ភ្នំពេញ: គណៈប្រតិភូ​ធុរកិច្ច​សិង្ហបុរី​កំពុង​សម្លឹង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អាជីវកម្ម​លក់រាយ ម្ហូបអាហារ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​វិស័យ​អប់រំ​។ នេះ​បើ​យោងតាម​តំណាង​ក្រុម​ធុរកិច្ច​សិង្ហបុរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ធុរកិច្ច​សិង្ហបុរី​តាមរយៈ​កម្មវិធី Travel and Learn មាន​រយៈពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៤ ដល់ ៧ ខែ​កញ្ញា ដើម្បី​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​រៀបចំ​ដោយ Ngee Ann polytechnic ដែលជា​វិទ្យាស្ថាន​អប់រំ​ឈានមុខ​គេ​នៅ​ប្រទេស​សិង្ហបុរី​។

លោក Edwin Tan សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន Ngee Ann Polytechnic បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា វិនិយោគិន​មកពី​ប្រទេស​សិង្ហបុរី​ចំនួន ២៩ នាក់​បាន​ជួបជុំគ្នា​ជាមួយ​អ្នកជំនួញ​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​អាជីវកម្ម​ថ្មី​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កម្មវិធី Travel and Learn នេះ​អ្នកជំនួញ​សិង្ហបុរី​មក​កម្ពុជា​ផ្តោតលើ​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​វិស័យ​បច្ចេកវិទ្យា និង​វិស័យ​អប់រំ​ជាដើម​»​។

តំណាង​វិស័យ​ឯកជន​នៅ​កម្ពុជា​មាន​លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​លោក Vithourak Sarun ម្ចាស់​ស្ថានីយ​ប្រេង PTT ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) រួមទាំង​បណ្តាញ​មកពី​សមាជិក Singapore Club Cambodia ក៏បាន​ចូលរួម​នៅក្នុង​កម្មវិធី​បង្ហាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​សិង្ហបុរី​នេះ​ផងដែរ​។

លោក គូច ផេង ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ថ្លែង​ថា វិនិយោគិន​សិង្ហបុរី​គួរ​សម្លឹងមើល​ឱកាស​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ លោក​ថ្លែង​​ថា​៖ «​ខ្ញុំ​អាច​និយាយថា ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​មក​វិនិយោគ​នៅ​កម្ពុជា​ឥឡូវនេះ មិនទាន់​យឺត​ពេល​ទេ​»​។

លោក​បន្ត​ថា​៖ «​មិនមែន​តែ​ឱកាស​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ពួកគាត់​អាច​មាន​ឱកាស​វិនិយោគ​លើ​ផ្នែក​សេវាកម្ម ការផលិត​កែច្នៃ និង​បច្ចេកវិទ្យា​»​។

លោក សួន សុផល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ និង​ជំរុញ​ការវិនិយោគ​ឯកជន​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​បើ​អ្នកចង់​វិនិយោគ​នៅ​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ជួយ​អ្នក​ដល់​គម្រោង​វិនិយោគ​របស់​អ្នក​»៕