ភ្នំពេញៈ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​បាន​អះអាង​ថា វិស័យ​ធនាគារ​របស់​កម្ពុជា​នៅតែ​រឹងមាំ​ហើយ​នឹង​មិន​ទទួលរង​ដោយ​ផ្ទាល់​ដោយសារ​តែ​ការគំរាមកំហែង​ដោយ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឡើយ​។

សហភាព​អឺរ៉ុប (EU) បាន​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កាលពី​ថ្ងៃទី​ ១២ ខែ​កុម្ភៈ​ដោយ​លើកឡើង​ពី «​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​» នៅ​កម្ពុជា​»​។

គណៈកម្មការ​នេះ​បានបញ្ចប់​របាយការណ៍​របស់ខ្លួន​កាលពី​ដើម​ខែ​នេះ បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល​ ៣​ ​ខែ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​ ១២ ខែសីហា និង​បាន​ទុកពេល​ឲ្យ​រដ្ឋាភិបាល​រយៈពេល​ ១ ​ខែ​ផងដែរ​ដើម្បី​ឆ្លើយតប​។

លោក អ៊ិន ចាន់នី ប្រធាន ABC និង​ជា​ប្រធាន​អគ្គនាយក​ធនាគារ អេស៊ីលីដា បាន​និយាយ​ទៅកាន់​ក្រុម​អ្នកយក​ព័ត៌មាន​នៅក្រៅ​ជំនួប​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាស៊ាន​លើក​ទី​ ៤៩ ​ថា បញ្ហា EBA គឺ​គ្រាន់​ជា​កត្តា​មួយ​ដែល​នឹង​មិន​ប៉ះពាល់​ទាំងស្រុង​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ពឹង​ផ្អែកលើ​កត្តា​ជាច្រើន​នោះទេ​។

លោក​ថ្លែងថា​៖ «​នៅ​ឆ្នាំ​នេះ វិស័យ​ធនាគារ​កំពុង​រីកចម្រើន ខណៈ​រំពឹងថា​នឹង​កើនឡើង​ស្រប​តាម​កំណើន​សេដ្ឋកិច្ច​ប្រហែល​ ៦,៩ ​ភាគរយ​។ ខ្ញុំ​មិន​គិត​ថា បញ្ហា EBA នឹង​រារាំង​កំណើន​សេដ្ឋកិច្ច​ទាំងមូល​នោះទេ ដោយសារ​តែ​វា​គ្រាន់តែ​ជាក​តា្ត​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​អ្នក​សម្លឹង​មើលទៅ​ឋានៈ EBA វា​នឹង​ត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្ដិ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​យើង​កំពុង​ផ្លាស់ប្តូរ​ទៅ​កម្រិត​ផ្សេង​ទៀត​»​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ​តាម​ចក្ខុវិស័យ​ក្រុម​វិនិយោគិន ពួកគេ​សម្លឹង​ទៅ​រក​កត្តា​ជាច្រើន ដូចជា​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​ការវិនិយោគ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​របស់​ប្រទេស​នេះ​»​។

ទន្ទឹម​នឹង​នេះ​លោក​បាន​ពន្យល់ថា ផែនការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ទទួល​បាន​វា​គ្រាន់តែ​ជាការ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ ដែល​នឹង​មិន​ស្ថិតសេ្ថរ​ជា​រៀងរហូត​នោះទេ​។

លោក​បន្ថែមថា​៖ «​អ្វី​ជា​កត្តា​សំខាន់​ផ្សេង​ទៀត​គឺថា យើង​ទទួល​បាន​ទំនាក់​ទំនង​ជា​យុទ្ធសាស្ដ្រ​ជាមួយ​ប្រទេស​ចិន ដែល​រដ្ឋាភិបាល​ទើបនឹង​ប្រកាសថា យើង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ខែ​ធ្នូ​។ ទាក់ទង​នឹង​បញ្ហា​នេះ យើង​ទទួល​ផល​ជាវិជ្ជមាន​ពី​ភាព​ជា​ដៃគូ​នេះ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​យូរ​»​។

លោក Raymond Sia អគ្គនាយក​ធនាគារ​កាណាឌីយ៉ា​បាន​លើកឡើង​ថា មិន​មាន​ការបារម្ភ​ជុំវិញ EBA ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​វិស័យ​ធនាគារ​នៅ​កម្ពុជា​នោះទេ​។ លោក​បាន​លើកឡើង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ប្រុងប្រយ័ត្ន​ជាច្រើន ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ណាមួយ​ដោយសារ EBA រួចរាល់​ហើយ​។ ​

