ភ្នំពេញៈ វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស ​ចិន​ បាន​មើលឃើញ​ពី​ការធ្លាក់ចុះ​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​ប្រទេស​ចិន ហេតុនេះ​នៅពេល​ចិន​មាន​បញ្ហា វិស័យ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ដែរ​។ លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​វិស័យ​ដឹកជញ្ជូន​កំពុងមាន​ផលប៉ះពាល់​ខ្លាំង ដែល​ធ្វើ​ប្រាក់ចំណូល​ពី​វិស័យនេះ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​»​។

លោក​បាន​បន្តថា វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ចាប់តាំងពី​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន​មក ដោយ​សកម្មភាព​នៃ​ការដឹកទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ​ជិត​ ៥០ ​ភាគរយ ចំណែក​ការដឹកជញ្ជូន​ទំនិញ​ទៅ​ចិន​បាន​ធ្លាក់ចុះ​ពី​ជិត​ ៤០ ​ភាគរយ បើ​ធៀប​នឹង​មុន​ចូលឆ្នាំ​ចិន ឬ​មុន​ការផ្ទុះ​នៃ​វីរុស Covid-19​។

ទោះ​យ៉ាងនេះ​ក្តី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ជាមួយ​ប្រទេស​ផ្សេងទៀត​ហាក់​មិន​មាន​ការប្រែប្រួល​នោះទេ​។

លោក​បន្តថា​៖ «​ជា​រៀងរាល់​ឆ្នាំ​សកម្មភាព​នៃ​ការដឹកជញ្ជូន​រវាង​កម្ពុជា និង​ចិន អាច​មាន​ការធ្លាក់ចុះ​ខ្លះ​នៅ​អំឡុងពេល​ចូលឆ្នាំ​ចិន តែ​វា​តែង​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​ពិធីបុណ្យ​រួចរាល់ ១ ​សប្តាហ៍ ប៉ុន្តែ​ពេលនេះ​ទោះបី​ជា​ពិធីបុណ្យ​បាន​កន្លងផុត​ទៅ ៣-៤ ​សប្តាហ៍​ហើយ​ក៏ដោយ ក៏​វា​នៅ​មិន​ទាន់​បង្ហាញ​សញ្ញា​វិជ្ជមាន​ដដែល​»​។

ទោះយ៉ាងណា​លោក ចន្ទី ប្រាប់​ថា​មិនមាន​ទិន្នន័យ​ពី​តម្លៃ​ដែល​ទទួល​បាន​ក្នុង​វិស័យ​ដឹកជញ្ជូន​នាពេល​កន្លងមក​ទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ថ្ងៃ​អង្គារ​ថា ការព្រួយបារម្ភ និង​ខ្លាច​នៃ​វីរុស​កូរ៉ូណា​កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​រាប់ទាំង​កម្ពុជា​ផងដែរ​។

លោក​បន្តថា ការខ្លាច​រអារ​នេះ​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​នោះ​ក៏មាន​វិស័យ​ដឹកជញ្ជូន​ដែរ​។ លោក​បាន​ថ្លែងថា​៖ «​ចំណុច​នេះ​គឺជា​ចំណុច​វាយប្រហារ​លើ​បញ្ហា​សេដ្ឋកិច្ច ដោយ​វាយប្រហារ​ដំបូង​គេ​លើ​សេវា​ទេសចរណ៍ បន្ទាប់​ទៅ​គឺ​សេវាកម្ម​ដឹកជញ្ជូន​»​។

លោក ឃុត សារឿន សហស្ថាបនិក និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ដឹកជញ្ជូន SHA Transport Express Co., Ltd បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការផ្ទុះ​វីរុស Covid-19 សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​លោក​រវាង​កម្ពុជា និង​ចិន អាច​មាន​ការធ្លាក់ចុះ​ប្រមាណ ១០ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​បន្តថា ការដឹក​ជញ្ជូន​នឹង​ធ្លាក់​បន្ថែមទៀត បើ​រោងចក្រ​ផលិត​វត្ថុធាតុដើម​នៅ​ប្រទេស​ចិន និង​វៀតណាម​ដែល​ត្រូវ​នាំ​ចូលមក​កម្ពុជា​បន្ត​ផ្អាក​សកម្មភាព​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នៃ​ការដឹកជញ្ជូន​នាពេលនេះ​មាន​ការធ្លាក់​ចុះ​បន្តិចបន្តួច ដោយ​វា​មិនទាន់​ក្លាយ​ជា​ហានិភ័យ​សម្រាប់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ទេ​»​។

