សេអ៊ួលៈ ការ​សន្យា​របស់​មេដឹក​នាំ​កូ​រ៉េ​ខាង​ជើង​លោក ​គីម ​ជុង​អ៊ុន ថា​​នឹង​បង្កើត «​សេដ្ឋ​កិច្ច​សង្គម​និយម​​» លើ​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែរ​ដែល​បាន​ធ្វើឲ្យ​​ប្រ​ទេស​នេះ​​ក្រីក្រ ​និង​ឯកកោ​ អាច​ផ្ដល់ជា​សញ្ញា​​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​តាម​បែប​ប្រទេស​ចិន​ទោះ​បី​ជា​មេដឹក​នាំរូបនេះ​​មិន​ដែល​និយាយ​ដូច្នេះក៏​ដោយ​។ ​នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ​។​

ស្រប​​នឹង​សេច​ក្ដី​ប្រកាស​ដែល​ថា​ កូរ៉េខាង​ជើង​បាន​បញ្ចប់​ការ​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ និង​លែង​មាន​ការ​សាក​ល្បង​ទៀត​ហើយ​នោះ ​លោក ​គីម ​បាន​ប្រកាស​ថា «​បន្ទាត់​យុទ្ធ​សាស្ដ្រ​ថ្មី​» សម្រាប់​គណបក្ស​ពលករ​​ដែល​កំពុង​កាន់​អំណាច​មួយ​នេះ​នឹង​ «​កសាង​សេដ្ឋ​កិច្ច​សង្គម​និយម​មួយ​»។​

​ពាក្យ​ទាំង​បីនេះ​ «​បន្ទាត់​យុទ្ធ​សាស្ដ្រ​ថ្មី​» ត្រូវបាន​លើក​ឡើង​៥៦ ដង​​ហើយ​នៅ​ក្នុង​សន្ទរក​ថា​របស់​លោក​ គីម​ដែល​ត្រូវ​បាន​របាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌​មាន ​KCNA។​ ប៉ុន្តែ​វាហាក់​ដូច​នៅលើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ណាស់។​

បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​ ប្រទេស​កូរ៉េខាង​ជើង​មាន​សម្បត្តិ​ច្រើនជាង​កូរ៉េខាង​ត្បូង​ ដែល​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​សម្រេច​ចិត្ត​អាណា​និគម​ជប៉ុន​ ដើ​ម្បី​ផ្ដោត​លើ​ការ​ធ្វើ​ឧស្សាហូបនី​យ​កម្ម​នៅទី​នោះ​ ដោយ​សារ​តែ​ប្រទេស​នេះ​​មាន​ប្រ​ភព​ធន​ធាន​រ៉ែ​ និង​សក្ដានុ​ពល​ថាម​ពល​វារី​អគ្គិ​សនី​ច្រើន​។

ប៉ុន្តែ​ស្ថាន​ការ​នោះ​បាន​ផ្លាស់​ប្តូរ​ ដោយ​សារតែ​កូរ៉េខាង​ជើង​ ដែល​យូរ​មក​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុកជា​​សេដ្ឋ​កិច្ច​ ​គ្រប់​គ្រង​ដោយ​រដ្ឋ​ភាគ​ច្រើន​លើ​ពិ​ភព​លោក ​បាន​ទទួល​រង​ការ​ឈឺចាប់​ ដោយសារ​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​នៃ​សេដ្ឋ​កិច្ច​ជា​ច្រើន​ទសវត្សរ៍​ ដែល​បានធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​នៅពេល​ការ​ដួល​រលំរ​បប​សហ​ភាព​សូវៀត​ ដែល​បាន​បញ្ចប់​ការ​គាំទ្រ​ផ្នែក​ហិរ​ញ្ញ​វត្ថុ​​នៅ​ពេល​នោះ​។​

​ប្រាក់​ចំណូល​ជា​មធ្យម​មាន​តិច​ជាង​១ភាគ ​២០​ នៃ​ប្រាក់​ចំណូល​នៅ​ប្រទេស​កូរ៉េខាងត្បូង​​កាល​ពី​ឆ្នាំ​២០១​៦។ នេះ​បើ​យោង​តាម​ស្ថិតិ​ថ្មី​បំផុត ​ដែល​អាចរក​បាន​ពីទី​ក្រុង​សេអ៊ូល​។

ទីក្រុង​ព្យុង​យ៉ាង​ខ្លួន​ឯង​​មិន​ចេញ​ផ្សាយ​តួលេខ​នោះ​ទេ​ សូម្បី​តែ​​កំណើន​ផលិត​ផល​ក្នុងស្រុក​សរុប​ (GDP)​​។​ ស្ថាន​ការ​នេះ​កំពុង​កែ​លម្អ ​ដោយ​សារតែ​ទី​ក្រុង​ព្យុងយ៉ាង​ អនុញ្ញា​តដោយ​ស្ងៀម​ស្ងាត់​ឲ្យទី​ផ្សារ​ដើរ​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​សេដ្ឋ​កិច្ច​របស់​ខ្លួន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក គីម​។​

ធនាគារ​កូរ៉េ​ Bank of Korea​ ជា​ធនាគារ​កណ្ដាល​របស់​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​កត់​ត្រា​កំណើន​រហ័ស​បំ​ផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​១៧ ឆ្នាំ​កាល​ពីឆ្នាំ​ ២០១៦​ ទោះ​បីជា​កំណើន​នោះ​ត្រូវបាន​គំរាម​កំហែង​ដោយ​ទណ្ឌ​កម្ម​របស់​ក្រុម​ប្រឹក្សា​​សន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្មីៗ​ ដែល​បាន​ដាក់​លើ​វិស័យ​ជាច្រើន​ដូច​ជា​ធ្យូងថ្ម​ ត្រី​ និង​វាយ​នភ័ណ្ឌ​ ដោយ​សារ​កម្ម​វិធី​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​ក៏​ដោយ​ លោក Andrei Lankov នៅ​ក្រុម​ហ៊ុន​ Korea Risk Group បាន​ថ្លែង​ថា​៖ «​លោក​ គីម​ មាន​បំណង​សម្រេច​បាន​កម្ម​វិធី​សេដ្ឋ​កិច្ច​តាម​បែប​ប្រទេស​ចិន​ ដែល​លោក​កំពុង​អនុវត្ត​យ៉ាង​មមា​ញឹក​»។ លោក​បន្តថា​៖ «​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ ដែល​នឹង​មិន​ត្រូវ​បាន​គេ​ហៅ​ថា​កំណែ​ទម្រង់​នោះទេ​»​។​​

ស្ពានឆ្លងកាត់ចូល​ទៅ​ទំបន់​សេដ្ឋកិច្ច​ពិសេស​​កូរ៉េខាងជើង​ជាមួយនឹង​ប្រទេសចិន។ AFP

នៅ​ប្រទេស​ជិត​ខាង​ចិន និង​នៅជិត​​ប្រទេស​វៀត​ណាម​ លោក​ គីម ​មាន​ឧទាហរណ៍​ពីរ​របស់​គណបក្ស​កុំ​ម្មុយ​នីស្ដ​ ដែល​បាន​រើស​យក​មូលធន​និយម​ដោយ​មិន​មាន​ការ​គំរាម​កំហែង​ការ​គ្រប់​គ្រង​ប្រទេស​មាន​គណបក្ស​តែ​មួយ​នោះ​ទេ ​ទោះ​បីជា​ការ​ពង្រឹង​តួនា​ទីរបស់​ពួកគេ​ដោយ​ការ​បង្កើន​ភាព​មាន​បាន​ក៏ដោយ​​។​

«កំណែ​ទម្រង់​ និង​ការ​បើក​ចំហ» របស់​លោក ​តេង​ ស៊ាវភីង​ កាល​ពី​ទសវត្សរ៍​ ១​៩៨០ ដែល​បាន​ចាប់​ផ្ដើម​កំណើន​សេដ្ឋ​កិច្ច​រយៈ​ពេល​វែង​ជា​ច្រើន​ទស​វត្សរ៍​ ដែល​បាន​ជំរុញ​​ប្រទេស​​ចិន​ចេញ​ពី​សេដ្ឋ​កិច្ចដែល​មាន​ល្បឿន​យឺត ទៅជា​សេដ្ឋ​កិច្ច​ឈានមុខ​គេ​ទី២​របស់​ពិ​ភព​លោក​ និង​ជា​កត្តា​ជំរុញដ៏​សំខាន់​មួយ​នៃ​សេដ្ឋ​កិច្ច​ពិ​ភព​លោក​​។​

ទី​ក្រុង​ប៉េកាំង​ហៅ​កំណែ​ទម្រង់​នេះ​ថា​ ជា «​សង្គម​និយម​មាន​លក្ខណៈ​ចិន​» ហើយ​មន្ដ្រី​ជាច្រើន​បាន​ជំរុញ​ឲ្យ​ទី​ក្រុង​ព្យុង​យ៉ាង​អនុវត្ត​តាម​គំរូ​របស់​ខ្លួន​។​

ស្ថិត​ក្រោម​អ្វីដែល​ទី​ក្រុង​ព្យុង​យ៉ាង​ហៅ​ថា​ ប្រព័ន្ធ​គ្រប់​គ្រង​ប្រកប​ដោ​យ​ការទទួល​ខុសត្រូវ​រួម​សង្គមនិយម​ ក្រុម​អ្នកគ្រប់​គ្រង​រោ​ងចក្រ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AFP ថា​ នៅ​ពេល​​ពួកគេ​ពេញ​ចិត្ត​កូតា​ដែល​បម្រុង​ទុក​ដល់​ពួក​គេ​ដោយ​រដ្ឋ​ ពួកគេ​មាន​សេរី​ភាព​ក្នុង​ការ​ទិញ​ និង​លក់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ ទៅ​អតិថិជន​របស់​ពួកគេ​​ក្នុង​តម្លៃ​​ដែល​បាន​ចរចា​​។​

សហ​គ្រាស​រដ្ឋ ​(SOE)​ អាច​បង្កើត​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ នៅ​ក្នុងវិស័យ​ផ្សេង​ទៀត​នៃ​អាជីវ​កម្ម​ ​ក្រុម​ហ៊ុនអា​កាស​ចរណ៍​ជាតិ​ Air Koryo បាន​ធ្វើ​ពិពិធ​កម្ម​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ ដូចជា​តាក់​ស៊ី ​និង​ភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​។​

ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​អនុញ្ញាត​ឲ្យ​សហ​គ្រិន​ឯក​រាជ្យ​ប្រកប​​ដោយ​ប្រសិទ្ធ​ភាព​ ក្នុង​ការ​បង្កើត​ប្រតិ​បត្តិការ​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​ SOE ។

កសិ​កម្មក៏​​​ត្រូវបាន​កែ​ទម្រង់​​ផងដែរ​ ជា​មួយ​សមាជិក​កសិដ្ឋា​នសហ​ករណ៍​ ដែល​បង្ក​បង្កើន​ផល​លើដីឡូតិ៍ផ្ទាល់​របស់​ពួកគេ​ជិត ១​០០ ម៉ែត្រ​ការ៉េ​ ការ​បង្កើន​ការ​ផលិត​ដែល​ត្រូវបាន​លក់​ក្រៅ​ប្រព័ន្ធ​ ទីផ្សារ​ ត្រូវបានរក​ឃើញ​នៅ​ក្នុង​គ្រប់ទី​ក្រុង​កូរ៉េ​ខាង​ជើង​។​

លោក ​Lankov ​បាន​ព្យាករថា​នឹងការ​វិនិយោគ​កាន់​តែ​ច្រើន​លើ​កំណែ​ទម្រង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧស្សាហ​កម្ម ដែល​រួម​មាន​ស្វ័យភាព​សម្រាប់ SOE និង​​សិទ្ធិ​កាន់តែធំ​សម្រាប់​​អ្នកគ្រប់​គ្រង​​ក្នុង​ការ​រក្សា​ប្រាក់​ចំណេញ​ ស្រប​ជា​​មួយ​នឹង​ការ​អភិវឌ្ឍ​កសិ​កម្ម​បន្ថែម​ «​ការ​ធ្វើ​ឯកជន​ភាវូប​នីយ​កម្មលើ​ដី​ជា​ពិសេស​»។​

​លោក​ប្រាប់ AFP ​ថា​ លោក​ គីម «សង្ឃឹមថា លោក​នឹង​សម្រេច​បាន​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ស្ថិរ​ភាព ការ​កែលម្អ​លើ​កកម្ពស់​កម្រិត​ជីវភាព​​»។ លោក​បន្តថា​៖ «​ពួកគេ​មិន​គិត​ពី​របៀប​រស់នៅ​នោះ​ទេ​ ពួកគេ​គិត​តែ​ចំនួន​កាឡូរី​តែ​ប៉ុណ្ណោះ​»៕ AFP/LA