ភ្នំពេញ: អ្នកជំនាញបានអះអាងថា ការរួមចំណែកនៃវិស័យកសិកម្មទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងទៅដល់ ៣២ ភាគរយ ត្រឹមដំណាច់ឆ្នាំ ២០២០ ពី ២៦ ភាគរយក្នុងឆ្នាំ ២០១៩ ដោយសារតែការកើនឡើងនៃកម្លាំងពលកម្មចូលក្នុងវិស័យ ការនាំចេញ និង វិស័យស្នូលផ្សេងទៀតរងគ្រោះដោយសារវិបត្តិសុខភាព។
លោក គី សេរីវឌ្ឍ អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ការចាក់បញ្ចូលកម្លាំងពលកម្មចូលក្នុងវិស័យកសិកម្មនឹងជំរុញឲ្យមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងវិស័យនេះកើនដល់ប្រមាណ ៣២ ភាគរយត្រឹមដំណាច់ឆ្នាំនេះ។
លោកបានព្យាករថា ក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ ១៩ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានកើនឡើងចន្លោះពី ៣០ ភាគរយ ទៅ ៤០ ភាគរយ នាពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «កម្លាំងពលកម្មមានកំណើនដោយសារកម្លាំងពលកម្មមួយចំនួនសល់ទំនេរពីវិស័យសេវាកម្មបានងាកមកបម្រើវិស័យកសិកម្ម ដូចនេះទំហំផលិតកម្មក្នុងវិស័យនេះវារីកធំជាងមុន»។
លោកបានឲ្យដឹងថា ចំណែកវិស័យឧស្សាហកម្មនឹងរក្សាក្នុងរង្វង់ ៣៦ ភាគរយនៃ GDP ខណៈវិស័យសេវាកម្មទាំងមូលនឹងធ្លាក់ចុះចន្លោះពី ២៨ ទៅ ៣០ ភាគរយ ប៉ុន្តែវានឹងមានកំណើនពីផ្នែកខ្លះនៃសេវាកម្មទេសចរណ៍ក្នុងស្រុក និងសេវាកម្មដឹកជញ្ជូនម្ហូបអាហារតាមប្រព័ន្ធអនឡាញ។
រាជរដ្ឋាភិបាលបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ -១,៩ ភាគរយនៅឆ្នាំ ២០២០ ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ ១៩ ដល់សេដ្ឋកិច្ច ពិភពលោកនាំដល់ផលប៉ះពាល់នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែបានបង្ហាញនូវភាពសុទិដិ្ឋនិយមចំពោះវិស័យកសិកម្មដែលនឹងជួយស្រូបយកការងារ និងទប់ស្កាត់ការធ្លាក់ចុះខ្លាំង។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យផ្សេងៗទៀតបានទទួលរង់ផលប៉ះពាល់ ប៉ុន្តែវិស័យកសិកម្មមិនបង្ហាញសញ្ញាប៉ះពាល់នោះទេ។
តាមផែនការដែលបានដាក់ចេញកន្លងមកមុន ជំងឺកូវីដ ១៩ កើតឡើង រាជរដ្ឋាភិបាលមានផែនការជំរុញកំណើននៃតម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មឲ្យកើនក្នុងរង្វង់ ៣ ភាគរយ ក្នុង ១ ឆ្នាំ និងជំរុញផលិតភាពពលកម្មកសិកម្មឲ្យកើនពី ១ ៨៣៩ ដុល្លារ នៅឆ្នាំ ២០១៩ ដល់ ៤ ៦២៥ ដុល្លារ ក្នុង ១ ឆ្នាំ ក្នុង ១ នាក់ នៅឆ្នាំ ២០៣០។
លោកថ្លែងថា៖ «តួនាទីវិស័យកសិកម្មជាមូលដ្ឋានរុញកំណើនសេដ្ឋកិច្ច ហើយវិស័យកសិកម្មនឹងអាចមានកំណើនបូក ១ ភាគរយនៅឆ្នាំនេះ។ កសិកម្មនៅតែសំខាន់នាពេលនេះដោយសារវិស័យឧស្សាហកម្ម និងសេវាកម្មបានធ្លាក់ចុះពោលគឺមានតែវិស័យកសិកម្មប៉ុណ្ណោះ ដែលនៅមានសក្តានុពលអាចស្តារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន»។
កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦១ មុខទៅ ៥៩ ប្រទេស៕ LA