The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិស័យ​​ធានា​រ៉ាប់រង​កសិកម្ម​ ត្រូវ​ការ​ពេល​បន្ថែម

វិស័យ​​ធានា​រ៉ាប់រង​កសិកម្ម​ ត្រូវ​ការ​ពេល​បន្ថែម

Content image - Phnom Penh Post
កសិករ​កំពុង​យក​ការុង​ត្រង​ស្រូវ​ចេញ​ពី​ម៉ាស៊ីន​បោក​ស្រូវ​ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប កាល​ពី​ពេល​ថ្មីៗ​នេះ។ ហុង មិនា

វិស័យ​​ធានា​រ៉ាប់រង​កសិកម្ម​ ត្រូវ​ការ​ពេល​បន្ថែម

ភ្នំពេញៈ ដំណើរ​នៃ​ការ​ឆ្ពោះ​ទៅ​រក​ការ​​អនុវត្ត​គោល​នយោបាយ​ធានា​រ៉ាប់​រង​កសិកម្ម​ពេញ​លេញ​របស់​ប្រទេស​ កម្ពុជា ដើម្បី​ជួយ​ទៅ​ដល់​កសិករ​ដាំដុះ​ស្រូវ​ដែល​ប្រឈម​ហានិភ័យ​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត ហាក់​ដូច​ជា​ត្រូវ​ការ​​ពេល​​យូរ​ទៀត ខណៈ​ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ជា​ថ្មី​ម្ដង​ទៀត​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ ត្រូវ​​ពង្រីក​គំនិត​ផ្ដួច​ផ្ដើម​នានា​​សម្រាប់​គម្រោង​​​នេះ​។​

កង្វះ​ការ​យល់​ដឹង​​​នៅ​ក្នុង​ចំណោម​កសិករ ក៏​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​សម្រាប់​គម្រោង​នេះ​ផង​ដែរ​។ នេះ​បើ​តាម​អ្នក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​។​

ទី​ភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​​​​អាល្លឺម៉ង់​នៅ​កម្ពុជា (GIZ Cambodia) ជួយ​រៀបចំ​សិក្ខា​សាលា​កាល​ពី​សប្ដាហ៍​មុន ដើម្បី​បង្កើន​ការ​យល់ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ធានា​រ៉ាប់រង​កសិកម្ម ក្នុង​ចំណោម​​កសិករ​កម្ពុជា និង​ភាគី​​ពាក់​ព័ន្ធ​។​

លោក Gunter Riethmacher នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ GIZ Cambodia បាន​ឲ្យ​ដឹង​ថា គម្រោង​​ធានា​រ៉ាប់រង​កសិកម្ម គឺ​ជា​ជម្រក​​​ការពារ​មួយ​​សម្រាប់​កសិករ ដែល​ការពារ​ពួក​គាត់​តាម​រយៈ​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បំផ្លាញ​ដី​ស្រែ​​ពួក​គាត់​​​ដោយ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​។​

លោក​មាន​ប្រសាសន៍​ថា​៖ «​ដោយ​មាន​ការ​ការពារ​នេះ កសិករ​អាច​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​រហ័ស និង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​​​បង្កើន​ការ​ដាំដុះ​របស់​ពួក​គាត់​ [បន្ទាប់​ពី​ត្រូវ​បាន​បំផ្លាញ​] ខិតខំ​កាន់​តែ​ខ្លាំង​សម្រាប់​​ផលិតកម្ម​ប្រកប​ដោយ​គុណភាព វិនិយោគ​នៅ​លើ​ផ្ទៃ​ដី​កសិកម្ម ហើយ​ដូច្នេះ​នឹង​បង្កើន​ផលិត​ភាព​»។ លោក​បន្ថែម​ទៀត​ថា គោល​នយោបាយ​នេះ​អាច​ត្រូវ​បាន​ផ្ដល់​​តាម​រយៈ​រាជ​រដ្ឋាភិបាល ឬ​វិស័យ​ធានា​រ៉ាប់​រង​​ឯកជន​។​

