
ទូរ ATM របស់ធនាគារមួយចំនួនស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរវិមានឯករាជ្យ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការបើកដំណើរការរបស់ធនាគារ MGN Emperor Bank កាលពីសប្តាហ៍មុន បង្ហាញពីការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែវាក៏បង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារដ៏តូចចង្អៀត ដែលអាចនឹងនាំទៅរកការច្របាច់បញ្ចូលគ្នានៅពេលអនាគត ផងដែរ។ នេះបើតាមអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាបានឲ្យដឹងថា វិស័យនេះនឹងប្រឈមការប្រកួតប្រជែងខ្លាំងជាងមុន ព្រោះទីផ្សារប្រើប្រាស់ឥណទានអាចនឹងរួញតូច។ លោកបានថ្លែងថា៖ «ចំពោះធនាគារដូចផ្លែក្រូចមួយផ្លែអ៊ីចឹង ពីមុន [យើង] ពុះវាជា ៨ ចំណែក ប៉ុន្តែឥឡូវត្រូវពុះជា ១០ មានន័យថា ចំណែកទីផ្សារកាន់តែតូចសម្រាប់ធនាគារនីមួយៗ»។
លោកបន្តថា ការបង្កើតផលិតផលថ្មី នឹងជួយឲ្យប្រតិបត្តិកររក្សាបានភាពប្រកួតប្រជែងរបស់ពួកគេ។ លោកថ្លែងថា៖ «យើងចង់មានន័យថា ចំនួនអតិថិជននៅដដែល តែចំនួនធនាគារកើន បើយើងចង់បានតម្លៃសេវាដដែល ការប្រាក់លើប្រាក់បញ្ញើសន្សំដដែលទាល់តែយើងមានអ្វីល្អៗឲ្យអតិថិជន»។
គិតមកដល់ពេលនេះចំនួនធនាគារពាណិជ្ជនៅកម្ពុជាកើនដល់ ៤៥។ ទោះបីយ៉ាងនេះក្តី លោក អ៊ិន ចាន់នី អះអាងថា វាជាជម្រើសកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ ខណៈប្រតិបតិករកំពុងផ្តោតលើសេវាឌីជីថល ដែលកំពុងកើនឡើងរបស់ពិភពលោក។ លោកថ្លែងថា៖ «ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើតឡើងច្រើននឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ឥណទានសម្រាប់ការវិនិយោគ ឬពង្រីកអាជីវកម្ម»។
លោកបន្តថា៖«អ្នកប្រើប្រាស់ឥណទានកាន់តែសប្បាយចិត្ត មានធនាគារច្រើន អ្នកលក់ច្រើន គេហៅថា កម្រៃសេវារបស់ធនាគារផ្សេងៗវាធូរថ្លៃ អត្រាការប្រាក់វាក៏សមរម្យដែរ»។
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០១៩ នេះ ធនាគារអេស៊ីលីដាផ្តល់ឥណទានសម្រាប់កម្ចីបង្កើតមុខរបរ ឬកម្ចីពង្រីកអាជីវកម្មមានចំនួន ៩០ ភាគរយ ហើយគិតត្រឹមរយៈពេល ៦ ខែ ឆ្នាំ ២០១៩ អេស៊ីលីដាបានផ្តល់កម្ចីសរុប ៣,៥ ពាន់លានដុល្លារទៅឲ្យអតិថិជន ៤០ ម៉ឺននាក់។
របាយការណ៍ធនាគារជាតិ (NBC) បង្ហាញថា ធនាគារពាណិជ្ជនៅកម្ពុជាមានចំនួនសរុប ៤៥ ធនាគារឯកទេសមាន ១៤ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន ៨១ ក្នុងនោះមីក្រូហិញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៧។
លោក ប៊ុន មុនី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «វិថី» បានឲ្យដឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើននឹងក្លាយជាប្រភពទុនរបស់ប្រជាពលរដ្ឋសម្រាប់បើកអាជីវកម្ម សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយក៏ជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ប៉ុន្តែលោក យល់ថា ប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចប្រឈមនឹងបាត់បង់ទីផ្សារ ដោយសារតែមិនអាចប្រកួតប្រជែងជាមួយធនាគារធំៗបាន។ លោកថ្លែងថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗមិនសូវមានទីផ្សារ អាចប្រឈមនឹងការបិទទ្វារ ការប្រកួតប្រជែងខ្លាំងធនាគារធំកំពុងកៀរយកអតិថិជនពីមីក្រូហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចីតូចៗ»។
