ភ្នំពេញៈ បើទោះបី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ កំពុង​ប៉ះពាល់​ដល់​វិស័យ​សំខាន់ៗ​ជាច្រើន​ធ្វើឱ្យ​ថមថយ​កំណើនសេដ្ឋកិច្ច​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​នៅតែ​រក្សាបាន​កំណើន​ល្អប្រសើរ​ទាក់ទង​នឹង​កម្ចី និង​ប្រាក់​បញ្ញើ​។

យោង​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទ្រព្យសកម្ម​សរុប​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន ១៥,៧ ​ភាគរយ ​ដោយ​សម្រេច​បាន​ចំនួន ៥៩,៤ ​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ ខណៈ​ដែល​ឥណទាន​អតិថិជន​ក្នុង​វិស័យនេះ​បាន​កើន​ ១៤,៨ ​ភាគរយ ​សម្រេច​បាន ៣៧,៣ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​បាន​កើនឡើង​ ១៥,៤ ​ភាគរយ ​មាន​ចំនួន ៣៣,៨ ​ពាន់​លាន​ដុល្លារ​។

លោក ជា ចាន់តូ ទេសាភិបាល NBC បាន​ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ នៅ​អគារ​ NBC ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង​ក្នុង​រយ:ពេល​ជាង ២ ​ទសវត្សរ៍​ចុងក្រោយ ដែល​ជា​ចម្បង​ដោយសារ​ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់​។

លោក​បន្តថា ទោះជា​យ៉ាងណា កម្ពុជា​នៅតែ​អាច​សម្រេច​បាន​នូវ​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ជា​លំដាប់ និង​មាន​កម្រិត​ខ្ពស់ជាង ៣ ​ដង​នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​។

លោក​ថ្លែងថា​៖ «​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ វិស័យ​ធនាគារ​មាន​ស្ថិរភាព​រឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​មកលើ​អាជីវកម្ម និង​ប្រជា​ជនក្រីក្រ​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​»​។

លោក​បន្តថា ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី ក៏​នឹង​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់ថា ជារួម​ក្នុង​រយៈពេល​ ៣ ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០២០ ឥណទាន​បាន​កើនឡើង ៨,២១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែល​បានចង្អុល​បង្ហាញ​ការថមថយ​ល្បឿន​នៃ​ទីផ្សារ​។

លោក​បន្តថា​៖ «​យើង​ដឹងថា ឥណទាន​ពិត​បាន​កើតឡើង​ក្នុង​អំឡុង​ពី​ខែមីនា ដល់​ខែមិថុនា​។ ឧទាហរណ៍​ចាប់ពី​ខែ​មេសា-កញ្ញា ចុង​ត្រីមាស​ទី​ ៣ ការបញ្ចេញ​កម្ចី​កើន​ជាង​ ៩០ ​ភាគរយ​»​។

អនុប្រធាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ លោក សាយ សូនី បាន​ឱ្យដឹងថា គិត​ត្រឹម​ខែធ្នូ ផលបត្រ​កម្ចី​របស់​ប្រាសាក់​កើនឡើង​ប្រហែល ២១,១៧ ភាគរយ ពី​ ២ ៥០១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ដល់ ៣ ០៣០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ និង​កំណើន​ប្រាក់​បញ្ញើ​ប្រហែល​ ១៥,២៥ ​ភាគរយ​ពី ១ ៧៨៨ ​លាន​ដុល្លារ​ ទៅដល់ ២ ០៦១ ​លាន​ដុល្លារ និង​កំណើន​ទ្រព្យសកម្ម​សរុប​ប្រហែល ១៦,៩៥ ​ភាគរយ​ពី ៣ ១១០ ដល់ ៣ ៦៣៧ លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​មោទនភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ល្អ​ប្រសើរ ដោយសារ​តែ​លក្ខណៈ​វិជ្ជាជីវៈ​របស់​យើង​ពោរពេញ​ដោយ​បទពិសោធ ដែល​អាច​គ្រប់គ្រង​ប្រតិបត្តិការ​នៅក្នុង​គ្រា​លំបាក​បាន​»​។

លោក​បន្តថា​៖ «​យើង​អាច​សម្រេច​បាន​ប្រតិបត្តិការ​ដ៏ល្អប្រសើរ​នេះ ដោយសារ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​និយតករ ជាពិសេស​ពី NBC ក្រុម​គ្រប់គ្រង​ដ៏រឹងមាំ អ្នក​ខ្ចីប្រាក់​គោរព​វិន័យ​ឥណទាន​ខ្ពស់ និង​ទំនុកចិត្ត​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​»៕ LA