លោក​ប្រាប់ទៀតថា ទោះ​យ៉ាង​ណា​លោក​សង្ឃឹមថា​សកម្មភាព​ដឹកជញ្ជូន​នឹង​ល្អ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​មាន​ព័ត៌មាន​មួយចំនួន​បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​វត្ថុ​ធាតុដើម​ផលិត​នៅ​ចិន​ដែល​ត្រូវ​នាំ​យក​មក​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ខ្លះ​ហើយ​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ចាន់ សុខឃាំង បាន​និយាយថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​ចាប់តាំងពី​បុណ្យចូលឆ្នាំ​ចិន​អាច​មាន​ការធ្លាក់ចុះ​ខ្លះ តែ​សម្រាប់​ការបញ្ជាទិញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ គឺ​មិនមាន​ការប្រែប្រួល​អ្វី​ច្រើន​ទេ ដោយ​ការនាំចេញ​បាន​កើនឡើង​នៅ​ទីផ្សារ​អឺរ៉ុប តែ​មាន​ការធ្លាក់ចុះ​ខ្លះ​នៅ​ប្រទេស ​ចិន​។

ទោះយ៉ាងណា​លោក​ទទួលស្គាល់​ថា វិស័យ​ដឹកជញ្ជូន​នៅ​ទូទាំង​ពិភពលោក ពិតជា​មាន​ការ​ធ្លាក់ចុះ​នាពេលនេះ ជាពិសេស​ទំនិញ ឬ​ផលិតផល​ដែល​ផលិត ឬ​ឆ្លងកាត់​តាម​ប្រទេស ​ចិន​។

លោក​លើកឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ធ្លាក់ចុះ​នៅពេលនេះ គឺ​ភាគច្រើន​បណ្តាល​មកពី​ការនាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស ​ចិន ​ត្រូវបាន​ពន្យារពេល ឬ​ផ្អាក​ដោយសារ​តែ​អាជ្ញាធរ​ចិន​បាន​តម្រូវ​ឲ្យ​ផ្អាក​សកម្មភាព​មួយរយៈ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ផ្ទុះឡើង​នៃ​វីរុស Covid-19​។ លោក​បន្តថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​អាច​នឹង​បន្ត​ធ្លាក់ចុះ​ទៀត បើ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​មក​កម្ពុជា​នៅតែ​មាន​បញ្ហា​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ កាលពី​សប្តាហ៍​មុន​បាន​ចែកចាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្នុង​ខែមីនា​ខាង​មុខ​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ និង​បិទទ្វារ​មួយរយៈ ដោយសារ​ខ្វះ​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញពី​ប្រទេស​ចិន ខណៈ​រោងចក្រ​ផលិត​ក្រណាត់​មួយចំនួន​នៅ​ចិន​បាន​បិទទ្វារ​ចាប់តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស Covid-19​។

បើតាម​លោក សួរ រោងចក្រ​កាត់ដេរ ១០០ ​ភាគរយ​គឺ​សល់​ក្រណាត់​ក្នុង​ស្ដុក​សម្រាប់​ចង្វាក់​ផលិតកម្ម​រហូត​ដល់​ខែកុម្ភៈ​នេះ​រោងចក្រ ៩៥ ​ភាគរយ​ អាច​សល់​ត្រឹម​សប្ដាហ៍​ទី​ ២ នៃ​ខែមីនា និង ៩០ ​ភាគរយ ​អាច​ដល់​ដំណាច់​ខែ​មីនា​៕ LA