ភ្នំពេញៈ ជា​យូរ​មក​ហើយ​ដែល​វិស័យ​សូត្រ​របស់​កម្ពុជា​ស្ទើរ​តែ​ផុត​ជីវិត​រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​វា​ត្រូវ​បាន​​គេ​ទុកចោល​មិន​អភិវឌ្ឍ ហើយ​មាន​តែ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​បន្ត​កិច្ចការ​ដាំដុះ​មក​សម្រាប់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ជា​លទ្ធផល​កម្ពុជា​បាន​នាំ​ចូល​សូត្រ​យ៉ាង​ហោច​ណាស់​ ៤០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​តម្លៃ​ ៣០ ​លាន​ដុល្លារ​។

ដោយ​មើលឃើញ​ពី​ហានិភ័យ​ចំពោះ​វិស័យ​នេះ​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតកម្ម​សូត្រ​ត្រូវ​បាន​បង្កើតឡើង​ដោយ​មណ្ឌល​ស្រាវជ្រាវ​សូត្រ​កម្ពុជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។ គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ដោយ​លោក​បណ្ឌិត ម៉ី កល្យាណ​ក្រោយ​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល RUPP​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ លោក ហ៊ គីមសាយ បាន​ជួប​ជាមួយ​លោក ម៉ី កល្យាណ ដើម្បី​ស្វែងយល់​ពី​តួនាទី​គម្រោង​នេះ​ក្នុង​ការកែលម្អ​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​កម្ពុជា​។

តើ​ស្ថានភាព​ផលិតកម្ម​សូត្រ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្តេច​ដែរ​?

សព្វ​ថ្ងៃនេះ​យើង​មាន​ផលិតផល​សម្រេច​ធ្វើ​ពី​សូត្រ តែ​យើង​មិន​មាន​ខ្សែ​ចង្វាក់​ផលិតកម្ម​ពេញលេញ​ទេ​។ កិច្ចការ​ភាគច្រើន​គ្រាន់តែ​ត្បាញ និង​ជ្រលក់​ពណ៌​។ យើង​មាន​កសិករ​ចិញ្ចឹម​ដង្កូវនាង និង​ដាំ​មន តែ​យើង​ធ្វើ​តាម​ទម្លាប់​ពី​ដូនតា​យើង ដោយ​មិន​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ បន្សុទ្ធពូជ តាម​បច្ចេកទេស​ត្រឹមត្រូវ​ទេ ដែល​ធ្វើឲ្យ​សរសៃ​សូត្រ​មិន​មាន​គុណភាព​ល្អ ឬ​មាន​ផលិតភាព​ទាប​។ ឧទាហរណ៍​ថា យើង​ចិញ្ចឹម​ដង្កូវនាង ១០០ អត្រា​ស្លាប់​មាន​រហូត​ដល់​ទៅ ៨០ ភាគរយ​ទៅ​ហើយ​។

តើ​ការផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​នេះ​ឡើង​នៅ RUPP មាន​គោល​​បំណង​អ្វី ហើយ​មាន​សារៈសំខាន់​យ៉ាង​ដូច​ម្តេច​?

គោលបំណង​របស់​យើង​ដែល​រួម​មាន​សាស្ត្រាចារ្យ និង​​និស្សិត គឺ​ចង់​ឲ្យ​មាន​ផលិតផល​សម្រេច​ដែល​ធ្វើ​ចេញ​ពី​សូត្រ​នៅ​កម្ពុជា​។ យើង​ចង់​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រកប​ដោយ​វិជ្ជាជីវៈ​សម្រាប់​កសិករ​ក្នុង​វិស័យ​សូត្រ​នេះ ដោយ​សាកលវិទ្យាល័យ​នឹង​ក្លាយ​ជា​ទីតាំង​សម្រាប់​ការស្រាវជ្រាវ ផ្គត់ផ្គង់​ដង្កូវនាង​ដែល​មាន​ពូជ​ល្អ សុខភាព​ល្អ អាច​ផលិត​សរសៃ​សូត្រ​ដែល​មាន​ផលិតភាព​ខ្ពស់​។ យើង​ជា​អ្នកសម្រប​សម្រួល​កិច្ចការ​ផ្សេងៗ​នៅ​សហគមន៍​កសិករ​។ ឧទាហរណ៍​ក្នុង​ករណី​ដង្កូវ​មាន​ជំងឺ ក្រុម​ការងារ​របស់​សាកលវិទ្យាល័យ​នឹង​ជួយ​សិក្សា និង​ស្វែងរក​ដំណោះស្រាយ​។

អ្វី​ជា​ភាព​ពិសេស​នៃ​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សូត្រ​ចេញ​ពី RUPP នេះ​?

ខ្ញុំ​គិត​ថា​យើង​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ សម្រាប់​ការងារ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​នេះ​។ ចេញ​ពី​សាកល​វិទ្យាល័យ យើង​មាន​ការ​ចូលរួម​ពី​មហាវិទ្យាល័យ​វិស្វកម្ម​ដែល​ជា​អ្នក​រចនា​ប្លង់​មជ្ឈមណ្ឌល​សូត្រ ប្លង់​មន្ទីរពិសោធន៍​ដែល​ស្រប​តាម​ស្តង់ដារ​។ យើង​មាន​ការ​ចូលរួម​ពី​មហាវិទ្យាល័យ​ជីវវិទ្យា​ដែល​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​សម្រិត​សម្រាំង​ជ្រើសរើស​ពូជ និង​បន្សុទ្ធ​ពូជ​ដង្កូវនាង និង​ដើម​មន​។ យើង​ទទួល​ការចូលរួម​ពី​ខាង​វិស្វកម្ម​ជីវសាស្ត្រ​ដែល​មាន​ជំនាញ​សិក្សា​ផលិតផល​នានា​ដែល​អាច​ចម្រាញ់​ចេញ​ពី​ប្រូតេអ៊ីន​របស់​ដង្កូវនាង ដូចជា​សាប៊ូ និង​ផលិតផល​កែ​សម្រស់​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

យើង​មាន​មហាវិទ្យាល័យ​អភិវឌ្ឍន៍​សហគមន៍ ដែល​ផ្សារភ្ជាប់​ពី​មជ្ឈមណ្ឌល​ទៅ​សហគមន៍​ដែល​ជា​កសិករ​ចិញ្ចឹម​ដង្កូវនាង និង​ដាំ​មន​។ យើង​មាន​ក្រុម​ទីផ្សារ​ដែល​ភ្ជាប់​សហគមន៍​ដែល​ផលិត​បាន​សូត្រ​ហើយ​ទៅកាន់​ទីផ្សារ​។ អ៊ីចឹង​យើង​មើល​ខ្សែចង្វាក់​ផលិតកម្ម​ទាំងអស់​ហ្នឹង ដែល​យើង​គិត​ថា​ជា​រឿង​ត្រូវ​ធ្វើ និង​ធ្វើ​ឲ្យ​បាន​ដាច់​ខាត​។

តើ​ផលិតកម្ម​សូត្រ​ដែល​ពេញលេញ​មាន​អត្ថប្រយោជន៍​ដូចម្តេច​ខ្លះ​ដល់​សេដ្ឋកិច្ច​?

វា​ជា​ចំណូល​បន្ថែម​សម្រាប់​កសិករ​។ តាម​ការសិក្សា កសិករ​អាច​រកប្រាក់​ចំណូល​ពី​ការចិញ្ចឹម​ដង្កូវនាង និង​ដាំ​សូត្រ​នេះ​បើ​ប្រៀបធៀប​នឹង​ដំណាំ​ស្រូវ​។ ក្នុង​មួយ​ហិកតា ការដាំ​​មន និង​ដង្កូវនាង កសិករ​អាច​ធ្វើ​បាន​យ៉ាង​តិច​ ៥ ​ដង​ក្នុង​មួយ​ឆ្នាំ​អាច​ទទួល​បាន​ចំណូល​ប្រហែល ៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ សូត្រ​ មិនមែន​គ្រាន់​តែ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច តែ​ក៏​ជា​ការជួយ​លើក​តម្កើង​ដល់​វប្បធម៌​។ ជួយ​លើកកម្ពស់​សមភាព​យេនឌ័រ និង​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​។ សម្បុក​ដង្កូវនាង មិនមែន​សម្រាប់​តែ​​សរសៃ​សូត្រ​ទេ តែ​អាច​កែច្នៃ​ផលិតផល​ផ្សេងៗ​ផង​ដែរ​។ ដើម​មន​ក៏​អាច​ធ្វើ​ជា​តែ ដំណាប់ និង​ផលិតផល​កែច្នៃ​ផ្សេងៗ​។

