ភ្នំពេញៈ ផលិត​ផល​កសិ​កម្ម​​កម្ពុជា​​បាន​ពឹង​ផ្អែក​លើ​ទី​ផ្សារ​ប្រ​ទេស​ជិត​ខាង​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​សម្រា​ប់​​ការ​នាំ​ចេញ​ជា​វត្ថុ​ធាតុ​ដើម​។

ដំឡូង​មី​គឺ​ជា​​ផលិត​ផល​កសិ​កម្ម​​មាន​សក្ដា​នុ​​ពល​​​របស់​កម្ពុជា ​ដែល​​រួម​ចំណែក​ដល់​ការ​រក​ប្រាក់​ចំ​ណូល​​របស់​​កសិ​ករ​។​

ប៉ុន្តែ​ ឧស្សាហ​កម្ម​នេះ​នឹង​មើល​ឃើញ​​ការ​ផ្លាស់​ប្តូរ​ ដោយ​សារ​តែ​ក្រុម​ហ៊ុន Green Leader មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង​បាន​វិ​និ​យោគ​ ១៥០ លាន​ដុល្លារ​លើ​រោង​ចក្រ​កែ​ច្នៃ​ដំ​ឡូង​មី​​​នៅ​ក្នុង​ប្រ​ទេស​នេះ​ ដោយ​រោង​ចក្រ​​មួយ​កំ​ពុង​សាង​សង់​​នៅ​ក្នុង​ខេត្ត​ក្រ​ចេះ​​។​ រោង​ចក្រ​ដែល​ចាប់​ផ្ដើម​ដំ​ណើរ​​ការ​សាង​សង់​ កាល​ពី​ខែ​មេសា​ គ្រោង​នឹង​ប្រតិ​បត្តិ​ការ​ត្រឹម​ចុង​ឆ្នាំ​នេះ ហើយ​នឹង​ត្រូវ​ការ​ដំ​ឡូង​មី​ប្រ​ហែល ៦០០ ០០០ តោន​ដើ​ម្បី​កែ​ច្នៃ​​។​

អ្នក​យក​ព័ត៌​មាន​ភ្នំ​ពេញ​ប៉ុស្តិ៍ ​បាន​ជួប​​ជា​មួយ​លោក Michael Tse អគ្គ​នា​យក​ក្រុម​ហ៊ុន​នេះ​ ដើ​ម្បី​និ​យាយ​អំ​ពី​សក្ដានុ​ពល​របស់​ឧស្សាហ​កម្ម​ដំ​ឡូង​មី​នៅ​កម្ពុជា​។​

​ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ បើក​រោង​ចក្រ​នៅ​ទី​នេះ​? ​អ្វី​ដែល​អ្នក​រំ​ពឹង​ថា​ នឹង​ទទួល​បាន​ពី​ឧស្សាហ​កម្ម​​នេះ​​?

ដំ​ឡូង​មី​គឺ​ជា​ដំ​ណាំ​កសិ​កម្ម​ឈាន​មុខ​​គេ​ទី​ ២ ​នៅ​កម្ពុជា​បន្ទាប់​ពី​ដំ​ណាំ​ស្រូវ។ ​យោង​តាម​ក្រ​សួង​កសិ​កម្ម​ផ្ទៃ​ដី​​ដាំ​ដុះ​ប្រ​ហែល ៦០០ ០០០ ហិក​តា​ បច្ចុប្បន្ន​កំពុង​ដាំ​ដុះ​ដំ​ឡូង​មី ​ដោយ​មាន​ការ​ផលិត​ដំ​ឡូង​មី​ស្រស់​​ប្រ​ចាំ​ឆ្នាំ​​ប្រ​ហែល ១៤ លាន​តោន​។​

