ក្រុងប៉េកាំងៈ រោងភាពយន្ត​គ្មាន​មនុស្ស ការធ្វើ​ដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​បាន​លុបចោល ទីតាំង​ទេសចរណ៍​បាន​បិទទ្វារ ខេត្ត​ទាំងមូល​បិទទ្វារ ដែល​ទាំងអស់​នេះ​គឺជា​វិធានការ​វិសាមញ្ញ​ដែល​បាន​ធ្វើឡើង​ដោយ​ប្រទេស​ ​ចិន ដើម្បី​គ្រប់គ្រង​វីរុស​កូរ៉ូណា ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​គំរាមកំហែង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ងាយ​រងគ្រោះ​រួចទៅហើយ​។

ដោយសារ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​ ២ ​របស់​ពិភពលោក​មួយ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​អ្នកប្រើប្រាស់​ក្នុង​ប្រទេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច វីរុស​នេះ​បាន​វាយប្រហារ​ក្នុង​ពេលវេលា​ដ៏អាក្រក់​បំផុត ដោយ​ប្រជាជន​ច្រើន​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​នេះ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ចិន​។

ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​កាលពី​ឆ្នាំមុន ដែល​ជា​ល្បឿន​ទាប​បំផុត​ក្នុង​រយៈពេល ៣ ​ទសវត្សរ៍ ដោយ​បាន​រង​ផលប៉ះពាល់​ដោយ​តម្រូវការ​ក្នុងស្រុក​ខ្សោយ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។

ប៉ុន្តែ​តួលេខ​ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ​នេះ ​បាន​ចង្អុលបង្ហាញ​ឆ្ពោះ​ទៅ​ស្ថិរភាព​មួយ​ចំនួន ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​នៅពេល​ថ្មីៗ​ជាមួយ​អាមេរិក​បាន​ផ្ដល់​ក្ដីសង្ឃឹម​បន្ថែមទៀត​។

ប៉ុន្តែ​លោក Julian Evans-Pritchard បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹងថា មិនមាន «​ការសង្ស័យ​ណាមួយ​» នោះ​ទេ​ថា ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ដែល​បានសម្លាប់​មនុស្ស​ជាង​ ១០០ ​នាក់​នោះ​នឹង​ផ្ដល់​ការវាយប្រហារ​ថ្មី​មួយ​ដែល​ព្រមាន​ថា ការដឹកជញ្ជូន និង​ការប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នឹង​ត្រូវ​រង​ផលប៉ះពាល់​ដែល​រួមទាំង​ការបរិភោគ និង​ការ​លក់រាយ​ផងដែរ​។

ថ្ងៃ​ឈប់សម្រាក​ត្រូវបាន​បន្ត​រយៈពេល ៣ ​ថ្ងៃ​ ដែល​មានន័យថា ប្រទេស​នេះ​អាច​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​យឺត​ពេល​គឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ទៅ​។

ក្រុមហ៊ុន​មួយចំនួន​បាន​ប្រាប់​បុគ្គលិក​ឲ្យ​ធ្វើ​ការងារ​នៅផ្ទះ ឬ​ពី​ចម្ងាយ​ដែល​រួមទាំង Tencent ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ដែល​បាន​ប្រាប់​បុគ្គលិក​ឲ្យ​ធ្វើ​ការងារ​នៅផ្ទះ​រហូត​ដល់​ថ្ងៃទី​ ១០ ​ខែ​កុម្ភៈ​។

ក្រុមហ៊ុន​ភោជនីយដ្ឋាន Haidilao ដ៏ពេញនិយម​នឹង​បិទទ្វារ​ហាង​ទាំងអស់​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​រហូត​ដល់​ចុងខែ​នេះ​។

រដ្ឋាភិបាល​បាន​លុបចោល​ដំណើរ​ទេសចរណ៍​ជា​ក្រុម​ក្នុងស្រុក និង​អន្តរជាតិ ជា​វិធានការ​មួយ​ដែល​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ដែលជា​ឧស្សាហកម្ម​ដ៏សំខាន់​មាន​ទំហំ ១១​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​។

កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​បាន​ណែនាំ​ថា អ្នកដំណើរ​ជា​ជនជាតិ​ចិន​ទាំងអស់​ត្រូវ​ពន្យារពេល​ការធ្វើដំណើរ​ទៅ​បរទេស​របស់​ពួកគេ «​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន​ចិន និង​ជនបរទេស​» ដែល​ជា​ព័ត៌មាន​អាក្រក់​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​នេះ​។

ការគំរាមកំហែង​ចំពោះ​ឧស្សាហកម្ម

ការធ្វើ​ដំណើរ​តាមផ្លូវ​ដែក និង​ផ្លូវអាកាស​នៅ​ថ្ងៃទី​ ១ ​នៃ​បុណ្យ​ចូលឆ្នាំ​ចិន​បាន​ធ្លាក់ចុះ​ទាំង​ ២ ​ជាង ៤០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​តាម​អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​។

រថយន្ត​ល្បឿន​លឿន​រាប់រយ​គ្រឿង​ដែល​ជាមាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើ​ដំណើរ​ក្នុងប្រទេស​ដ៏ធំ​មួយ​នេះ​ត្រូវ​បាន​ផ្អាក​រហូតដល់​ថ្ងៃទី​ ៩ ខែ​កុម្ភៈ​។

វិស័យ​ដែល​កំពុង​លូតលាស់​មួយ​ផ្សេងទៀត​គឺ​ឧស្សាហកម្ម​ភាពយន្ត​ក៏​រងគ្រោះ​ផងដែរ​។

ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ភាពយន្ត​របស់​ប្រទេស​ចិន​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​មាន​ចំនួន​តែ ១ ​ភាគ ១០ ​នៃ​ចំណូល​កាលពី​ឆ្នាំមុន​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​គេចវេះ​ចេញពី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ហើយ​ភាពយន្ត​ល្អៗ​ចំនួន ៧ ​ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​អំឡុង​ពិធីបុណ្យ​នេះ​ត្រូវបាន​លុបចោល​វិញ​។

ក្រុមអ្នកវិភាគ​មកពី​ក្រុមហ៊ុន S&P ឲ្យ​ដឹងថា ការប្រើប្រាស់​បាន​ចូលរួម​ចំណែក​ប្រហែល ៣,៥ ​ពិន្ទុ​ភាគរយ​ នៃ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ចិន​ក្នុង​ឆ្នាំ​ ២០១៩ និង​បាន​ព្រមាន​ថា ការធ្លាក់​ចុះ​ការប្រើប្រាស់ ១០ ​ភាគរយ​ នឹង​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន ១,២ ​ពិន្ទុ​ភាគរយ​។

លោក Stephen Innes មកពី​ក្រុមហ៊ុន AxiCorp ថ្លែងថា «​ទំហំ​ផលប៉ះពាល់ នឹង​មើល​ឃើញ​កាន់តែច្បាស់​» បន្ទាប់ពី​ថ្ងៃបុណ្យ​ចប់​។

ការបិទ​សេវាកម្ម​ទាំងអស់​នេះ​បាន​ធ្វើឡើង​នៅ​ខេត្ត​ហ៊ូប៉ី​ ជា​ចំណុច​ដែលមាន​ការរីក​រាលដាល់​របស់​វីរុស ជា​ទី​ដែល​ស្ថានីយ​រថភ្លើង​ត្រូវបាន​បិទ ព្រឹត្តិការណ៍​នានា​ត្រូវ​បាន​លុបចោល ហើយ​រោងល្ខោន បណ្ណាល័យ និង​ការ៉ាអូខេ និង​បារ៍​ត្រូវ​បាន​បិទ​ក្នុង​ទីតាំង​មួយចំនួន​។

ប៉ុន្តែ​ក្រៅពី​ការប្រើប្រាស់ និង​ការដឹកជញ្ជូន ការបិទ​នេះ​នឹង​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ដល់​ឧស្សាហកម្ម​។

ទីក្រុង​វូហាន​ដែលជា​រដ្ឋធានី​របស់​ខេត្ត​ហ៊ូប៉ី និង​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏ធំ​មួយ និង​មាន​ប្រជាជន​ចំនួន ១១ ​លាន​នាក់​ដែល​ផលិត​ដែកថែប និង​រថយន្ត​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ចត្តាឡឺស័ក​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​។

លោក Raymond Yeung ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន ANZ Research បាន​ថ្លែងថា​៖ «​ទីក្រុង​វូហាន​គឺជា​មជ្ឈមណ្ឌល និង​មណ្ឌល​ផលិតកម្ម​សំខាន់​មួយ​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ចិន​។ ប្រសិន​បើ​ការបិទ​នេះ​បន្ត​ធ្វើឡើង​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ចិន វា​នឹង​ប៉ះពាល់​ដល់​ផលិតកម្ម​ឧស្សាហកម្ម​ដែល​ជា​កត្តា​មួយ​នៃ​កត្តា​កំណើន​សេដ្ឋកិច្ច​ដ៏សំខាន់​នានា​»​។

ចង្វាក់​ផលិតកម្ម​ដ៏ស្មុគស្មាញ

យោងតាម​ក្រុមហ៊ុន S&P ទីក្រុង​វូហាន​មាន​ចំណែក​ប្រហែល ១,៦ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​។

ហើយ​បើ​យោងតាម​សភា​ពាណិជ្ជកម្ម​ជប៉ុន​ក្នុង​ទីក្រុង​វូហាន ក្រុមហ៊ុន​ជប៉ុន​ប្រហែល ១៦០ ​មាន​ការិយាល័យ​ក្នុង​ទីក្រុង​នេះ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​មួយចំនួន​រួមទាំង​ក្រុមហ៊ុន General Motors និង Renault ផលិត​រថយន្ត​ក្នុង​ទីក្រុង​នេះ​តាមរយៈ​ការ​បណ្តាក់ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ចិន​។

តម្លៃ​ទិន្នផល​នៃ​គ្រឿងបន្លាស់​រថយន្ត និង​រថយន្ត​ក្នុង​ទីក្រុង​វូហាន​មាន​ប្រហែល ៤០០ ​ពាន់​លាន​យន់ (៥៧ ​ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​កាសែត Changliang Daily៕ LA