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើតឡើង​ណាមួយ ដោយសារ​តែ​ការផ្អាក EBA នេះ​។ ដូច្នេះ​ខ្ញុំ​ពិតជា​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង ទោះបី​ជា​ការផ្អាក EBA ក៏ដោយ ក៏​ប្រទេស​កម្ពុជា​នឹង​នៅតែ​ប្រតិបត្តិការ​ល្អប្រសើរ​»​។

លោក​បានចង្អុល​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​គឺ​នៅតែ​រីកចម្រើន និង​ថែមទាំង​កាន់តែ​រឹងមាំ​ជាង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងទៀត​។

លោក​លើកឡើង​ថា​៖ «​ដូច្នេះ​ខ្ញុំ​គិតថា សម្រាប់​ប្រទេស​ដូចជា​កម្ពុជា យើង​ពិត​ជា​ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ដោយបាន​ដាក់ចេញ​គោលនយោបាយ​គាំទ្រ​​ដើម្បី​ធានា​ថា ក្រុមហ៊ុន​ទាំងអស់​ទទួល​បាន​ការ​រីកចម្រើន​មិន​គ្រាន់តែ​ធនាគារ​នោះទេ ប៉ុន្តែ​ក៏​ឧស្សាហកម្ម​ផ្សេងទៀត និង​វិស័យ​ពាណិជ្ជកម្ម​ផ្សេងទៀត​ផងដែរ​»​។ លោក​បន្ថែម​ថា​ ធនាគារ​របស់​លោក​មិនមាន​ផ្តល់​កម្ចី​ដោយ​ផ្ទាល់​ណាមួយ​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដោយផ្ទាល់​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភណ្ឌ​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មិន​ផ្តល់​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ណាមួយ​នោះទេ ប៉ុន្តែ​ពិតណាស់​ធនាគារ​ធំៗ​នៅ​កម្ពុជា​បច្ចុប្បន្ន យើង​ពិតជា​ពាក់ព័ន្ធ​ដោយ​ប្រយោល​ទៅគ្រប់​វិស័យ​ទាំងអស់ ហើយ​គ្រប់​វិស័យ​ទាំងអស់​យើង​បាន​គ្រប់គ្រង​វា​បានល្អ​»​។

លោក អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់​ត្រូវតែ​បង្កើន​ផលិតភាព​ដោយ​ការបណ្ដុះបណ្ដាល​កម្មករ និង​បុគ្គលិក​ទទួល​បាន​ជំនាញ​កាន់តែ​ច្រើន និង​កាត់បន្ថយ​ការចំណាយ​លើ​តម្លៃ​ផលិត ដើម្បី​រក្សា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឲ្យ​មាន​ផលិតភាព និង​សមត្ថភាព​កាន់តែ​ច្រើន​។

លោក​បាន​បន្តថា​៖ «​ពិត​ហើយ យើង​នឹង​មាន​ផលប៉ះពាល់ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ យើង​ត្រូវតែ​សម្លឹង​មើល​អ្វី គឺ​ការឆ្លើយតប​ដែល​អាច​វាស់វែង​បាន​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​បែប​នោះ​? ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម​អ៊ីចឹង ការធ្វើ​អាជីវកម្ម យើង​មិន​ពឹងផ្អែក​លើ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​អ្នកផ្សេង​នោះ​ទេ យើង​ត្រូវតែ​ពឹងផ្អែក​ភាគច្រើន​លើ​អំណាច​សេដ្ឋកិច្ច​ក្នុងស្រុក ទីផ្សារ​នាំចេញ​ក្នុងស្រុក និង​ទីផ្សារ​ពិភពលោក​»​។

កម្ពុជា​ជា​ប្រទេស​ទទួល​អត្ថប្រយោជន៍​ឈានមុខ​គេ​ទី​ ២ នៃ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ដែល​មាន​ចំនួន​ ១៨ ​ភាគរយ​ នៃ​ការ​នាំចូល​ទាំងអស់​ដែល​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៨​។ ការនាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​មាន​ចំនួន​ប្រហែល​ ៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​សិទ្ធិ​ទទួល​បាន​ជាង​ ៩៥ ​ភាគរយ​សម្រាប់​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA៕ LA