ប៉ុន្តែ​ មាន​រោង​ចក្រ​កែ​ច្នៃ​ម្សៅ​ដំ​ឡូង​មី​​មិន​ដល់ ៧ ទេ​ដែល​កំ​ពុង​ប្រតិ​បត្តិ​ការ​នៅ​ពេល​បច្ចុប្បន្ន​ ដូច្នេះ​ភាគ​ច្រើន​នៃ​ដំ​ឡូង​មី​ស្រស់​ ត្រូវ​បាន​​នាំ​ចេញ​ទៅ​ប្រ​ទេស វៀត​ណាម និងថៃ​ ជា​​វត្ថុ​ធាតុ​ដើម​សម្រាប់​រោង​ចក្រ​កែ​ច្នៃ​របស់​ពួក​គេ​។ ​ហើយ​កសិ​ករ​កម្ពុជា​ ត្រូវ​បាន​បង្ខំ​​ចិត្ត​លក់​ដំ​ឡូង​មី​ស្រស់​របស់​ពួក​គេ​ឲ្យ​ប្រ​ទេស​ជិត​ខាង​ ដែល​ប្រ​ឈម​នឹង​ការ​ប្រែ​ប្រួល​តម្លៃ​ និង​លក្ខ​ខណ្ឌ​ទី​ផ្សារ​​មិន​មាន​ស្ថិរ​ភាព​។​

ក្រុម​ហ៊ុន Green Leader មើល​ឃើញ​ឱ​កាស​ក្នុង​ការ​ក្លាយ​ជា​​ក្រុម​ហ៊ុន​​នាំ​មុខ​ទី​ផ្សារ​នៅ​ក្នុង​វិស័យ​ដ៏​សំ​ខាន់​​នេះ។ ​តាម​រយៈ​ការ​បង្កើត​​រោង​ចក្រ​​កែ​ច្នៃ​នេះ យើង​អាច​ប្រើ​ប្រាស់​ដំ​ឡូង​​មី​ស្រស់​ក្នុង​បរិមាណ​​ច្រើន​ ដែ​ល​​​បាន​​ដាំ​ដុះ​ដោយ​កសិករ​ និង​កែ​ច្នៃ​​​​ទៅ​ជា​​ម្សៅ​ដំ​ឡូង​មី​ និង​ម្សៅ​ដំ​ឡូង​មី​​កែ​ច្នៃ​ ដែល​មាន​តម្រូវ​ការ​នៅ​ក្នុង​បណ្ដា​ប្រ​ទេស​អា​ស៊ាន​ និង​អឺរ៉ុប​ផ្សេង​ទៀត​​។​

ការ​ធ្វើ​ការ​ងារ​ជា​មួយ​កសិ​កម្ម តាម​រយៈ​ផែន​ការ «​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា» យើង​អាច​ទុក​តម្លៃ​បន្ថែម​ឲ្យ​កសិ​ករ​ក្នុង​ស្រុក​ តាម​រយៈ​ការ​ធា​នា​ដល់​ពួក​គេ​នូវ​ស្ថិរ​ភាព​ទី​ផ្សារ និង​តម្លៃ​ទិញ​ព្រម​ព្រៀង​គ្នា​​។​ នេះ​គឺ​ជា​ស្ថាន​ភាព​ឈ្នះ​ឈ្នះ ​សម្រាប់​​ទាំង​ក្រុម​ហ៊ុន Green Leader ជា​វិនិ​យោ​គិន ​និង​កសិ​ករ​ក្នុង​ស្រុក​។​

តើ​ការ​វិនិ​យោគ​របស់​អ្នក​ នឹង​​ផ្លាស់​ប្តូរ​ឧស្សាហ​កម្ម​ដែល​រង​ផល​ប៉ះ​ពាល់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ​នេះ​ដែរ​ឬ​ទេ? ​ហើយ​ដោយ​របៀប​ណា​?

មាន​រោង​ចក្រ​កែ​ច្នៃ​​នៅ​ក្នុង​តំបន់​ជា​ច្រើន​ដែល​ដាំ​ដុះ​ដំ​ឡូង​មី​ ​ក្រុម​ហ៊ុន Green Leader អាច​ផ្ដល់​ដល់​កសិ​ករ​នូវ​ទី​ផ្សារ​ប្រ​កប​ដោយ​​ស្ថិរ​ភាព​។ តាម​រយៈ​ការ​ធ្វើ​ការ​ងារ​ជា​មួយ UNDP ក្រ​សួង​កសិ​កម្ម​ និង​ក្រ​សួង​ពា​ណិជ្ជ​កម្ម​ យើង​នឹង​អភិវឌ្ឍ​ផែន​ការ «​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​» ជា​មួយ​កសិ​ករ​ ដើ​ម្បី​ធា​នា​​ឲ្យ​ពួក​គេ​អាច​លក់​ដំ​ឡូង​មី​ស្រស់​របស់​ពួក​គេ​ ​ឲ្យ​រោង​ចក្រ​របស់​យើង​ ដោយ​តម្លៃ​ការ​ពារ​អប្ប​បរ​មា​។

