
សូត្រដែលគេដាក់តាំងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសូត្រខ្មែ រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា កម្ពុជានឹងទទួលបានឱកាសនៃការវិនិយោគលើវិស័យផលិតសូត្រ ខណៈចិនដែលជាប្រទេសផ្គត់ផ្គង់សូត្រដ៏សំខាន់មួយ កំពុងធ្លាក់ចុះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសូត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីម្សិលមិញ លោក ម៉ី កល្យាណ បានឲ្យដឹងថា ទោះបីកម្ពុជាជាប្រទេសមានប្រវត្តិផលិត និងប្រើប្រាស់ផលិតផលពីសរសៃសូត្រជាយូរយារណាស់មកហើយក្ដី ក៏វិស័យនេះហាក់មិនបានរីកនោះទេ។
លោកថ្លែងថា៖ «ប្រទេស ចិន ត្រូវគេដឹងថា ជាអ្នកផ្គត់ផ្គង់ផលិតផលពីសូត្រ ប្រមាណជិត ៨០ ភាគរយ នៃផលិតកម្មសកលលោក។ [ពេលនេះ] ការផលិតនៅប្រទេស ចិន កំពុងមាននិន្នាការថយចុះជាបន្តបន្ទាប់ ហើយដោយសារការចិញ្ចឹម និងផលិតសរសៃសូត្រអាចធ្វើនៅកម្ពុជាបាន ដូច្នេះនេះជាឱកាសមួយសម្រាប់កម្ពុជា»។
យោងតាមរបាយការណ៍យុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ ២០១៦-២០២០ ការផលិតសរសៃសូត្រនៅកម្ពុជាមានបរិមាណត្រឹមតែ ១ ភាគរយប៉ុណ្ណោះ នៃតម្រូវការប្រើប្រាស់សរុបក្នុងស្រុក ខណៈការនាំចូលមានបរិមាណរហូតដល់ ៩៩ ភាគរយដែលស្មើនឹងជាង ៤០០ តោន ក្នុង ១ ឆ្នាំ។
លោក កល្យាណ បានពន្យល់ថា ដើម្បីអាចប្រមូលផលសូត្របានចំនួន ៤០០ តោន គេត្រូវការដាំដុះដើមមនឲ្យបាន ៤ ម៉ឺនហិកតា ខណៈបច្ចុប្បន្នផ្ទៃដីដាំដុះដើមមននៅកម្ពុជានាពេលនេះមានប្រហែលជិត ១០០ ហិកតាប៉ុណ្ណោះ។ លោក បានអះអាងថា៖ «យើងរំពឹងថាផ្ទៃដីដាំដុះដើមមននៅដំណាច់ឆ្នាំ ២០១៩ នេះនឹងកើនឡើង ២០០ ហិកតា ហើយនឹងកើនឡើងជាបន្តបន្ទាប់ទៅទៀត»។ បើតាមលោក កល្យាណ ការវិនិយោគលើសរសៃសូត្រ នឹងមិនមានបញ្ហាប្រឈមនឹងរឿងពន្ធ ឬទីផ្សារដូចអង្ករទេ។
លោកស្រី ស្រី ច័ន្ទសោភា តំណាងក្រុមសូត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា ជាមួយនឹងការរៀបចំឲ្យមានមជ្ឈមណ្ឌលស្រាវជ្រាវនេះ គេសង្ឃឹមថានឹងមានប្រជាកសិករជាច្រើនងាកមកវិនិយោគលើការដាំដុះ និងផលិតសរសៃសូត្រ។ លោកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ផលិតផលធ្វើពីសរសៃសូត្រក្នុងស្រុក នឹងកាន់តែរីកចម្រើន និងមានទីផ្សារល្អ»។
បើតាមលោកស្រី ច័ន្ទសោភា បច្ចុប្បន្នសូត្រមាសមានតម្លៃចន្លោះពី ៧០-៨០ ដុល្លារ ក្នុង ១ គីឡូក្រាម ចំណែកសូត្រលេខ ២ អាចមានតម្លៃពី ៣០-៤០ ដុល្លារ។
លោកស្រី ចេន សុភាព ស្ថាបនិក និងជាប្រធានសមាគមកីតម្បាញខ្មែរ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីពេលថ្មីៗនេះថា ខណៈដែលផលិតផលពីសរសៃសូត្រខ្មែរស្ទើរតែត្រូវគេបំភ្លេចចោល បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ផលិតផលពីសូត្រខ្មែរហាក់កំពុងកើនឡើងវិញ៕ LA