ក្រុង​ហូស្តុនៈ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន ​ដែល​កំពុង​បន្ត​កើត​មាន នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​​ដល់​ឧស្សាហកម្ម និង​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ថាមពល​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។

លោក Guan Linhua អគ្គនាយក​ក្រុមហ៊ុន Surge Energy America ដែល​ជា​ក្រុមហ៊ុន​ផលិត និង​រុករក​ប្រេង​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិចសាស់ បាន​ថ្លែង​ថា ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ជា​​ច្រើន​របស់​អាមេរិក ប្រើប្រាស់​បំពង់ ​និង​ឧបករណ៍​ការពារ​បំពង់​ប្រេង​​របស់​​ប្រទេស ​ចិន «ដូច្នេះ​ពន្ធ​នឹង​បង្កើន​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​នៅ​​សហរដ្ឋ​អាមេរិក» ។

ក្នុង​ការ​កើន​ឡើង​ភាព​តានតឹង​ពាណិជ្ជកម្ម ទីក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី ​១០ ខែ ​ឧសភា បាន​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ពី​ចិន​ដែល​មាន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​ពី ១០ ភាគរយ ដល់ ២៥ ភាគរយ ហើយ​បាន​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​ផ្សេង​ទៀត ។ ជា​ការ​​ឆ្លើយ​តប ប្រទេស ​ចិន ​បាន​​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ជា​ច្រើន​ផង​ដែរ​ រួម​​ទាំង​ឧស្ម័ន​ធម្មជាតិ​កាល​ពី​ថ្ងៃទី ​១ ខែ ​មិថុនា។

យោង​តាម​លោក Guan ការ​ដំឡើង​ពន្ធ​នឹង​ឈាន​ទៅ​រក​ការ​លុប​ចោល​គម្រោង​​ឧស្ម័ន​ធម្មជាតិ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​មួយ​ចំនួន​នៅ​រដ្ឋ​តិចសាស់​ និង​រដ្ឋ​ Louisiana ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។

តួលេខ​តាម​ដាន​កប៉ាល់​ដឹក​ថាមពល បាន​បង្ហាញ​ថា រហូត​មក​ទល់​ពេល​នេះ មាន​តែ​កប៉ាល់​ដឹក​ឧស្ម័ន​តែ​ ២ ប៉ុណ្ណោះ ​បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស ​ចិន បើ​ធៀប​នឹង​ចំនួន ១៤ កប៉ាល់​​​នៅ​ក្នុង​រយៈពេល ​៤ ខែ​ដំបូង​កាល​ពី​ឆ្នាំ ២០១៨។

ចាប់​ពី​ខែ ​កុម្ភៈ ឆ្នាំ​ ២០១៦ ដល់​ខែ ​កក្កដា​ ឆ្នាំ ២០១៨ ចិន​គឺ​ជា​ប្រទេស​នាំចូល​ឧស្ម័ន​ធម្មជាតិ​ធំ​ជាង​គេ​របស់​អាមេរិក។ តែ​ចិន​​​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​អតិថិជន​ធំ​ទាំង ១៥ របស់​អាមេរិក​ទេ​នៅ​ឆ្នាំ​នេះ។

លោក Guan បាន​ថ្លែង​ថា ក្រុមហ៊ុន​ថាមពល​អាមេរិក នឹង​ត្រូវ​ទិញ​ផលិតផល​នានា​ពី​ប្រទេស​ផ្សេង​វិញ បើ​ពួក​គេ​មិន​អាច​ទិញ​ពី​ចិន​បាន ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រេង ​និង​ឧស្ម័ន​​ចិន និង​ក្រុមហ៊ុន​ផលិត​សេវា​ក្នុង​វិស័យ​​នេះ​ត្រូវ​ស្វែងរក​អតិថិជន​ថ្មី​សម្រាប់​​ផលិតផល​របស់​ពួក​គេ ។

លោក​បន្ថែម​ថា ការណ៍​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ភាគី​ទាំង ​២ ក្នុង​រយៈពេល​វែង។

ទន្ទឹម​នឹង​នេះ​ដែរ ជម្លោះ​ពាណិជ្ជកម្ម​ក៏​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ឧស្សាហកម្ម​ផ្សេង​​ទៀត​របស់​អាមេរិក​ផង​ដែរ​ ដូច​ជា​វិស័យ​ដឹក​ជញ្ជូន​ជា​ដើម។

លោក Charles Knobloch អតីត​ប្រធាន​ផ្នែក​រៀបចំ​សន្និសីទ Offshore Technology Conference ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ហូស្តុន​ថ្លែង​ថា តិចសាស់​នឹង​មើល​ឃើញ​ការ​ធ្លាក់ចុះ​បរិមាណ​នៅ​កំពង់ផែ​របស់​ខ្លួន។

ដោយ​សំដៅ​លើ​កំពង់ផែ Greater Port of Houston ដែល​ជា​កំពង់ផែ​ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក លោក Knobloch​ ថ្លែង​ថា៖ «អាច​មាន​ការ​ធ្លាក់​ចុះ​បរិមាណ​ចរាចរណ៍ ដែល​ចូល ​និង​ចាក​ចេញ​ពី​កំពង់ផែ ។

យោងតាម​ទិន្នន័យ​ផ្លូវ​ការ កំពង់ផែ​​នេះ ​បាន​បង្កើត​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ចំនួន ៨០១,៩ ពាន់​លាន​ដុល្លារ និង​ជាង ​៣៨,១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ចំណូល​ពន្ធ ព្រម​ទាំង​បង្កើត​ឱកាស​ការងារ​បាន ៣,២ លាន​កន្លែង។

លោក Guan និង​លោក Knobloch បារម្ភ​ថា ជម្លោះ​ពាណិជ្ជកម្ម​ក៏​អាច​ដាក់​បន្ទុក​​ធ្លាក់ចុះ​ដល់​តម្លៃ​ប្រេងឆៅ​ផង​ដែរ ខណៈ​​ដែល​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​នឹង​ឈាន​ទៅ​រក​តម្រូវការ​ប្រេង​កាន់​តែ​តិច ។

អ្នក​វិភាគ​ទាំង ២ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ ២ ស្វែងរក​ដំណោះ​ស្រាយ​​តាមរយៈ​ការ​សន្ទនា៕ People''s Daily/KC