នេះ​គឺ​ជា​​នយោ​បាយ​ឈ្នះ​-​ឈ្នះ​ សម្រាប់​ពួក​យើង​ ដោយ​សារ​តែ​យើង​ត្រូវ​ការ​ការ​ធា​នា​ការ​ផ្គត់​​ផ្គង់​ដំ​ឡូង​មី​ស្រស់​ ​ហើយ​កសិ​ករ​អាច​លក់​​​ដំ​ឡូង​មី​ស្រស់​របស់​ពួក​គេ​ដោយ​ផ្ទាល់​​ដល់​យើង​ ដែល​ចៀស​ផុត​ពី​ឈ្មួញ​កណ្ដាល​ ក្នុង​ការ​កេង​ចំ​ណេញ​តម្លៃ​លក់​​​។​

បញ្ហា​ប្រ​ឈម​គឺ​ជា​ការ​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​ «​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​» ជា​មួយ​កសិ​ករ​ជា​ច្រើន​។ នេះ​គឺ​ជា​កន្លែង​ដែល​យើង​ត្រូវ​ការ​ការ​គាំ​ទ្រ និង​បទ​ពិ​សោធ​របស់ UNDP និង​ស្ថា​ប័ន​​រដ្ឋា​ភិ​បាល​ ដោយ​ការ​ជួយ​ក្នុង​ការ​បង្កើត​សមា​គម​កសិ​កម្ម​ក្នុង​ស្រុក​។ ការ​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​របស់​យើង​ អាច​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​មួយ​សមា​គម​កសិ​កម្ម​ក្នុង​ស្រុក​ ដែល​​ងាយ​ស្រួល​បំ​ផុត​ក្នុង​ការ​រក្សា​ទំ​នាក់​ទំ​នង​ការ​ងារ​។

​​

តើ​អ្វី​ជា​អត្ថ​ប្រយោជន៍​សម្រាប់​ប្រ​ជា​ជន​ និង​កសិ​ករ​ក្នុង​ស្រុក​?

​​

បេសក​កម្ម​របស់​យើង​នឹង​លើក​កម្ពស់​ជីវ​ភាព​របស់​កសិ​ករ​ក្នុង​ស្រុក​ដោយ​ការ​ទិញ​ដំ​ឡូង​មី​ស្រស់​របស់​ពួក​គេ​។ ទោះ​បី​ជា​​កសិ​ករ​ក្នុង​ស្រុក​ មាន​ដី​ និង​កម្លាំង​ពល​កម្ម​ក៏​ដោយ​ ក៏​ពួក​គេ​ភាគ​ច្រើន​​ខ្វះ​ប្រាក់​​ក្នុង​ការ​ទិញ​ឧប​ករណ៍​កសិ​កម្ម​ ដូច​ជា​ ត្រាក់​ទ័រ​ ដើ​ម្បី​កែ​លម្អ​ដី​របស់​ពួក​គេ​ដែរ​។ ពួក​គេ​ខ្វះ​ប្រាក់​ ដើ​ម្បី​ទិញ​​ជី​ ដូច្នេះ ទិន្ន​ផល​ដំ​ឡូង​មី​​​មិន​ល្អ​ទេ​។​

យើង​អាច​កែ​លម្អ​ទិន្ន​ផល​របស់​ពួក​គេ​ តាម​រយៈ​ការ​ផ្ដល់​សេវា​កសិ​កម្ម ​ដូច​ជា​ការ​ភ្ជួរ​ដី​​ និង​ការ​ដាក់​ជី​ ជា​ឥណ​ទា​ន​ស្ថិត​ក្រោម​ផែន​ការ​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​។​ ស្ថិត​ក្រោម​ផែន​ការ​​នេះ ​កសិ​ករ ​នឹង​​បង្កើន​ទិន្ន​ផល​ដំ​ឡូង​មី​​ស្រស់​របស់​ពួក​គេ​ ដូច្នេះ​ នឹង​អាច​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​ បន្ទាប់​ពី​ការ​កាត់​​បន្ថយ​សេ​វា​បន្ថែម​ និង​តម្លៃ​ទំ​និញ​។​