អង្គការ GIZ Cambodia រួម​ជា​មួយ​​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រហូត​ដល់​ពេល​នេះ​រក​ឃើញ​ថា ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ។ នេះ​បើ​យោង​តាម​លោក Gunter Riethmacher។​

យោង​តាម​សេចក្តី​រាយការណ៍​នា​ពេល​​កន្លង​មក​​​​របស់​កាសែត​​​​ភ្នំពេញ​ប៉ុស្ដិ៍​ ទឹក​ជំនន់​កាល​ពី​ឆ្នាំ​ ២០១៣ បាន​​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​ខាត​បង់​​ប្រហែល ៣៥៦ លាន​ដុល្លារ​។​

កន្លង​មក អង្គការ​មជ្ឈមណ្ឌល​​សិក្សា និង​ការ​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CEDAC បាន​អនុវត្ត​គម្រោង​សាកល្បង​​រយៈ​​ពេល ២ ឆ្នាំ​​មួយ ​ហៅ​ថា គម្រោង​ការ​​ធានា​រ៉ាប់រង​កសិកម្ម​ខ្នាត​តូច​កម្ពុជា (CAMAIS)​ ដែល​ផ្ដល់​នូវ​ការ​ធានា​រ៉ាប់​រង​ខ្នាតតូច ដើម្បី​ជួយ​ដល់​កសិករ​ដាំដុះ​ស្រូវ​។​

លោក​ស្រី សាយ សុភ័ក្ត្រា អតីត​ប្រធាន​គម្រោង CAMAIS បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ត្រូវ​ការ​មូលនិធិ​ច្រើន ខណៈ​ដែល​​ការ​យល់​ដឹង​អំពី​ការ​ធានា​រ៉ាប់រង​កសិកម្ម​សម្រាប់​កសិករ​នៅ​តែ​មាន​កម្រិត និង​ត្រូវ​ការ​ពេល​វេលា​​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​។​

លោក​ស្រី​ថ្លែង​ថា​៖ «​យើង​មិន​មាន​មូលនិធិ​ច្រើន​​ដើម្បី​បន្ត​ដំណើរការ​នោះ​ទេ តម្លៃ​ប្រតិបត្តិ​ការ​មាន​​កាន់​តែ​ខ្ពស់ ហើយ​វា​ត្រូវ​ការ​រយៈពេល​យ៉ាង​ហោច​ណាស់ ៥ ឆ្នាំ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​»​។​

លោក​ស្រី​បន្ត​ថា​៖ «​យើង​បាន​រក​ឃើញ​ថា ៧០ ភាគរយ​នៃ​កសិករ​បាន​បង្ហាញ​បំណង​ចង់​​​បន្ត​ការ​ចូល​រួម​ជា​មួយ​​​គម្រោង​នេះ។ ពួក​គេ​មាន​ការ​យល់​ដឹង​កាន់​តែ​​ច្រើន​អំពី​អត្ថប្រយោជន៍​ [របស់​គម្រោង​]»។​

កសិករ​ដាំដុះ​ស្រូវ​​ដែល​ចូល​រួម​​​​ក្នុង​គម្រោង​​នេះ​បង់​ថ្លៃ​ធានា​រ៉ាប់រង​នៅ​ពេល​ចាប់​ផ្ដើម​រដូវ​ដាំដុះ ដោយ​ផ្អែក​តាម​ទំហំ​ដី​ស្រែ​​​របស់​ពួក​គេ ប្រភេទ​ស្រូវ​​ដែល​ដាំ​ដុះ និង​ឧបករណ៍​បច្ចេក​ទេស​ដែល​ត្រូវ​ប្រើប្រាស់​។​