ធនាគារជាតិនៃកម្ពុជាបង្កើនទុនបម្រុងអប្បបរមាសម្រាប់ធនាគារ ៣ ដង សម្រាប់ធនាគារពាណិជ្ជ ពី ៣៧,៥ លានដុល្លារ ដល់ ៧៥ លានដុល្លារ ធនាគារឯកទេសបង្កើនពី ៧,៥ លាន ដល់ ២៥ លានដុល្លារ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពី ២,៥ លានដល់ ៣៩ លានដុល្លារ។ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើពី ៦២ ៥០០ ដុល្លារ ដល់ ១,៥ លានដុល្លារ។
វិធានការរបស់ NBC ត្រូវបានអ្នកវិភាគយល់ថា ទំនងជានឹងនាំទៅរកការរួមបញ្ចូលគ្នាក្នុងវិស័យនេះ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) និងជាអ្នកជំនាញខាងហិរញ្ញវត្ថុបានឲ្យដឹងថា ការប្រកួតប្រជែងកាន់តែខ្លាំង អាចធ្វើឲ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនអាចប្រកួតប្រជែងបាន នឹងច្របាច់បញ្ជូលគ្នា។
លោកថ្លែងថា៖ «ទៅមុខទៀត ដំណើរនេះវាឈានដល់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញខ្លាំង [ប្រតិបត្តិករ] ដែលមិនអាចឈរជើងបានអាចត្រូវបានទិញដោយធនាគារផ្សេង ឬអាចច្របាច់បញ្ជូលគ្នាជាមួយធនាគារធំៗ»។ លោកបញ្ជាក់ថា ការរួមបញ្ចូលគ្នាជាយុទ្ធសាស្ត្រមួយល្អ ដើម្បីទប់ស្កាត់ហានិភ័យ ក្នុងវិស័យហិរញ្ញវត្ថុដែលប្រកួតប្រជែងខ្លាំងក្នុងទីផ្សារដ៏ចង្អៀត។
គ្រឹះស្ថានហិរញ្ញវត្ថុស្ថាបនា បានបំប្លែងខ្លួនពីគ្រឹះស្ថានមីក្រូហិញ្ញវត្ថុទៅជាធនាគារពាណិជ្ជកាលពីឆ្នាំ ២០១៦ តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយធនាគារ Maruhan Bank របស់ជប៉ុន។
ទោះបីយ៉ាងនេះក្តី លោក ចាន់នី បានអះអាងថា ក្នុងដំណាក់កាលនេះគេមិនទាន់មើលឃើញមានសញ្ញាហានិភ័យក្នុងវិស័យធនាគារ ដែលចាំបាច់ត្រូវច្របាច់បញ្ជូលគ្នាទេ។
លោកថ្លែងថា៖ «វាមិនទាន់មានហានិភ័យអ្វីទេ អត្រា ឥណទានសងយឺតនៅមានកម្រិតទាប វាមិនទាន់មកដល់ពេលនេះ»។ តាមលោក ចាន់នី អត្រាសងត្រឡប់យឺតរបស់អតិថិជននៅក្នុងវិស័យធនាគារកាលពីឆ្នាំមុនមានប្រមាណតែ ២ ភាគរយប៉ុណ្ណោះ។
ប្រជាជនកម្ពុជាប្រហែល ១,១៤ លាននាក់បានដាក់ពាក្យសុំឥណទានប្រើប្រាស់គិតត្រឹមចុងខែ មីនា ឆ្នាំ ២០១៩ កើន ៥,៣ ភាគរយ ធៀបនឹងចុងខែធ្នូ ដែលមានទំហំឥណទានរហូតដល់ ៦,៧ ពាន់លានដុល្លារ កើនឡើង ៧,៤ ភាគរយ ។ នេះបើតាមរបាយការណ៍ការិយាល័យឥណទានកម្ពុជា។
របាយការណ៍ NBC ឆ្នាំ ២០១៨ បង្ហាញថា ការផ្តល់កម្ចីក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជារួមបញ្ចូលគ្នាទាំងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើង ១៩ ភាគរយ ដល់ ២៤,៥ ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ ២០១៨ ក្នុងនោះកម្ចីពីគ្រឹះស្ថានធនាគារមានចំនួន ១៩,៤ ពាន់លានដុល្លារ កើន ២០ ភាគរយ ធៀបនឹងចុងឆ្នាំ ២០១៧ ខណៈកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនសរុប ៥,៤ ពាន់លានដុល្លារ៕LA