
លោក ហុង លីមតុង អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន CBMS Trading Co., Ltd។ ហ៊ឹន ពីសី
ភ្នំពេញៈ កំណើននៃការសាងសង់អគារខុនដូ អគារពាណិជ្ជកម្ម និងលំនៅឋានបានធ្វើឲ្យតម្រូវការសម្ភារសំណង់ ទាំងការនាំចូល និងផលិតផលក្នុងស្រុកមានការកើនឡើងផងដែរ ពិសេសសម្ភារប្រណីតៗដែលបាននាំចូលពីប្រទេសអឺរ៉ុប និងអាមេរិក។ កម្ពុជាក៏នាំចូលនូវផលិតផលដែលមានតម្លៃទាបពីប្រទេស ចិន វៀតណាម និងថៃ ផងដែរ។
លោក ហុង លីមតុង អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ CBMS Trading Co., Ltd កាលពីសប្តាហ៍មុន បានផ្តល់បទសម្ភាសឲ្យអ្នកយកព័ត៌មានកាសែតភ្នំពេញ ប៉ុស្តិ៍ អំពីដំណើរវិវឌ្ឍនៃកំណើនតម្រូវការប្រើប្រាស់សម្ភារសំណង់ ដែលមានគុណភាពខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន។
តើក្រុមហ៊ុនរបស់លោក ចាប់យកទីផ្សារកម្រិតណាក្នុងវិស័យសំណង់?
ក្រុមហ៊ុន CBMS Trading Co., Ltd បានបើកដំណើរការក្នុងឆ្នាំ ២០១៥ ដោយចាប់យកចំណែកទីផ្សារសម្ភារសំណង់ដែលមានគុណភាពខ្ពស់។ ការលក់របស់ក្រុមហ៊ុនមានកំណើនជាង ៥០ ភាគរយ ជារៀងរាល់ឆ្នាំ។ កន្លងមកមានគម្រោងធំៗមួយចំនួនក៏បានជ្រើសរើសយកសម្ភាររបស់យើងដែរ ទៅបំពាក់ក្នុងអគាររបស់ពួកគេផងដែរ ដូចជា Exchange Square, Vattanac Tower និង Aeon 2 ជាដើម។
បច្ចុប្បន្នក្រុមហ៊ុន CBMS Trading Co., Ltd ទទួលបានសិទ្ធិស្របច្បាប់ក្នុងការនាំចូលផ្តាច់មុខមកកម្ពុជា នូវផលិតផលមួយចំនួនដូចជា HILTI, Pergo, Ligman, IMER និង Rinnai ជាដើម។ សម្ភារទាំងនោះមានប្រភពមកពីប្រទេស ស្វ៊ីស បែលហ្ស៊ិក អ៊ីតាលី និងជប៉ុនជាដើម។
តើនិន្នាការប្រើប្រាស់សម្ភារសំណង់មានគុណភាពខ្ពស់នៅកម្ពុជាមានការវិវឌ្ឍបែបណា?
ការនិយមប្រើប្រាស់សម្ភារ ដែលមានគុណភាពខ្ពស់ក្នុងវិស័យសំណង់នៅកម្ពុជា បើធៀបនឹងទសវត្សរ៍មុនៗ គឺកំពុងមានការវិវឌ្ឍទៅមុខយ៉ាងលឿន ដោយកាលពីមុនអ្នកប្រើប្រាស់តែងស្វែងរកសម្ភារណាដែលមានតម្លៃថោក ទោះបីដឹងថា សម្ភារទាំងនោះមិនអាចប្រើបានយូរ និងមិនសូវមានសុវត្ថិភាពក៏ដោយ។ បទពិសោធ បានធ្វើឲ្យពួកគេដឹងថា ការប្រើប្រាស់សម្ភារដែលមានគុណភាពទាប និងតម្លៃថោក មិនអាចទទួលបាននូវការពេញចិត្តដូចផលិតផលមានគុណភាពខ្ពស់ និងតម្លៃថ្លៃឡើយ។
ចាប់ពីឆ្នាំ ២០១៥ រហូតមកទល់ពេលនេះ ខ្ញុំអាចនិយាយថា និន្នាការនិយមប្រើប្រាស់សម្ភារសំណង់មានគុណភាពទាបកំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់សម្ភារដែលមានគុណភាពមធ្យម ឬខ្ពស់ជាបន្តបន្ទាប់។ កំណើននៃតម្រូវការប្រើប្រាស់សម្ភារសំណង់មានគុណភាពខ្ពស់ ពឹងផ្អែកលើការរីកចម្រើននៃវិស័យសំណង់ជាចាំបាច់។
តើអ្នកមានទស្សនៈយ៉ាងម៉េចដែរ ចំពោះវិស័យសំណង់នៅកម្ពុជាបច្ចុប្បន្ន?