ជា​ថ្នូរ​មក​វិញ ពួក​គេ​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​អំពី​បច្ចេកទេស​កសិកម្ម និង​ទទួល​ប្រាក់​ធានា​រ៉ាប់រង បើ​សិន​​ដំណាំ​របស់​ពួក​គេ​រង​ការ​ខូចខាត​ដោយ​សារ​ទឹក​ជំនន់ ឬ​ភាព​រាំងស្ងួត​។ ក្នុង​អំឡុង​រយៈ​ពេល​ ២ ឆ្នាំ​នៃ​គម្រោង​នេះ ដែល​បាន​ដំណើរ​ការ​នៅ​ឆមាស​ទី ២ ឆ្នាំ ២០១៥ កសិករ​ចំនួន​ ៤៨ នាក់​ នៅ​ក្នុង​ចំណោម​សមាជិក​សរុប​ ១៥៧ នាក់​ ទទួល​បាន​ប្រាក់​សំណង​ធានា​រ៉ាប់រង។​

គម្រោង​រយៈ​ពេល ២ ​ឆ្នាំ​នេះ​ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​មាន​មូលនិធិ ៩៦ ០០០ ដុល្លារ ដែល​ផ្តល់​ដោយ​អង្គការ Foundation Achmea មាន​មូលដ្ឋាន​នៅ​ប្រទេស​ ​ហូឡង់ ដែល​​ត្រូវ​បាន​​អនុវត្ត​នៅ​ក្នុង​ស្រុក​​ ៩ ក្នុង​ខេត្ត ៣ គឺ​ខេត្ត​​ កំពង់ឆ្នាំង តាកែវ និង​ខេត្ត​ កំពង់ស្ពឺ។​

លោក យក់ ចំរើនរិទ្ធិ នាយក​គ្រប់គ្រង​​ក្រុមហ៊ុន Forte Insurance (Cambodia) Plc ដែល​កំពុង​ដំណើរ​ការ​​​គម្រោង​សាក​ល្បង​មួយ​​លើ​ការ​ធានា​រ៉ាប់​រង​កសិកម្ម​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​​​នោះ បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​​ផែន​ការ​នេះ មាន​សារៈ​សំខាន់​សម្រាប់​​កសិកម្ម ​បញ្ហា​ប្រឈម​នៅ​តែ​មាន​។​

លោក​ថ្លែង​ថា៖ «​ខណៈ​ដែល​យើង​សិក្សា​​រួច​ហើយ​ និង​បាន​ព្យាយាម​ជា​មួយ​នឹង​គម្រោង​សាក​ល្បង​នៃ​ការ​ធានា​រ៉ាប់រង​កសិកម្ម​នេះ ​រហូត​មក​ដល់​​ពេល​នេះ លទ្ធផល​មាន​ភាព​យឺត​យ៉ាវ​បន្តិច​ និង​ពិបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ ខណៈ​ដែល​យើង​បាន​កត់​​សម្គាល់​ថា វា​ខ្វះ​ភាគី​ពាក់​ព័ន្ធ និង​ការ​យល់​ដឹង​អំពី​ការ​ធានា​រ៉ាប់រង​កសិកម្ម​ពី​កសិករ ព្រម​ទាំង​ការ​គាំទ្រ​ពី​​រដ្ឋាភិបាល​ផង​ដែរ​»។​

លោក​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក ការ​ធានា​រ៉ាប់រង​​កសិកម្ម​សាក​ល្បង​របស់​​ក្រុមហ៊ុន Forte ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន ២០០ គ្រួសារ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង​កំពង់ធំ ដែល​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណាំ​ស្រូវ​។​

លោក​​​បន្ថែម​ថា រហូត​មក​ដល់​ពេល​​នេះ ក្រុមហ៊ុន​មិន​ទទួល​បាន​​ចំណេញ​ពី​គម្រោង​នេះ​ទេ ដោយ​ប្រមូល​បុព្វលាភ​ធានា​រ៉ាប់​​រង​បាន​តែ ៥ ២០០ ​ដុល្លារ​​​ប៉ុណ្ណោះ ប៉ុន្តែ​បង់​សំណង​ឲ្យ​កសិករ​វិញ​ប្រហែល ៧ ០០០ដុល្លារ។

