ភ្នំពេញ៖ អ្នកក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា បានស្នើរដ្ឋាភិបាលឱ្យជួយពិនិត្យលទ្ធភាពក្នុងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្សំធ្វើចំណីសត្វ និងថ្នាំបង្ការផ្សេងៗឱ្យបានឆាប់ ដើម្បីទ្រទ្រង់ដល់ការចិញ្ចឹមសត្វនៅកម្ពុជា ខណៈភាគច្រើននៃវត្ថុធាតុដើមទាំងនោះត្រូវបានស្តុកទុកនៅក្នុងរាជធានីភ្នំពេញ។
ដើម្បីបិទបញ្ចប់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានឆាប់ រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានដាក់ចេញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានការហាមឃាត់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងពីតំបន់ផ្សេងៗចូលមកក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាលផងដែរ។
ការរឹតត្បិតនេះ កំពុងធ្វើឱ្យអ្នកចិញ្ចឹមសត្វសម្តែងក្តីព្រួយបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ដល់បរិមាណការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារ ខណៈអ្នកចិញ្ចឹមត្រូវប្រឈមនឹងការក្ស័យធន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា វិធានការរឹតបន្តឹងការដឹកទំនិញក្នុងរាជធានីភ្នំពេញមួយរយៈ ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងធ្វើឱ្យប៉ះពាល់ជាបណ្តើរៗដល់សកម្មភាពចិញ្ចឹមសត្វនៅកម្ពុជា ព្រោះវត្ថុធាតុដើមសម្រាប់ផ្សំជាចំណី ថ្នាំវីតាមីន និងវ៉ាក់សាំងភាគច្រើនត្រូវបានស្តុកទុកនៅភ្នំពេញ។ លោកបន្ថែមថា សម្រាប់ពេលនេះ គឺមិនទាន់មានបញ្ហាធំទេ ប៉ុន្តែវានឹងកើតឡើងក្នុងពេលឆាប់ៗ។
លោកថ្លែងថា៖ «ក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខ្ញុំសូមស្នើឱ្យរាជរដ្ឋាភិបាលមេត្តាពិនិត្យលទ្ធភាពជួយសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ដែលភាគច្រើនស្ថិតនៅភ្នំពេញ ព្រោះបើមិនអាចដឹកជញ្ជូនទៅកសិដ្ឋានចិញ្ចឹមបាន វានឹងបង្កផលប៉ះពាល់ខ្លាំងសម្រាប់ការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារក្នុងរយៈពេល ២-៣ ខែខាងមុខ»។
អ្នកចិញ្ចឹមជ្រូក លោក ចន ហេង ដែលមានកសិដ្ឋានចិញ្ចឹមជ្រូកប្រមាណ ១០ ០០០ ក្បាល នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់ថា បើមិនមានគ្រឿងផ្សំលាយក្នុងចំណី និងថ្នាំបង្ការគ្រប់គ្រាន់ កសិដ្ឋានរបស់លោកនឹងមានបញ្ហាធ្ងន់ធ្ងរ ខណៈពេលនេះលោកក៏កំពុងស្នើឱ្យអាជ្ញាធរជួយសម្រួលឱ្យមានការដឹកជញ្ជូនឱ្យបានឆាប់ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។

លោកបន្តថា នៅពេលការចិញ្ចឹមសត្វក្នុងស្រុកធ្លាក់ចុះ វានឹងធ្វើឱ្យតម្លៃនៅទីផ្សារហក់ឡើងខ្ពស់ ហើយបញ្ហាជាច្រើនក៏នឹងកើតឡើងសម្រាប់អ្នកចិញ្ចឹមផងដែរ។
លោកនិយាយថា៖ «សូមអាជ្ញាធរជួយសម្រួលឱ្យមានការដឹកជញ្ជូនផលិតផលសម្រាប់ការចិញ្ចឹមសត្វឱ្យបានឆាប់»។
យោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃអង្គារនេះ ជ្រូករស់មានតម្លៃចន្លោះពី ១៣ ០០០-១៤ ០០០ រៀល ក្នុង ១ គីឡូក្រាម និងសាច់ជ្រូកមានតម្លៃក្នុងរង្វង់ ១៨ ៥០០ រៀល។
លោកអះអាងថា៖ «តម្លៃសាច់ជ្រូកនៅកសិដ្ឋាន និងកន្លែងកុងស៊ី នៅពេលនេះមិនមានការប្រែប្រួលទេ បើធៀបនឹងមុនពេលរដ្ឋាភិបាលដាក់ចេញនូវវិធានការបិទក្រុងភ្នំពេញ និងខេត្តកណ្តាល ប៉ុន្តែការប្រែប្រួលតម្លៃនោះ គឺកើតមាននៅលើទីផ្សារតែប៉ុណ្ណោះ»។
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅខេត្តកំពង់ឆ្នាំង លោក ជា សុធារ័ត្ន បានប្រាប់ថា បច្ចុប្បន្នសមត្ថភាពនៃការផ្គត់ផ្គង់សាច់មាន់នៅលើទីផ្សារពីសំណាក់អ្នកចិញ្ចឹមក្នុងស្រុក គឺមិនទាន់អាចឆ្លើយតបនឹងតម្រូវការបានទេ ហេតុនេះបើមានឧបសគ្គលើការដឹកជញ្ជូនថ្នាំ និងគ្រឿងផ្សំចំណីនោះ វានឹងអាចធ្វើឱ្យបរិមាណនៃការផ្គត់ផ្គង់កាន់តែធ្លាក់ចុះ។
លោកបន្ថែមថា៖ «យើងដឹងថា វិធានការរបស់រដ្ឋាភិបាល គឺដើម្បីធានាសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាជន ប៉ុន្តែយើងគ្រាន់តែចង់ស្នើសុំឱ្យពួកខ្ញុំដែលជាអ្នកចិញ្ចឹមមានអាទិភាពក្នុងការធ្វើដំណើរទៅពិនិត្យមើលកសិដ្ឋាន ដើម្បីជំរុញការផ្គត់ផ្គង់ឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា»៕