វិស័យសំណង់នាពេលនេះបើធៀបនឹងរយៈពេល ៥-៦ ឆ្នាំមុន គឺមានការខុសប្លែកគ្នាយ៉ាងខ្លាំង ពិសេសក្នុងរយៈពេលប្រមាណ ២ ឆ្នាំចុងក្រោយនេះ។ ការមកដល់ដ៏ច្រើននៃចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន បានធ្វើឲ្យសំណង់ធំៗកើតឡើងព្រោងព្រាត ពិសេសក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់នៅតាមបណ្តោយព្រំដែនមួយចំនួន។ កំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងភាពរឹងមាំផ្នែកនយោបាយការបរទេស គឺជាកម្លាំងដ៏សំខាន់នៅក្នុងការជំរុញឲ្យវិស័យសំណង់ មានសម្ទុះខ្លាំងនាពេលនេះ។
តើអ្វីជាបញ្ហាប្រឈម នៅក្នុងទីផ្សារនេះ?
ត្រង់ចំណុចនេះយើងពិតជាជួបនឹងបញ្ហាទីផ្សារខ្លះៗ ដោយសារសម្ភាររបស់យើងមានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់ បើធៀបជាមួយនឹងផលិតផលដូចគ្នាដែលនាំចូលមកពី ប្រទេសជិតខាង។ ប៉ុន្តែរយៈពេល ២ ឆ្នាំចុងក្រោយនេះអតិថិជនយើងមានការកើនឡើងជាច្រើន ដោយសារតែពួកគាត់យល់ច្បាស់ពីផលចំណេញពីការប្រើប្រាស់ផលិតផលរបស់យើង និងប្រាប់បន្តទៅអតិថិជនថ្មីៗទៀត។ ខ្ញុំចង់និយាយថា តាមពិតទៅការប្រើប្រាស់ផលិតផលដែលមានគុណភាពទាប មិនអាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលផលចំណេញផ្នែកថវិកា ពេលវេលា សុខភាព និងសុវត្ថិភាពទេ។
តើក្រុមហ៊ុនអ្នកមានផែនការចង់ពង្រីកបន្ថែមដែរ ឬទេ?
មកដល់ពេលនេះ ក្រុមហ៊ុនមានទីស្នាក់ការចំនួន ២ ទីតាំងក្នុងរាជធានីភ្នំពេញ និងមានបុគ្គលិកជាង ៥០ នាក់ ព្រមទាំងមានបណ្តាញចែកចាយផលិតផលបន្តនៅពេញផ្ទៃប្រទេស។
នៅពេលខាងមុខ ដោយសារតម្រូវការសម្ភារសំណង់កំពុងមានតម្រូវការខ្ពស់ខ្លាំងនៅខេត្តព្រះសីហនុនោះ ក្រុមហ៊ុនអាចនឹងបើកសាខារបស់ខ្លួនបន្ថែមទៀតនៅទីនោះ។ គោលដៅខាងមុខរបស់ក្រុមហ៊ុន គឺអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាមជ្ឈមណ្ឌលដែលផ្គត់ផ្គង់សម្ភារសំណង់គុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា។
ខ្ញុំគិតថា ដោយសារសេដ្ឋកិច្ចប្រទេស កម្ពុជា នឹងមានកំណើនយូរជាបន្តទៀតនោះ ដូច្នេះតម្រូវការផលិតផលដែលមានគុណភាពខ្ពស់នឹងកើនឡើងកាន់តែច្រើននាពេលខាងមុខ៕LA