ភ្នំពេញៈ បើទោះបី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ក្នុង​រយៈពេល​ ៦ ​ខែ​កន្លងមក​បាន​កើនឡើង​ច្រើន​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ជារួម​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​មិនទាន់​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ នេះ​បើ​យោង​តាម​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​កម្ពុជា​។

ការបិទ​ព្រំដែន និង​ការធ្លាក់ចុះ​យ៉ាង​គំហុក​ការបញ្ជាទិញ​ផលិតផល​វាយនភណ្ឌ និង​កាត់ដេរ​ពី​កម្ពុជា​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​វិស័យ​ដឹកជញ្ជូន​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​នាពេល​កន្លងមក​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោះបី​ការនាំចេញ​ផលិតផល​នៅក្នុង​វិស័យ​កសិកម្ម (​អង្ករ​) ​នៅពេល​នេះ​កំពុងមាន​កំណើន​ខ្ពស់​ក៏ដោយ ប៉ុន្តែ​ជារួម​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​នៅពេល​នេះ​គឺ​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​នឹង​ក្នុងអំឡុង​ខែមីនា មេសា និង​ឧសភា​ដោយ​ក្នុង​អំឡុង​ពេល​នោះ​ការដឹកជញ្ជូន​ទំនិញ​ស្ទើរតែ​ធ្លាក់​អស់ គ្មាន​តែម្តង​។

លោក​បន្តថា ការបន្ត​ភាពស្ងប់ស្ងាត់​នាពេល​នេះ​អាច​បណ្តាល​មកពី​ការបញ្ជាទិញ​ទំនិញ​របស់ អ្នកវិនិយោគ​នៅ​បរទេស​មិនទាន់​កម្រើក​ឡើងវិញ ហេតុនេះ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ចេញ និង​ការដឹក​វត្ថុធាតុដើម​យក​មក​ផលិត​នៅ​កម្ពុជា ក៏​ត្រូវ​ធ្លាក់ចុះ​ទៅ​តាម​នោះដែរ​។

លោក​និយាយថា​៖ «​បើ​យើង​និយាយ​ពី​បរិមាណ​នៃ​ការដឹកជញ្ជូន​នាពេលនេះ គឺ​ស្ថិត​ក្នុង​រង្វង់​ពី ៣០-៤០ ​ភាគរយ​បើ​ធៀប​នឹង​មុន​ពេល​មានការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​។ សកម្មភាព​ដឹកជញ្ជូន​កើនឡើង​តិចតួច​បំផុត បើ​ធៀប​នឹង​ ៣-៤ ​ខែ​មុន​»​។

ជាមួយ​ភាពមិន​ច្បាស់លាស់​ពី​ការបន្ត​រីករាលដាល​ជំងឺ​កូវីដ​១៩ លោក ចន្ធី បាន​បញ្ជាក់​ថា វិស័យនេះ​នៅតែ​មាន​បញ្ហា​ប្រឈម​ច្រើន ប្រសិន​បើ​មិនទាន់​មាន​ការអះអាង​ពី​អ្នកជំនាញ​ថា ជំងឺ​នេះ​អាច​គ្រប់គ្រង ឬ​ព្យាបាល​បាន​ទាំងស្រុង​។

យោង​តាម​លោក ស៊ិន ចន្ធី បច្ចុប្បន្ន​ការដឹកជញ្ជូន​ទំនិញ​រវាង​កម្ពុជា និង​បរទេស គឺ​តាម​ផ្លូវអាកាស​ស្ទើរ​មិន​មាន​សោះតែ​ម្តង ខណៈ​ការដឹក​តាម​ផ្លូវ​ទឹក និង​ផ្លូវគោក​មាន​តិចតួច​។

លោក ឃុត សារឿន សហស្ថាបនិក និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ដឹកជញ្ជូន SHA Transport Express Co., Ltd បាន​និយាយ​ថា បើទោះបី​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ត្រូវបាន​កាត់បន្ថយ ហើយ​ប្រទេស​មួយ​ចំនួន​បានចាប់ផ្តើម​បើក​ព្រំដែន​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​វិញ​ខ្លះ​មកហើយ​ក៏ដោយ ក៏​វិស័យ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​សញ្ញា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ លោក​បន្ថែម​ទៀត​ថា ស្ថានភាព​បែបនេះ​ធ្វើឲ្យ​​ប៉ះពាល់​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​។

លោក​អះអាង​ថា​៖ «​ទោះជា​ពេលនេះ​ស្ថានភាព​ជំងឺ​កូវីដ​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​នៅ​ក្រុមហ៊ុន​របស់ខ្ញុំ​មិនទាន់​មាន​កំណើន​ទេ ដោយ​បរិមាណ​នៃ​ការដឹក​គឺ​នៅតែ​ទាប​ដដែល​បើ​ធៀប​នឹង​ពេល​ជំងឺ​កូវីដ​ផ្ទុះឡើង​ដំបូង​»​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ចិន​ជា​ផ្លូវការ​អាច​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​អ្នកជំនាញ​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​រុញច្រាន​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​មាន​កំណើន​ខ្ពស់​ខ្លាំង ព្រោះ​ចិន​ជា​ទីផ្សារ​ធំ​មាន​ប្រជាជន​ច្រើន​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សកម្មភាព​ការធ្វើ​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​ទំនិញ​ដែល​ធ្លាក់ចុះ​ដោយសារ​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ចាប់ផ្តើម​ស្ទុះ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ដោយ​ការបញ្ជាទិញ​ទំនិញ និង​ការនាំចេញ​មាន​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​។

លោក​បន្តថា​៖ «​កំណើន​នៃ​ការនាំចេញ​អង្ករ មិន​ត្រឹម​តែ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ដល់​ផ្នែក​ពាក់ព័ន្ធ​ដូចជា កសិករ​អ្នក​ដាំដុះ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាដើម​»៕ LA