង​សៀមរាប​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ដែលមាន​ទំហំ​ដី​ប្រមាណ​ ១០ ហិកតា​។

លោកស្រី​បន្តថា បើទោះជា​វិស័យ​ទេសចរណ៍​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ គម្រោង​វិនិយោគ​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ក្នុង​ខេត្ត​នេះ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ ស្ងប់ស្ងាត់​ទៅវិញ​។

លោកស្រី​ថ្លែងថា​៖ «​ផលិតផល​កែច្នៃ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នៅមាន​កម្រិត ដូច្នេះ​ខេត្ត​នេះ​នៅមាន​សក្តានុពល​ច្រើន​ក្នុង​ការទាក់ទាញ​វិនិយោគិន​បន្ថែមទៀត​»​។

កម្ពុជា​ទទួលបាន​ចំណូល​ជាង ១៨ លាន​ដុល្លារ​អាមេរិក​ ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ​នេះ​ធ្លាក់ចុះ​ ៦៤,១៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។

គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមករា​ដល់​ខែ​ឧសភា​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣៨៦ ០៩៣ ​នាក់​ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុងអំឡុង​ពេលនេះ​ធ្លាក់ចុះ​ ៦៥,៤៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕ LA