ភ្នំពេញៈ Acleda Securities ជាក្រុមហ៊ុនឈ្មួញជើងសានៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងកាលពីថ្ងៃចន្ទថា គ្រប់ក្រុមវិនិយោគិនដែលមានគណនីជួញដូរជាមួយ Acleda Securities ឬ ក្រុមហ៊ុនមូលបត្រណាដែលបានជ្រើសរើសធនាគារអេស៊ីលីដាក្នុងការទូទាត់សាច់ប្រាក់គេក្នុងប្រតិបត្តិការមូលបត្រនឹងអាចភ្ជាប់គណនីជួញដូររបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទចល័តរបស់អេស៊ីលីដាចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះតទៅ។
លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនមូលបត្រ Acleda Securities បានប្រាប់ឲ្យដឹងថា ធនាគារនេះបានភ្ជាប់ប្រព័ន្ធអាចជួយក្រុមវិនិយោគិនទាំងអស់ ក្នុងការផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬគណនីធនាគារទាន់ពេលវេលានៅគ្រប់ពេល និងគ្រប់កន្លែង ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា។
លោកថ្លែងថា៖ «ភាពងាយស្រួលរបស់ធនាគារដែលបានភ្ជាប់ប្រព័ន្ធនេះនឹងបង្កើនប្រតិបត្តិការជួញដូរភាគហ៊ុនប្រកបដោយស្ថិរភាព និងបង្កើនមូលធននីយកម្មទីផ្សាររបស់ផ្សារហ៊ុននេះជាមួយនឹងសន្ទនីយភាពកាន់តែខ្ពស់ ដែលអាចទាក់ទាញក្រុមហ៊ុនមិនបានចុះបញ្ជី ពិចារណាការចុះបញ្ជីមូលបត្រលើផ្សារហ៊ុនរបស់យើង ដើម្បីកៀរគរប្រភពមូលនិធិក្នុងស្រុកជាមួយនឹងតម្លៃការប្រាក់ទាប និងរយៈពេលវែង ដើម្បីគាំទ្រការពង្រីកអាជីវកម្មរបស់ពួកគេ និងឱកាសកំណើន»។
បច្ចុប្បន្នធនាគារអេស៊ីលីដាកំពុងស្ថិតក្នុងការរៀបចំការចុះបញ្ជីលើផ្សារហ៊ុននៅពេលណាមួយនៅត្រីមាសទី ១ ឆ្នាំនេះ បន្ទាប់ពីធនាគារនេះបានទទួលការយល់ព្រមជាគោលការណ៍លើការត្រួតពិនិត្យសិទ្ធិចុះបញ្ជីមូលបត្រមូលធនពី CSX សម្រាប់ការជួញដូរមូលបត្ររបស់ខ្លួន។ ធនាគារនេះបានទទួលលិខិតផ្លូវការមួយពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាដែលអនុញ្ញាតឲ្យបន្តផែនការសម្រាប់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO)។
កាលពីឆ្នាំ ២០១៩ មូលធននីយកម្មទីផ្សារបានកើនឡើង ១៥៧ ភាគរយ ដល់ ៨០០,៣៩ លានដុល្លារ។ បច្ចុប្បន្ននេះមានក្រុមហ៊ុន ៥ បោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុន ៣ ចេញបណ្ណបំណុលដែលបានប្រមូលមូលនិធិសរុបរហូតដល់ ១៥១ លានដុល្លារ។ ចំនួនក្រុមវិនិយោគិនបានកើនឡើងដល់ ២២ ៣៣៨ ក្នុងនោះ ១៧ ភាគរយជាជនបរទេស។ ទំហំជួញដូរជាមធ្យមមានចំនួន ១ ៧៥០ ៥០២ ភាគហ៊ុនក្នុង ១ ខែ ស្មើនឹង ៤ ២២១ ៤៩០ ដុល្លារ ក្នុង ១ ខែ។ នេះបើយោងតាមទិន្នន័យបានពីគណៈកម្មការមូលបត្រកម្ពុជា ( SECC)។
គិតត្រឹមឆ្នាំ ២០១៩ មានការកើនឡើងយ៉ាងខ្លាំងនៃអ្នកចូលរួមក្នុងផ្សារហ៊ុន ដូចជាភាគីជាសមភាគីកណ្ដាល ៥ សម្រាប់ទីផ្សារជួញដូរឧបករណ៍និស្សន្ទ ក្រុមហ៊ុនកម្រៃជើងសា ការជួញដូរឧបករណ៍និស្សន្ទ ២៧ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ៥ ដែលទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំនេះ និងក្រុមហ៊ុនធានាទុកទ្រព្យចំនួន ៥ ដែលបានអាជ្ញាប័ណ្ណពី SECC រួចរាល់៕LA