តើ​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សូត្រ​ដូចជា​ការ​សាងសង់​មណ្ឌល​ស្រាវជ្រាវ និង​ការបង្កើត​សហគមន៍​អ្នក​ចិញ្ចឹម​ដង្កូវនាង​មាន​ការវិវឌ្ឍ​យ៉ាង​ណា​?

យើង​ចាប់ផ្តើម​សាងសង់​មជ្ឈមណ្ឌល​ពិសោធន៍​មួយ​ហើយ​ដោយ​ថ្មីៗ​នេះ​យើង​ទទួល​បាន​ជំនួយ​ពី​ជប៉ុន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៩០ ៨៣៤ ដុល្លារ​។

ទឹកប្រាក់​ដែល​នៅ​សេសសល់​ជា​ការ​ចំណាយ​របស់ RUPP​។ យើង​មាន​ការដាំ​ដើម​មន​លើ​ផ្ទៃដី ១១ ហិកតា​នៅ​ខេត្ត​កំពង់ស្ពឺ និង​មាន​រោង​សម្រាប់​ចិញ្ចឹម​ដង្កូវនាង​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ​។ យើង​នឹង​មាន​សរសៃ​សូត្រ​ដំបូង​ចេញ​ពី​គម្រោង​នេះ​ពី​ខេត្ត​កំពង់ស្ពឺ​អំឡុង​ខែ​មិថុនា ឬ កក្កដា​ខាង​មុខ​។ យើង​នឹង​ព្យាយាម​ពង្រីក​ទៅ​ខេត្ត​គោលដៅ​ផ្សេងៗ​ទៀត​។

លោក​រំពឹង​ថា​ពេល​ណា​ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​ធ្វើឲ្យ​មាន​ចង្វាក់​ផលិតកម្ម​សូត្រ​ពេញលេញ​ដោយ​ខ្លួនឯង​?

យើង​ត្រូវការ​សរសៃសូត្រ​ប្រមាណ ៤០០ តោន​ក្នុង​មួយ​ឆ្នាំ​ដូច្នេះ​យើង​ត្រូវការ​ចម្ការមន​យ៉ាង​ហោច​ណាស់ ៥ ០០០ ហិកតា​។ អ៊ីចឹង​មាន​ន័យ​ថា យើង​ត្រូវ​រង់ចាំ​រហូត​ដល់​កសិករ​ចាប់​អារម្មណ៍​ច្រើន ហើយ​មាន​ផ្ទៃដី​ដាំដុះ​មន​សម្រាប់​ចិញ្ចឹម​ដង្កូវនាង​ដល់​យ៉ាង​ហោច​ណាស់ ៥ ពាន់​ហិកតា​សិន​។ អ្វី​ដែល​យើង​ដឹង​គឺ​ថា ប្រទេស​ផលិត​សូត្រ​ដូចជា ជប៉ុន កូរ៉េ គេ​លែង​ធ្វើ​យូរ​ដែរ​ហើយ​។

ប្រទេស​ចិន និង​ ថៃ​ ជាដើម​ក៏​លែង​ធ្វើ​សូត្រ​ដែរ ហើយ​ងាក​ទៅ​រក​ផលិតកម្ម​ផ្សេង​ដែល​ចំណេញ​ច្រើន​ជាង​ដោយសារ​ថ្លៃ​ពលកម្ម​កាន់​តែ​ខ្ពស់​។ វា​ជា​ឱកាស​សម្រាប់​ខ្មែរ​យើង ដែល​ត្រូវ​ធ្វើ​ឧស្សាហកម្ម​នេះ​ឲ្យ​បាន ព្រោះ​យើង​នៅ​មាន​ថ្លៃ​ផលិតកម្ម​ទាប​៕