ភ្នំពេញ៖ សមាគមភ័ស្តុភារកម្មកម្ពុជា (Cambodia Logistics Association) បានបង្ហាញពីការព្រួយបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មនៅក្នុងវិស័យឡូជីស្ទិក និងដឹកជញ្ជូន ដែលកំពុងបង្កឡើងដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមចេញផ្សាយកាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ផ្តើមពីការបិទការផ្គត់ផ្គង់វត្ថុធាតុដើមនាំចូលពីប្រទេស ចិន បានធ្វើឲ្យវិស័យដឹកជញ្ជូនបាត់បង់ការងារមួយចំនួនធំ ខណៈវិស័យកាត់ដេរជាឧស្សាហកម្មដ៏ធំជាងគេរបស់កម្ពុជាដែលបានផ្តល់ការងារសេវាកម្មឡូជីស្ទីក និងដឹកជញ្ជូនរាប់រយក្រុមហ៊ុននៅកម្ពុជា។
ក្រោយមកការផ្អាកការនំាចេញទំនិញរបស់រោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប បានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនបាត់បង់សកម្មភាពអាជីវកម្មដឹកជញ្ជូនកាន់តែធ្ងន់ធ្ងរឡើងមួយកម្រិតទៀត។
សេចក្តីថ្លែងការណ៍ថា មិនយូរប៉ុន្មាន វិស័យអាកាសចរណ៍មួយចំនួនបានផ្អាកការហោះហើរ ដែលធ្វើឲ្យក្រុមហ៊ុនសេវាជើងសាលើការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់បាត់បង់អាជីវកម្ម និងរងការខាតបង់ជាទម្ងន់នៅក្នុងការធានាការដឹកទំនិញតាមកិច្ចសន្យាទៅកាន់អតិថិជននៅក្រៅប្រទេសក្នុងកាលៈទេសៈដែលតម្លៃដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងយ៉ាងគំហុក។
បន្ថែមពីលើនេះ ដោយសារការរាតត្បាតជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើងៗបានធ្វើឲ្យមានការរឹតបន្តឹង និងបិទច្រកព្រំដែនគោក ដែលធ្វើឲ្យក្រុមហ៊ុនបាត់បង់ប្រាក់ចំណូល ព្រមទាំងត្រូវចំណាយលើប្រាក់ខែបុគ្គលិកការប្រាក់ធនាគារ ចំណាយថ្លៃជួលការិយាល័យ និងចំណាយផ្សេងៗទៀតកាន់តែមានបន្ទុកយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ អតិថិជនភាគច្រើនបានអូសបន្លាយពេលក្នុងការទូទាត់ថ្លៃសេវាមកឲ្យក្រុមហ៊ុនជាហេតុបង្កឲ្យមានការកកស្ទះនៃលំហូរសាច់ប្រាក់ ដែលជាកត្តាធ្វើឲ្យក្រុមហ៊ុនភាគច្រើនគ្មានសាច់ប្រាក់ ដើម្បីបង់សងកម្ចីត្រឡប់ទៅធនាគារវិញ។
សេចក្តីថ្លែងការណ៍បន្តថា៖ «បើងាកទៅមើលការងារពាក់ព័ន្ធក្រសួងស្ថាប័នរបស់រដ្ឋាភិបាលវិញ ការចាយវាយកម្រៃក្នុងការងាររត់ការជើងសាដើម្បីបំពេញបែបបទបញ្ចេញទំនិញគ្មានការបន្ធូរបន្ថយសោះឡើយ»។ រីឯការចុះធ្វើសវនកម្មគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារ កាន់តែក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់វិស័យឡូជីស្ទីក ក៏ដូចជាវិស័យផ្សេងទៀត ដែលធ្វើម្ចាស់អាជីវកម្មទាំងអស់ខ្លាចជាងជំងឺកូវីដ ១៩ ទៅទៀត។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យដឹកជញ្ជូនបាននិងបន្តទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភបំផុត។
លោកថ្លែងថា៖ «យើងស្នើសុំការសហការគ្នាទៅវិញទៅមក ដើម្បីហែលឆ្លងកាត់គ្រាអាសន្ននេះទាំងអស់គ្នា»។
លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសមាជិកនៃក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្រ្តក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងបានទេ។
លោក ឃុន សារឿន នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន SHA Transport Express Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនលោកកំពុងប្រឈមនឹងបាត់បង់ប្រាក់ចំណូល ព្រោះសកម្មភាពដឹកជញ្ជូនបានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាន។
លោកថ្លែងថា៖ «យើងកំពុងជួបបញ្ហានេះខ្លាំង យើងចង់ស្នើសុំឲ្យខាងពន្ធដារកុំឲ្យចុះអូឌីដ ហើយសុំឲ្យរដ្ឋាភិបាលជួយដល់វិស័យឡូជីស្ទីក និងដឹកជញ្ជូន ដើម្បីនិរន្តរភាពអាជីវកម្ម»។
កាលពីដើមខែមេសា រដ្ឋាភិបាលបានចេញចំណាត់ការបន្ថែមជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដោយរដ្ឋបានសម្រេចលើកលែងការបង់ពន្ធអប្បបរមាក្នុងរយៈពេល ៣ ខែដល់វិស័យអាកាសចរណ៍ និងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍៕ LA