ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​កម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំង​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយសារ​តែ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩​ ដែល​បង្កឲ្យ​មាន​ការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​នូវ​សេដ្ឋកិច្ច​ពិភពលោក ខណៈ​រដ្ឋាភិបាល​បាន​អះអាងថា​សេដ្ឋកិច្ច​របស់ខ្លួន​នឹង​ធ្លាក់ចុះ​អវិជ្ជមាន​ «-១,៩»​ ​ភាគរយ​ក្នុង​ឆ្នាំ​នេះ​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លើកឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ថា ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ មក ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​ជួបប្រទះ​នឹង​វិបត្តិ​សុខាភិបាល​ដែល​អាច​នាំ​ទៅ​រក​វិបតិ្ត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ​ ២០០៨-២០០៩​។

លោក​បន្ថែមថា កម្ពុជា​ពិតណាស់​មិនអាច​គេចផុត​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​កើត​ចេញពី​វិបត្តិ​នេះឡើយ ដោយ​វិស័យ​ចម្បងៗ​ដូចជា ទេសចរណ៍ ការនាំចេញ និង​ការវិនិយោគ​កំពុង​ធ្លាក់ចុះ​ខ្លាំង​។

លោក​អះអាង​ថា​៖ «​ថ្វីដ្បិត​តែ​កំណើន​នៃ​វិស័យ​ខាង​ក្រៅ​ធ្លាក់​ចុះ កំណើន​វិស័យ​កសិកម្ម​បាន​កើនឡើង​បន្តិច ហើយ​វិស័យ​ហិរញ្ញវត្ថុ​ទទួល​បាន​កំណើន​វិជ្ជមាន​ផងដែរ ទោះ​ជា​មាន​កម្រិត​ទាប​»​។

បើ​យោង​តាម​របាយការណ៍​របស់ NBC វិស័យ​ទេសចរណ៍​បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​ធ្លាក់ចុះ​រហូតដល់​ «-៥៥» ​ភាគរយ​ដោយ​ឆ្នាំមុន​កើន​ ១១,២ ភាគរយ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។

ភ្ញៀវទេសចរ​ចិន​ដែល​ឈរ​លំដាប់​ទី​ ១ ​នៃ​ភ្ញៀវទេសចរ​សរុប​មាន​សមាមាត្រ ២២,៧ ភាគរយ​គិត​ត្រឹម​ ៤ ​ខែ​ដើមឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រមាណ -៧១,៤ ភាគរយ​។ សម្រាប់​វិស័យ​កម្មន្តសាល ផលិតផល​សរុប​ដែល​សម្រេចបាន​ក្នុង​វិស័យនេះ​ត្រូវប៉ាន់​ស្មានថា​ធ្លាក់ចុះ​«-១១» ភាគរយ​ដែល​ជា​ចម្បង​ដោយសារ​ការរអាក់រអួល​នៃ​ការ​នាំចូល​វត្ថុធាតុដើម​​ និង​ការថយចុះ​នៃ​តម្រូវការ​ខាងក្រៅ​។

ផលិតផល​ឧស្សាហកម្ម​សម្រាប់​នាំចេញ​បាន​ធ្លាក់ចុះ​«-១២,៥» ​ភាគរយ (​ក្នុងនោះ​ការនាំចេញ​សម្លៀកបំពាក់​ធ្លាក់ចុះ​ «-១០» ​ភាគរយ ស្បែកជើង​កើនឡើង​ ២ ​ភាគរយ​ និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​កើន​ ៨ ​ភាគរយ​) ខណៈ​ផលិតផល​ឧស្សាហកម្ម​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​បាន​កើនឡើង​ ១៣,២ ភាគរយ​ដោយសារ​ការកើនឡើង​នៃ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។

កំណើន​វិស័យ​សំណង់​មាន​និន្នាការ​ថយចុះ ដោយសារ​ការថយចុះ​នៃ​តម្រូវការ​លំនៅឋាន និង​ការបញ្ចប់​គម្រោង​សាងសង់​មួយចំនួន​នាពេល​កន្លងមក​គួបផ្សំ​នឹង​ភាពរអាក់រអួល​នៃ​ការ​នាំចូល សម្ភារ​ និង​បរិក្ខារ​សំណង់​ដែល​ធ្លាក់ចុះ​ប្រមាណ​ «-១៤» ​ភាគរយ​។ ប៉ុន្តែ​សំណង់​សាធារណៈ​ដូចជា ស្ពាន ថ្នល់ ជាពិសេស ផ្លូវ​ល្បឿន​លឿន​នៅ​មាន​សកម្មភាព​។

ដោយសារ​ការថមថយ​គ្រោះធម្មជាតិ​គួបផ្សំ​នឹង​ការកើនឡើង​ផ្ទៃដី​ដាំដុះ​វិស័យ​កសិកម្ម​កើនឡើង​ 0,2 ភាគរយ ដោយ​ទិន្នផល​ស្រូវ​កើនឡើង​ ២១,៧ ភាគរយ ហើយ​បរិមាណ​ផល​កៅស៊ូ​បាន​កើនឡើង​ ៩,២ ​ភាគរយ​។ ផល​នេសាទ​ទឹកសាប​ និង​សមុទ្រ​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​បន្តិច ខណៈ​វារីវប្បកម្ម​បាន​បន្ត​កើនឡើង​តាមរយៈ​ការចិញ្ចឹម​ត្រី និង បង្គារ​។

យោងតាម​លោក ជា ចាន់តូ រហូត​ត្រឹម​ចុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ នៅ​មិនទាន់​បង្ហាញ​សញ្ញា​ថមថយ​នៅឡើយ​ទេ ដែល​បញ្ហា​នេះ​បន្តធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​ភាពមិន​ច្បាស់លាស់​ខ្លាំង បន្ថែម​លើ​បញ្ហា​ប្រឈម​ដែល​បាននិង​កំពុង​កើតមាន​ដូចជា ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច​ធំ​ទាំងពីរ គឺ​សហរដ្ឋអាមេរិក​ និង​ចិន និង​ភាព​តានតឹង​ក្នុង​ភូមិសាស្ត្រ​នយោបាយ​។​ល​។

«​ក្នុង​បរិការណ៍​នេះ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ប្រឈម​នឹង​ហានិភ័យ​ខាងក្រៅ​ដែល​មាន​ភាពមិន​ប្រាកដប្រជា​ខ្ពស់​»៕