ភ្នំពេញៈ ទោះបីប្រទេសជាច្រើននៅជុំវិញពិភពលោក និងតំបន់រួមទាំងកម្ពុជាកំពុងប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ ១៩ វិស័យហិរញ្ញវត្ថុនៅតែដើរតួនាទីដ៏សំខាន់ក្នុងការបញ្ចេញមូលនិធិកាន់តែច្រើនទៅក្នុងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យអាជីវកម្មនៅបន្តសកម្មភាពជាប្រក្រតី។
ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទោះបីមិនទាន់បញ្ចប់ក្តី ប៉ុន្តែវាស្ថិតក្រោមការគ្រប់គ្រង ហើយរដ្ឋាភិបាលក៏ចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយការប្រុងប្រយ័ត្ន តាមរយៈការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបានច្រើន។
លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា (ABC) បានផ្ដល់បទសម្ភាសតាមអនឡាញជាមួយលោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៅកាសែតភ្នំពេញប៉ុស្ដិ៍ ដោយពិភាក្សាអំពីតួនាទីវិស័យហិរញ្ញវត្ថុក្នុងអំឡុងពេលវិបត្តិសុខភាពពិភពលោកនេះ។
តើគ្រឹះស្ថានហិរញ្ញវត្ថុ (FIs) បានជួយអ្វីខ្លះដល់អតិថិជនចាប់តាំងពីការបិទខ្ទប់រហូតមកដល់ពេលនេះ?
គិតត្រឹមចុងខែកុម្ភៈ ជំងឺកូវីដ ១៩ បានចាប់ផ្ដើមរីករាលដាលក្នុងប្រទេសកម្ពុជា និងបានប៉ះពាល់ខ្លាំងលើគ្រប់ទិដ្ឋភាពនៅក្នុងប្រទេសកម្ពុជា។ ស្ថានការណ៍នេះបានបង្កការពិបាកខ្លាំង ពិសេសអ្នកនៅក្នុងតំបន់បិទខ្ទប់។ ពិតហើយ សេដ្ឋកិច្ចកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងសមាជិក ABC ទាំងអស់មិនមានភាពស៊ាំទៅនឹងផលប៉ះពាល់ដ៏ខ្លាំងទាំងនោះទេ។ ធនាគារ និង MFI ទាំងអស់បានផ្តល់ការអនុគ្រោះដល់ អតិថិជន របស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ដោយអនុញ្ញាតឲ្យអតិថិជនធ្វើឥណទានរៀបចំឡើងវិញ ដែល មានទំហំទឹកប្រាក់ប្រមាណ ៤,៥ ពាន់លានដុល្លារគិតត្រឹមខែមីនា ឆ្នាំ ២០២១។
យើងក៏សង្កេតឃើញថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគាំទ្រដល់វិស័យទាំងអស់ និងបន្ធូរបន្ថយភាពតានតឹងលើប្រជាជន ព្រមទាំងគ្រឹះស្ថានរបស់យើងផងដែរ។
ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃ ជំងឺកូវីដ ១៩ នេះ សមាជិក ABC ក៏បានបង្ហាញសាមគ្គីភាពគ្នាយ៉ាងខ្លាំង គឺមិនត្រឹមតែការចែករំលែកផែនការសកម្មភាព និងការគាំទ្រទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរិច្ចាគទាំងហិរញ្ញវត្ថុមួយចំនួន ព្រមទាំងស្បៀងអាហារដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លើសពីនេះទៀត ABC និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា សមាគមទាំងពីរ បានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការជួយសម្រួលដល់កម្មវិធីចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកជួរមុខទាំងអស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ការណ៍នេះនឹងជួយធានាឱ្យប្រាកដថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុយើងអាចប្រតិបត្តិការ និងផ្ដល់សេវាកម្មរបស់ខ្លួនដល់អតិថិជន និងសេដ្ឋកិច្ចជាធម្មតា។ ពិតហើយការណ៍នេះក៏នឹងធានាឱ្យប្រាកដថា អតិថិជនមានសុវត្ថិភាពរាល់ពេលមកទទួលសេវាកម្មធនាគារនៅតាមសាខាដោយផ្ទាល់នឹងមិនមានហានិភ័យឆ្លងជំងឺកូវីដ ១៩ ។
តើវិធានការណាខ្លះដែលឧស្សាហកម្មនេះអនុវត្ត ដើម្បីជួយសម្រាលបន្ទុកអតិថិជន ក្នុងអំឡុងវិបត្តិសុខភាពនេះ?
កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមេសា ABC និង CMA បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ ដើម្បីគាំទ្របន្ថែមដល់រាជរដ្ឋាភិបាល និងអតិថិជន ដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩ មានដូចជា ទី១. សម្រាប់អតិថិជនដែលមានវិជ្ជមានជំងឺកូវីដ ១៩ នឹងត្រូវលើកលែងការបង់ការប្រាក់រយៈពេល ២ ខែ លើកលែងការផាកពិន័យទាំងអស់ ផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (បើអតិថិជនយល់ព្រម) ដែលរួមទាំងការផ្អាកការសងអត្រាការប្រាក់ និងប្រាក់ដើមរយៈពេល ៣ ខែ។
អតិថិជនទាំងអស់ ដែលធ្វើរោគវិនិច្ឆ័យមានឆ្លងជំងឺកូវីដ ១៩ នឹងបង្ហាញតេស្ដវិជ្ជមានដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ ទី២. សម្រាប់អតិថិជនកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័កទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (បើអតិថិជនយល់ព្រម) ដែលរួមទាំងការផ្អាកទាំងការសងប្រាក់ការ និងប្រាក់ដើមរយៈពេល ៣ ខែ ហើយរាល់ការផាកពិន័យទាំងអស់ត្រូវបានលើកលែង។ ទី៣. FIs ត្រូវបន្តផ្ដល់ និងជួយសម្រួលការរៀបចំឥណទានឡើងវិញទាន់ពេលវេលាសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩។
ទី៤. FIs ត្រូវបានផ្ដល់ការរៀបចំឥណទានឡើងវិញ ឬការខ្ចីប្រាក់បន្ថែមជាបន្ទាន់ជាមួយនឹងការបន្ធូរបន្ថយពេលវេលា និងលក្ខខណ្ឌ រួមជាមួយនឹងអត្រាការប្រាក់កាន់តែទាប ដើម្បីគាំទ្រ និងស្ដារអាជីវកម្មលក្ខណៈគ្រួសារឡើងវិញក្នុងអំឡុងពេល និងក្រោយពេលវិបត្តិជំងឺកូវីដ ១៩។ ទី៥.FIsត្រូវត្រៀមការរៀបចំឥណទានឡើងវិញ និងលើកលែងរាល់ការផាកពិន័យទាំងអស់សម្រាប់ម្ចាស់ផ្ទះលើកដំបូង និងទី៦. FIs ត្រូវផ្ដល់ភាពអនុគ្រោះដល់អតិថិជន ដែលបានស្លាប់ ដោយសារជំងឺកូវីដ ១៩។
បច្ចុប្បន្នការផ្ទុះរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតក្រោមការគ្រប់គ្រងបាន ខណៈរដ្ឋាភិបាលក៏ចាប់ផ្ដើមបើកសេដ្ឋកិច្ចឡើងវិញដែរ តើលោកមានផែនការផ្តួចផ្ដើមអ្វីខ្លះដែរ ក្នុងការបញ្ចេញប្រាក់កម្ចីបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច?
ធនាគារភាគច្រើនបានបម្រុងទុកសន្ទនីយភាពដើម្បីបង្កើនការផ្ដល់កម្ចី និងផ្ដល់ចំពោះការស្នើសុំកម្ចីថ្មី។ ធនាគារភាគច្រើនមានអត្រាអាចសងបំណុលជាង ២ ដងអប្បបរមានៃបទប្បញ្ញត្តិ។ អត្រាអាចសងបំណុលបានបង្ហាញពីសន្ទនីយភាពគ្រឹះស្ថានហិរញ្ញវត្ថុ។ នៅកម្ពុជា ធនាគារជាច្រើនមានមូលដ្ឋានដើមទុនល្អប្រសើរ។
យើងឃើញថា រដ្ឋាភិបាលពិសេសធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញការគាំទ្រដ៏ធំក្នុងការធានាឱ្យប្រាកដថា ធនាគារមានសន្ទនីយភាព ដើម្បីបញ្ចេញមូលនិធិចាំបាច់ទៅក្នុងសេដ្ឋកិច្ច និងអ្នកខ្ចីក្នុងករណីចាំបាច់។
ធនាគារជាតិនៃកម្ពុជាក៏បានផ្ដល់ការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនវិស័យផ្សេងៗផងដែរ។ លើសពីនេះទៀត កាលពីខែមីនាក្រសួងសេដ្ឋកិច្ច បានដាក់ចេញផែនការធានាការស្ទុះងើបឡើងវិញផ្នែកធុរកិច្ច (BRGS) ដែលមានទឹកប្រាក់ ២០០ លានដុល្លារ ក្នុងគោលបំណងដើម្បីគាំទ្រដល់អាជីវកម្មក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ។
BRGS ត្រូវបានបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មដែលរួមទាំងអាជីវកម្មតូចៗ សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពដល់ពួកគេក្នុងការទទួលបានកម្ចីផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមសម្រាប់ទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បេសកកម្មដ៏សំខាន់របស់គម្រោងនេះនឹងផ្ដល់ការធានាឥណទានចំពោះគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមគាំទ្រ និងជួយអាជីវកម្មដែលខ្វះទ្រព្យធានានៅពេលដាក់ពាក្យសុំកម្ចី៕ LA