លោក ចំរើនរិទ្ធិ បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធានា​រ៉ាប់រង​​​កសិកម្ម វិស័យ​នេះ​ចាំ​បាច់​ត្រូវ​ឧបត្ថម្ភ​ធន​ដោយ​រដ្ឋាភិបាល​។​

លោក​ថ្លែង​ថា៖​ «​ការ​អនុវត្ត​​​ការ​ធានា​រ៉ាប់រង​​កសិកម្ម​ដោយ​ជោគជ័យ​នៅ​តែ​ត្រូវ​ការ​ពេល។ យើង​​ចាំ​បាច់​ត្រូវ​បង្កើត​ក្របខ័ណ្ឌ​ការងារ សិក្សា​ពី​ការ​ចំណាយ ព្រមទាំង​​គោរពតាម​គោល​នយោបាយ​ និង​ច្បាប់​របស់​រដ្ឋាភិបាល​»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «វា​ត្រូវ​ការ​​ពេល​វេលា​យ៉ាង​ហោច​ណាស់​​ពី​ ៣ ​​ទៅ​ ៥ ឆ្នាំ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​ការ​ធានា​រ៉ាប់រង​​​កសិកម្ម​នេះ»​។​

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ខាង​កសិកម្ម ពាណិជ្ជករ និង​ក្រុមហ៊ុន​កែច្នៃ ទទួល​អត្ថ​ប្រយោជន៍​ពី​គម្រោង​ធានារ៉ាប់រង​​កសិកម្ម​នេះ តាម​រយៈ​ការ​រួម​​បញ្ចូល​​គម្រោង​នេះ​​ជា​មួយ​សេវា​របស់​ពួកគេ ដូច​ជា​គម្រោង​​​ធ្វើ​​កសិកម្ម​តាម​កិច្ច​សន្យា​ជា​ដើម។

លោក​បាន​អះអាង​​​ថា៖ «​ការ​លើក​កម្ពស់​ពាណិជ្ជករ និង​ការ​បញ្ចូល​ការ​ធានា​រ៉ាប់រង​កសិកម្ម​ទៅ​ក្នុង​គម្រោង​​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា នឹង​ធានា​បាន​​នូវ​បរិមាណ និង​គុណ​ភាព​នៃ​វត្ថុ​ធាតុ​ដើម»​។​

លោក ម៉ម អំណត់ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា គម្រោង​​​ធានា​រ៉ាប់​រង​​កសិកម្ម ស្ថិត​​ក្នុង​គោល​​នយោបាយ​របស់​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​​កម្ពុជា​​។ ប៉ុន្តែ​​លោក​បញ្ជាក់​ថា គោល​នយោបាយ​នេះ​ត្រូវ​ការ​ពេល​វេលា។​

លោក​មាន​ប្រសាសន៍​ថា​៖​ «​គម្រោង​​ធានា​រ៉ាប់រង​​កសិកម្ម ក៏​ស្ថិត​ក្នុង​គោល​បំណង​របស់​​រាជ​រដ្ឋាភិបាល​ដើម្បី​បង្កើត​​ឲ្យ​ចេញ​ជា​រូប​រាង​ផង​ដែរ។ យើង​ចាំ​បាច់​ត្រូវ​សិក្សា និង​បង្កើត​​ក្រប​ខ័ណ្ឌ​ការងារ​»។ លោក​បន្ត​ថា​៖ «ជំហាន​ដំបូង ចាំបាច់​​ត្រូវ​ចោទ​សួរ​ថា​ តើ​អ្វី​ជា​​បញ្ហា​ប្រឈម និង​ថាតើ​ត្រូវ​កសាង​ទំនុក​​ចិត្ត​យ៉ាង​ដូច​ម្តេច​សម្រាប់​ប្រជា​កសិករ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