តើ​​ក្រុម​ហ៊ុន​របស់​អ្នក​អនុ​វត្ត​តាម​ផែន​ការ​ ក្នុង​ការ​វិនិ​យោគ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ដែរ​ឬទេ​?

យើង​គឺ​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​​មក​ពី​ទី​​ក្រុង ​ហុង​កុង​។ ​ដោយ​សារ​តែ​ឈ្មោះ​​ក្រុម​ហ៊ុន​របស់​យើង​ ជា​ការ​ចង្អុល​បង្ហាញ​ថា Green Leader ​​មាន​បំ​ណង​ក្នុង​ការ​ធ្វើ​ជា​វិនិ​យោ​គិន​ឈា​ន​មុខ​គេ​​នៅ​ក្នុង​វិស័យ​បៃ​តង​។ យើង​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ថា​ នឹង​វិនិ​​យោគ​នៅ​ក្នុង​វិស័យ​​កសិ​កម្ម​របស់​កម្ពុជា​។ រោង​ចក្រ​ដំបូង​របស់​យើង​នៅ​ស្រុក​ស្នួល ​មាន​សមត្ថ​ភាព​ផលិត​ម្សៅ​ដំ​ឡូង​មី និង​ម្សៅ​ដំ​ឡូង​កែ​ច្នៃ​ប្រ​ចាំ​ឆ្នាំ​ ១៥០ ០០០ តោន​។

​ដោយ​មាន​ការ​បង្កើត​ និង​ការ​ដំ​ណើរ​ការ​រោង​ចក្រ​ដំ​បូង​របស់​យើង យើង​នឹង​ចាប់​ផ្ដើម​សាង​សង់​រោង​ចក្រ​បន្ថែម​ទៀត​នៅ​ទី​តាំង​ផ្សេង​ទៀត​ ជា​មួយ​នឹង​ការ​ផ្គត់​ផ្គង់​ដំ​ឡូង​មី​ស្រស់​គ្រប់​គ្រាន់​។​ វា​ជា​ផែន​ការ​របស់​យើង​ ក្នុងការ​បង្កើត​រោង​ចក្រ​ ៥ នៅ​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ក្រោយ​ក្នុង​ទឹក​ប្រាក់​ ១៥០ ​លាន​ដុល្លារ​ដែល​នឹង​ផ្ដល់​នូវទី​ផ្សារ​ប្រ​កប​ដោយ​ស្ថិរ​ភាព​សម្រាប់​ដំ​ឡូង​មី​ស្រស់​​ប្រហែល​ ៣ ​លាន​តោន​ដល់​កសិ​ករ​ក្នុង​ស្រុក​។ យើង​មាន​ទំនុក​ចិត្ត​​ថា ​រោង​ចក្រ​​​កែច្នៃ​​ម្សៅ​ដំឡូង​មី​ស្រស់​​របស់​យើង​ នឹ​ង​ទទួល​បាន​ជោគ​ជ័យ​ ហើយ​នឹង​​​នាំ​យក​ភាព​រីក​ចម្រើន​ដល់​កសិ​ករ​​​កម្ពុជា​។

​ទី​បំ​ផុត​ យើង​សង្ឃឹម​ថា គំរូ​ភាព​ជា​​ដៃ​គូ​ឯក​ជន​​សា​ធារ​ណៈ​របស់​យើង​ នឹង​បង្ហាញ​ភាព​ជោគ​ជ័យ​ និង​ទាក់​ទាញ​​ក្រុម​វិនិ​យោ​គិន​បៃ​តង​ផ្សេង​ទៀត​ដើ​ម្បី​ចូល​រួម​នៅ​ក្នុង​​វិ​ស័យ​កសិ​កម្ម​របស់​កម្ពុជា​៕​LA